សមត្ថកិច្ច​កម្ពុជា​ចាប់​ផ្ដើម​ពង្រឹង​ការត្រួត​ពិនិត្យ​ដើម្បី​ទប់ស្កាត់​ដំណើរ​វិលត្រឡប់​មេបក្ស​ប្រឆាំង

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានចាប់ផ្ដើមពង្រឹងការត្រួតពិនិត្យនៅតាមបណ្ដាព្រលានយន្តហោះនៅក្នុងស្រុក និងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ដើម្បីទប់ស្កាត់ដំណើរវិលត្រឡប់ចូលកម្ពុជាវិញរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។

នៅក្នុងលិខិតចុះថ្ងៃទី១៨ ខែតុលានេះ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានប្រាប់សមត្ថកិច្ចអន្តោប្រវេសន៍ ពង្រឹងការត្រួតពិនិត្យនៅតាមបណ្ដាច្រកទ្វារអកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ និងច្រកទ្វារអន្តរជាតិនានា ដោយលោកថា ដើម្បីអនុវត្តទៅតាមខ្លឹមសារលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងលិខិតចុះថ្ងៃទី១២ ខែតុលា ដែលបញ្ជាក់ថា យោងតាមទៅតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកញ្ញានោះ លោក តឹករ៉េត សំរេច បានប្រាប់ទៅលោក សុខ ផល ឲ្យអនុវត្តវិធានការ ៤ចំណុច ដើម្បីទប់ស្កាត់ដំណើរវិលត្រឡប់របស់មេដឹកនាំបក្ស លោក សម រង្ស៊ី។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេសនោះ កាលពីថ្ងៃទី១៩ ខែតុលានេះ បានប្រកាសថា លោកនឹងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជានាពេលឆាប់ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ