ក្រុមមន្ត្រីអាមេរិក នៅថ្ងៃសៅរ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីជាផ្លូវការថា បានបញ្ជាឲ្យវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងបំណងលូកលាន់ក្នុងដំណើរការបោះឆ្នោតអាមេរិកនាពេលខាងមុខ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសមហាអំណាចទាំងពីរ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានបន្តថា ការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ីនេះ បានកើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ជាប់គាំងជុំវិញកិច្ចខិតខំប្រឹងប្រែងបញ្ចប់អំពើហិង្សានៅប្រទេសស៊ីរី ការការពារប្លុកណាតូ និងចំណុចខ្វែងគ្នាដទៃទៀត។
សេចក្ដីប្រកាសព័ត៌មានរួមពីសំណាក់ក្រសួងសន្តិសុខជាតិ និងការិយាល័យនាយកចារកម្មជាតិនេះ គឺជាការចោទប្រកាន់ជាផ្លូវការលើកដំបូងរបស់ក្រុងវ៉ាស៊ីងតោន ប្រឆាំងនឹងក្រុងមូស្គូ នៅក្នុងជម្លោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត បើទោះបីជាក្រុមអ្នកវិភាគជាច្រើន បាននិយាយថា ការវាយប្រហារនោះហាក់ចេញមកពីប្រទេសរុស្ស៊ី។
មន្ត្រីរដ្ឋបាលអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីងតោន នឹងឆ្លើយតបទៅនឹងការវាយប្រហារនេះ ដោយផ្ដល់នូវព័ត៌មានលម្អិត៕