សមត្ថកិច្ចខណ្ឌមានជ័យប៉ះទង្គិចជាមួយអ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង

សមត្ថកិច្ចខណ្ឌមានជ័យប៉ះទង្គិចជាមួយអ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង

ប្រជាពលរដ្ឋប្រហែល៧០នាក់ដែលមានជម្លោះដីធ្លីនៅខេត្តកោះកុង ហើយកំពុងស្នាក់នៅវត្តសាមគ្គីរង្សី នៅព្រឹកថ្ងៃពុធនេះបាននាំគ្នាហែយកញត្តិទៅដាក់នៅផ្ទះលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឲ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេដែលអូសបន្លាយជាង១០ឆ្នាំ តែត្រូវអាជ្ញាធររាំងខ្ទប់មិនឲ្យចេញពីវត្តបានឡើយ។

តំណាងប្រជាពលរដ្ឋអ្នកស្រី ផាវ ញ៉ឺង អះអាងថាការប៉ះទង្គិចគ្នានេះបានធ្វើឲ្យពលរដ្ឋមួយចំនួនរងរបួលស្រាល។

អ្នកស្រីបន្ថែមថា៖ “អាជ្ញាធរពុករលួយមួយចំនួន គាត់បានមកធាក់ជើងខ្ញុំឡើងដួសផ្កាប់ផ្ងារ វៃក្បាលខ្ញុំឡើងក្រាបលើដី ហើយបានរុញទៅរុញមក មានអ្នកខ្លះត្រូវរបួសដូចខ្ញុំដែរ ដើរលែងរួចហើយ”។

អ្នកសម្របសម្រួសបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីការដូ លោក អំ សំអាត មានប្រសាសន៍ថា ការរារាំងនិងរុញច្រានរបស់សមត្ថកិច្ចមកលើពលរដ្ឋនេះ ជាការរំលោភសិទ្ឋិពលរដ្ឋ។

លោកស្នើឲ្យអាជ្ញាធរគួរតែយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋជាជាងធ្វើការរារាំងដែលលោកថានាំឲ្យកើតបញ្ហាកាន់តែធំថែមទៀត។

លោកបន្ថែមថា៖ “អាហ្នឹងវាប៉ះពាល់ធ្ងន់ធ្ញរហើយ ពីព្រោះគាត់ (ពលរដ្ឋ)មានសិទ្ធិក្នុងទាមទារ ក្នុងការតវ៉ា ដោយសារតែមិនមានដំណោះស្រាយបានជាពួកគាត់ចង់ទៅដាក់លិខិត ចុះបើយើង(អាជ្ញាធរ)រារាំង យើងរុញច្រាន យើងបង្រ្គាប់អាហ្នឹងជាការរំលោភសិទ្ធិពួកគាត់ធ្ងន់ធ្ងរមួយទៀតក្រៅពីការរំលោភសិទ្ធិដីធ្លីរបស់ពួកគាត់”។

ការប៉ះទង្គិចគ្នានោះត្រូវបានបញ្ឈប់ បន្ទាប់ពីមានការជួយសម្របសម្រួលពីព្រះសង្ឃនៅវត្តសមគ្គីរង្សីនិងអាជ្ញាធរខណ្ឌមានជ័យ ដោយស្នើឲ្យមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់មកជួបពលរដ្ឋនៅក្នុងវត្តដោយផ្ទាល់។

ក្រោយការប៉ះទង្គិចគ្នាប្រមាណជា៣ម៉ោង មន្រ្តីក្រសួងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ លោកទេព ធន បានមកជួបពលរដ្ឋ ដោយស្នើឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញនិងបានសន្យាចុះដោះស្រាយដល់ដីទំនាស់ដោយផ្ទាល់នៅថ្ងៃទី១៨សីហាខាងមុខនេះ។

លោកបន្ថែមថា៖ “ការដោះស្រាយយើងត្រូវតែធ្វើហើយ ព្រោះនេះជាគោលការណ៍រួមទូទាំងប្រទេស ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី គាត់ដាក់ទិសត្រូវតែខិតខំដោះ មិនត្រូវទុកកើតរឿងអញ្ចឹង(ជម្លោះ)ទេ ប៉ុន្តែគ្រាន់ថា លទ្ធិផលបានមកយ៉ាងម៉េច យើងនឹងជួបជាមួយបងៗសហគមន៍ទៀត”។

ក្រោយពីមន្រ្តីក្រសួងប្រកាសថាចុះដោះស្រាយផ្ទាល់ដូច្នេះ ប្រជាពលរដ្ឋអះអាងថាពួកគេនឹងនាំគ្នាត្រឡប់ទៅផ្ទះវិញនៅថ្ងៃព្រហស្សតិ៍ស្អែកនេះ ប៉ុន្តែពលរដ្ឋថាពួកគេនឹងត្រឡប់មកភ្នំពេញវិញ ប្រសិនបើក្រសួងមិនធ្វើតាមការសន្យា។

គួររំលឹកថាប្រជាពលរដ្ឋជាង១០០គ្រួសារនៅស្រុកស្រែអំបិលខេត្តកោះកុង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រនិងកោះកុងផ្លានថេសិន តាំងពីឆ្នាំ២០០៦។

ប្រជាពលរដ្ឋទាំងនោះបានមកកាន់រាជធានីភ្នំពេញតាំងពីសប្តាហ៍មុន ហើយពួកគេស្នាក់នៅក្នុងវត្តសាមគ្គីរង្សីដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នផ្សេងៗទៀត។

ពលរដ្ឋថាការអូសបន្លាយជម្លោះនេះបានធ្វើឲ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ ដោយបាត់បង់មុខរបរ គ្មានដីធ្វើស្រែចំការ កូនៗបាត់បង់ការសិក្សា និងពលរដ្ឋខ្លះត្រូវចំណាក់ស្រុកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ