អ្នកស្រី គ្លីនតុន ប្រឈម​ការ​ស៊ើប​អង្កេត​ពី FBI ឡើង​វិញ​ជុំ​វិញ​អ៊ីម៉ែល​ផ្ទាល់​ខ្លួន

អ្ន​កស្រី ហ៊ីលឡារី គ្លីនតុន ខណៈដែលអ្នកស្រីកំពុងធ្វើយុទ្ធនាការចុងសប្ដាហ៍នេះ(រូបភាពពីបណ្តាញ​AFP)

ការិយាល័យស៊ើបអង្កេតសហព័ន្ធ បានបើកការស៊ើបអង្កេតទៅលើអ៊ីម៉ែលផ្ទាល់ខ្លួនរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន ខណៈដែលអ្នកស្រីកំពុងធ្វើយុទ្ធនាការចុងសប្ដាហ៍នេះ សម្រាប់រយៈពេល ១០ថ្ងៃចុងក្រោយនៃការប្រកួតប្រជែងតំណែងប្រមុខសេតវិមាន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បេក្ខនារីវ័យ ៦៩ឆ្នាំរូបនេះ ដែលកំពុងតែប្រជែងយកតំណែងប្រធានាធិបតីស្ត្រីដំបូងគេរបស់អាមេរិកនោះ នៅតែបន្តនាំមុខលើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សម្រាប់ឆ្ពោះទៅរកការបោះឆ្នោតនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ។

អ្នកស្រី គ្លីនតុន កំពុងនាំមុខយ៉ាងច្បាស់នៅក្នុងការស្ទង់មតិក្នុងចំណោមរដ្ឋចំនួន ៣៤ ដែលសម្រេចថានឹងជ្រើសរើសនរណាជាអ្នកបន្តតំណែងពីប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

ប៉ុន្តែ យុទ្ធនាការរបស់អ្នកស្រី បានរងការគំរាមកំហែងនៅថ្ងៃសៅរ៍នេះ ដោយសារតែការផ្ទុះឡើងវិញនូវរឿងអាស្រូវអ៊ីម៉ែល ដែលបានតាមខាំអ្នកស្រីអំឡុងយុទ្ធនាការបោះឆ្នោតនេះ។ នោះគឺការស៊ើបអង្កេតទៅលើការប្រើប្រាស់អ៊ីម៉ែលឯកជន ខណៈកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។

លោក ត្រាំង បានប្រកាសពីព័ត៌មានដ៏រំភើបនេះថា ភ្នាក់ងារ FBI កំពុងស៊ើបអង្កេតទៅលើក្រុមអ៊ីម៉ែលថ្មីមួយដែលបានផ្ញើទៅគណនីឯកជនរបស់អ្នកស្រី គ្លីនតុន ដើម្បីរកមើលថា តើពួកគេបានទម្លាយព័ត៌មានសម្ងាត់របស់អាមេរិកឬទេ។

ការស៊ើបអង្កេតនេះ ត្រូវបានគេគិតថាចប់ទៅហើយកាលពីខែកក្កដាកន្លងមក នៅពេល FBI បញ្ជាក់ថា គ្មានការចោទប្រកាន់ប្រឆាំងអ្នកស្រី គ្លីនតុន បើទោះបីជា FBI រកឃើញថា អ្នកស្រីធ្វេសប្រហែសក្នុងការប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួន។

ប៉ុន្តែ លិខិតរបស់លោក Jamese Comey នាយក FBI ផ្ញើទៅសមាជិកសភាអាមេរិក ដែលប្រកាសថា ការស៊ើបអង្កេតចាប់ផ្ដើមឡើងវិញនោះ បានធ្វើឲ្យយុទ្ធនាការតក់ស្លុត ហើយរង្គោះរង្គើដល់ទីផ្សារពិភពលោក៕

អ្នកស្រី គ្លីនតុន បានតវ៉ាចំពោះករណីនេះ ដោយទាមទារឲ្យលោក Comey បញ្ចេញព័ត៌មានបន្ថែមទៀតអំពីការស៊ើបអង្កេតនោះ ហើយអ្នកស្រីបានប្រកាសទាំងមានជំនឿចិត្តថា អ្នកបោះឆ្នោត និង FBI នឹងសន្និដ្ឋានថា អ្នកស្រីមិនបានធ្វើអ្វីខុសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ