ក្រុមអង្គការសង្គមស៊ីវិលចំនួន៣១ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស ដីធ្លី និងបរិស្ថាន បានអំពាវនាវរទម្លាប់ចោលបទចោទលើសកម្មជនការពារបរិស្ថាន ជាជនភាគតិច លោក វ៉ែន វន ដោយថា ដើម្បីបានចូលរួមការពារបរិស្ថាន។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៥ ខែកញ្ញ ឆ្នាំ២០១៦ អង្គការលីកាដូ អាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សហគមន៍បឹងកក់ និងអង្គមួយចំនួនទៀតបានស្វាគមន៍ទៅនឹងតុលាការកំពូលដែលបានទម្លាក់បទចោទលើសកម្មជនការពារព្រៃឡង់ចំនួន៩នាក់នាពេលថ្មីៗនេះ ដែលសាលាដំបូងខេត្តកំពង់ធំសម្រេចឲ្យជាប់ទោស១ឆ្នាំពិន័យជាប្រាក់ចំនួន៥លានរៀល កាលពីឆ្នាំ២០១៤នោះ។
ប៉ុន្តែសេចក្តីថ្លែងការណ៍ដដែលនោះ បានបង្ហាញការខកចិត្តទៅនឹងសាលាឧទ្ធរណ៍ ដែលសម្រេចឲ្យសកម្មជនការពារបរិស្ថាននៅខេត្តកោះកុងលោក វ៉ែន វន នៅបន្តមានទោសព្យួដដែល ដោយថាបើទោះបីរដ្ឋាភិបាលនៅថ្មីៗនេះ បានផ្តល់មេដៃលើកទឹកចិត្តដល់សកម្មជនការពារព្រៃឈើ និងអ្នកការពារបរិស្ថានចំនួន១១នាក់ក៏ដោយ។
លោក វ៉ែន វន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ដោយចោទពីបទប្រមូលអនុផលព្រៃឈើខុសច្បាប់ ខណៈសកម្មជនរូបនោះបានប្រើប្រាស់ឈើក្នុងសហគមន៍ធ្វើមជ្ឈមណ្ឌលទេសចរណ៍តូចមួយក្នុងសហគមន៍។
លុះដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ សាលាដំបូងខេត្តកោះកុង បានកាត់ទោសឲ្យលោក វ៉ែន វន ជាប់ពន្ធនាគារ១ឆ្នាំ។ ប៉ុន្តែក្រោយឃុំខ្លួនបាន៥ខែ សាលាដំបូងខេត្តកោះកុង សម្រេចឲ្យលោក វ៉ែន វន បាននៅក្រៅឃុំ ប៉ុន្តែទោសដែលនៅសល់ត្រូវព្យួរ។
ករណីនេះ ជំរុញឲ្យលោក វ៉ែន វន សម្រេចប្តឹងមកសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមព្យួទោសនោះ។
សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ការដែលតុលាការកំពូលទម្លាក់បទចោទលើសកម្មជនព្រៃឡង់ ពួកគេថាជាការសម្រេចមួយផ្តល់យុត្តិធម៌ដល់ពួកគេ ដែលជាសម្មជនការពារព្រៃឈើដ៏សកម្មកន្លងទៅ។
អង្គការទាំងនោះឲ្យដឹងទៀតថា ដើម្បីលើកទឹកចិត្តដល់សកម្មជនការពារព្រៃឈើ និងបរិស្ថាន ដែលមានដើមកំណើតជាជនជាតិដើមភាគតិច លោក វ៉ែន វន សង្គមស៊ីវិលអំពាវនាវឲ្យតុលាការកំពូលគួតែពិចារណាទម្លាប់បទចោទលើលោក វ៉ែន វន បន្តទៀតដែលថាដើម្បីជួយលើកទឹកចិត្តដល់សកម្មជនដែលស្មោះត្រង់ការពារបរិស្ថាន និងព្រៃឈើនេះ៕