ស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងគាំទ្រទៅលើវិស័យសិល្បៈនិងវប្បធម៌នូវទឹកប្រាក់១លានដុល្លារអាមេរិក តាមរយៈអង្គការសិល្បៈខ្មែរអមតៈ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា ដែលផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញានេះ បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងគាំទ្រដែលមានទឹកប្រាក់១លានដុល្លារតាមរយៈអង្គការសិល្បៈខ្មែរអមតៈនេះ មានរយៈពេល៣ឆ្នាំ ក្នុងគោលបំណងគាំទ្រដល់សិល្បករស្វែងយល់ពីសក្ដានុពលនៃការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈសិល្បៈនៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្កើត ចែករំលែក និងពិភាក្សារឿងរ៉ាវ និងទស្សនៈចម្រុះផ្សេងៗ ជុំវិញបរិបទសង្គម នយោបាយ និងវប្បធម៌តាមរយៈការបង្ហាញនូវវប្បធម៌និងសិល្បៈផ្សេងៗ។
ស្ថាតទូតស៊ុយអែត បន្តថា «សិល្បៈខ្មែរអមតៈ» ជាអង្គការសិល្បៈនិងវប្បធម៌ចម្បងនៅក្នុងប្រទេសកម្ពុជា ដែលជំរុញលើកស្ទួយសិល្បករទោលនិងជាក្រុមលើគ្រប់វិស័យទាំងអស់ រួមមាន តន្រ្តី របាំ សិល្បៈទស្សនីយ៍ ភាពយន្ត និងអក្សរសិល្ប៍ ហើយអង្គការនេះបានពង្រីកការផ្សព្វផ្សាយនិងឥទ្ធិពលរបស់ខ្លួនយ៉ាងទូលំទូលាយតាមរយៈការតាំងពិព័រណ៍ ការសម្តែង សិក្ខាសាលា និងសន្និបាតជាច្រើន។
គួរបញ្ជាក់ថា អង្គការសិល្បៈខ្មែរអមតៈ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយអតីតជនរងគ្រោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាតន្រ្តីករម្នាក់ លោក អាន ចនផន ហើយក្នុងរយៈពេលមួយទសវត្សរ៍ អង្គការនេះបានផ្ដោតការយកចិត្តទុកដាក់លើពិធីបុណ្យនិងទម្រង់សិល្បៈទស្សនីយភាពនានាដែលកំពុងឈានទៅរកការបាត់បង់៕