អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ហ៊ួ ឈុនយីង (Hua Chunying) បានលើកឡើងកាលពីថ្ងៃចន្ទកន្លងមកថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនអាចទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននោះទេ ហើយអ្នកស្រី បានចោទប្រកាន់ថា អាមេរិកបានបញ្ឆេះជម្លោះជាមួយទីក្រុងព្យុងយ៉ាង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ Asian Correspondent កាលពីថ្ងៃម្សិលមិញ។
លោកស្រី ហ៊ួ ឈុនយីង ថ្លែងដូច្នេះក្រោយពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អាសហ៍ ខាធ័រ (Ash Carter) មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសចិនដែលជាសម្ពន្ធមិត្តផ្នែកនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើងមានទំនួលខុសត្រូវយ៉ាងសំខាន់ក្នុងរឿងនេះពិសេសថា ចិនអាចកែប្រែស្ថានភាពបច្ចុប្បន្នឲ្យប្រសើរបាន។
ប្រតិកម្មពាក្យសម្ដីរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរបានផ្ទុះឡើង បន្ទាប់ពីការសាកល្បងគ្រាប់បែកនុយក្លេអ៊ែលើកទី៥របស់កូរ៉េខាងជើងកាលពីថ្ងៃទី៩ ខែកញ្ញាកន្លងមកថ្មីៗនេះ។
បើតាម Asian Correspondent អ្នកស្រី ហ៊ួ ឈុនយីង ក៏បានចោទការបាញ់គ្រាប់របស់កូរ៉េខាងជើងថា កើតចេញពីទង្វើរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការដំឡើងប្រព័ន្ធការពារមីស៊ីលនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងថា អាមេរិកគួរជាអ្នកទទួលខុសត្រូវទើបត្រឹមត្រូវ។
យ៉ាងណាក្ដីសេតវិមាននៅតែយល់ថា ចិនដើរតួនាទីសំខាន់ ដើម្បីផ្អាកកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនេះ៕