កម្មកររោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន វីកកូ ក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃអង្គារនេះ ប្រមូលផ្តុំគ្នាតវ៉ាមុខសាលាខេត្តនិងមុខតុលាការ ដោយជំរុញឲ្យស្ថាប័នទាំងពីរជួយដោះស្រាយករណីក្រុមហ៊ុនបិទទ្វារមិនបើកប្រាក់ឈ្នួលជូនពួកគេ។
កម្មករផ្នែកដេរ លោក ទួន ផានិត ប្រាប់វីអូឌីតាមទូរសព្ទថា រោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន វីកកូ បិទទ្វាររយៈពេល៤ខែហើយ ដោយមិនបានទូរទាត់ប្រាក់សំណងស្របតាមច្បាប់ស្តីពីការងារជូនកម្មករនៅឡើយ។
បន្ថែមថាការតវ៉ានៅព្រឹកនេះមានកម្មករប្រមាណជាង១០០នាក់បាននាំគ្នាហែរជាក្បួនទៅសាលាខេត្តនិងតុលាការ ដើម្បីស្នើឲ្យអភិបាលខេត្ត លោក វ៉ី សំណាង ជួយដោះស្រាយនិងជំរុញឲ្យតុលាការពន្លឿនការចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្រ សងកម្មករ។
លោកបន្ថែមថា៖ “ថ្ងៃនេះពួកខ្ញុំ ដើម្បីសុំអន្តរាគមន៍ពីខាងសាលាខេត្តនិងជំរុញឲ្យខាងតុលាការចេញដីកាសម្រេចនិងលក់អីវ៉ាន់ឡៃឡុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកប្រាក់មកបើកឲ្យកម្មករ”។
កម្មករម្នាក់ទៀត លោក ហេង វិចិត្រ ឲ្យដឹងថារោងចក្រនេះបិទមិនបានប្រាប់ពីមូលហេតុដល់កម្មករទេ គ្រាន់ប្រាប់ថាក្រុមហ៊ុនសុំព្យួរការងារមួយរយៈ ហើយបានបិទទ្វារតែម្តងដោយមិនបើកប្រាក់ឈ្មួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករឡើយ។
លោកបន្ថែមថា៖ “ពេលរោងចក្របិទទ្វារ ថៅកែអត់បើកប្រាក់ឲ្យ អញ្ចឹងពួកយើងជួបការលំបាកច្រើនដែរ ចំពោះខ្ញុំវិញ ប្រពន្ធខ្ញុំគាត់មានផ្ទៃពោះ ដល់ពេលសំរាលខ្វះម៉ាចប់តាំងពីទឹកដោះគោកូន ការហូបចុក គ្មានលុយបង់ការធនាគារទៀត”។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថាករណីថៅកែរោងចក្របិទទ្វារត់ចោលកម្មករនេះ បានដល់ដៃតុលាការហើយ តែតុលាការមិនទាន់សម្រេចថាយ៉ាងណាទើបកម្មករមករកខេត្តឲ្យជួយ។
លោកថាក្រោយទទួលលិខិតពីក្រុមកម្មករ លោកនឹងយកលិខិតនោះទៅជជែកជាមួយតុលាការ ដើម្បីសុំពន្លឿនការដោះស្រាយជូនកម្មករ។
លោកបន្ថែមថា៖ “ខ្ញុំយកលិខិតនឹងជំរុញទៅតុលាការឲ្យគាត់ជួយដោះ ប៉ុន្តែទាក់ទងរឿង គឺរឿងតុលាការទេ ព្រោះសុំណុំរឿងនេះដល់ដៃតុលាការហើយ គ្រាន់តែកម្មករហ្នឹង គាត់ចង់ឲ្យខាងអាជ្ញាធរខេត្តជួយអន្តរាគមន៍ទៅស្ថាប័ន”។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ធ្លាប់មានប្រសាសន៍ថាកន្លងមកមានរោងចក្រច្រើនណាស់បានបិទទ្វាររត់ចោលកម្មករ ដោយមិនបានដោះស្រាយប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។
លោក ប៉ាវ ស៊ីណា អះអាងថា បើតាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា ត្រូវតម្កល់ប្រាក់នៅធនាគារជាតិ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគនិងសម្រាប់បើកជូនកម្មករពេលក្រុមហ៊ុនរត់ចោលឬបិទទ្វារ។ ប៉ុន្តែលោកថាកន្លងមកដោយសារតែការអនុវត្តច្បាប់មិនបានល្អធ្វើឲ្យកម្មកររងទុកលំបាក។
បើតាមកម្មកររោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន វីកកូ នៅខេត្តកំពង់ស្ពឺដែលបិទទ្វារនោះមានថៅជាជនជាតិ ចិននិងមានកម្មករសរុប១០៨២នាក់៕