បញ្ហា​សន្តិសុខ​បំភ័យ ដូណាល់ ត្រាំ ថ្ងៃ​ឃោសនា​ចុង​ក្រោយ

ភ្នាក់ងារសន្តិសុខ ២នាក់ ស្ទុះទៅចាប់ទាញលោក ត្រាំ និងប្រកៀកទៅខាងក្រោយឆាក(រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia)

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារសន្តិសុខជម្លៀសចេញពីឆាកយ៉ាងប្រញាប់ប្រញាល់ នៅឯពិធីជួបជុំមួយនៅទីក្រុង Reno រដ្ឋណេវ៉ាដា នៅល្ងាចថ្ងៃសោរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា) បន្ទាប់ពីទទួលសញ្ញាគំរាមផ្នែកសុវត្ថិភាព ខណៈដែលលោក និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន ធ្វើយុទ្ធនាការឃោសនាថ្ងៃចុងក្រោយសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បានបន្តថា ភ្នាក់ងារសន្តិសុខ ២នាក់ បានស្ទុះទៅចាប់ទាញលោក ត្រាំ និងប្រកៀកលោកទៅខាងក្រោយឆាក ខណៈក្រុមន្ត្រីប៉ូលិសបានស្ទុះទៅសង្គ្រប់លើបុរសស្បែកសម្នាក់ នៅខាងមុខមហាជន និងផ្ដួលជននោះទៅលើដី ហើយឆែកឆេរនៅលើខ្លួនបុរសម្នាក់នោះ។

បន្តិចក្រោយមក បុរសនោះ ត្រូវបានប៉ូលិសបណ្ដើរចេញទៅដោយដាក់ដៃទៅក្រោយ។ លោក ត្រាំ ដែលមើលទៅមិនតក់ស្លុតនោះ បានវិលត្រឡប់ទៅវេទិកាវិញ និងបន្តការថ្លែងសុន្ទរកថារបស់លោក។

Reuters បានផ្សាយបន្តថា ផ្នែកចារកម្មក្រោយមកបាននិយាយថា ហេតុការណ៍នោះបានកើតឡើងនៅពេលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ស្ថិតនៅខាងមុខវេទិកា បានស្រែកថា “កាំភ្លើង”។

ភ្នាក់ងារចារកម្មបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា ភ្នាក់ងារសម្ងាត់ និងប៉ូលិសបានឆែកឆេរនៅទៅនោះយ៉ាងល្អិតល្អន់ ប៉ុន្តែ រកមិនឃើញមានអាវុធនោះឡើយ។

រឿងហេតុនេះ បានកើតឡើងខណៈដែលលោក ត្រាំ និងអ្នកស្រី គ្លីនតុន បានថ្លែងសុន្ទរកថាបិទបញ្ចប់ការទាញហេតុផលរៀងៗខ្លួន ដោយសង្ឃឹមថា នឹងអាចយកឈ្នះពលរដ្ឋដែលមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយ នៅក្នុងនាទីចុងក្រោយ មុនថ្ងៃបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ