អាជ្ញាធររាជធានីភ្នំពេញប្រកាសឲ្យប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវមួយចំនួនដែលក្បួនដង្ហែព្រះបរមសរីរិកធាតុត្រូវធ្វើដំណើរឆ្លងកាត់យកទៅតម្កល់ទុកនៅភ្នំឧត្តុងវិញ។
ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបង្ហាញថា ការដង្ហែព្រះបរមសរីរិកធាតុរបស់ព្រះពុទ្ធទៅកាន់ភ្នំឧត្តុងនៅថ្ងៃទី២០ ខែឧសភា ដែលត្រូវនឹងបុណ្យវិសាខបូជានេះ គឺក្បួនដង្ហែចេញពីព្រះបរមរជវាំងត្រូវឆ្លងកាត់ផ្លូវនរោត្តម ផ្លូវអង្គដួង ផ្លូវមុនីវង្ស ឡើងទៅស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម ទៅកាន់ភ្នំឧត្តុង។
សាលារាជធានីបានបញ្ជាឲ្យក្រុមហ៊ុនត្រូវកាត់ខ្សែកាបរបស់ខ្លួនចេញពីលើផ្លូវដែលក្បួនត្រូវឆ្លងកាត់ ហើយអ្នកធ្វើអាជីវកម្មតាមដងផ្លូវត្រូវរៀបចំសណ្តាប់ធ្នាប់។
សូមបញ្ជាក់ថា កោដ្ឋមាស ដាក់សរីរិកធាតុរបស់ព្រះពុទ្ធនៅលើភ្នំឧត្តុងត្រូវបានចោរលួចកាលពីយប់រំលងអាធ្រាត្រថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ បន្ទាប់មកអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យមួយចំនួនបញ្ចួនទៅតុលាការកាត់ទោសនិងដកហូតវត្ថុមានតម្លៃទាំងនោះមកវិញ៕