សព​អតីត​នាយករដ្ឋ​មន្ត្រី ប៉ែន សុវណ្ណ ត្រូវ​បាន​បូជា​ក្រោម​ភ្លៀង​រលឹម​ស្រិចៗ

ក្រុមគ្រួសារសាច់ញាតិលោក ប៉ែន សុវណ្ណ នៅកម្មវិធីដង្ហែសព និងបូជាសព នាព្រឹកថ្ងៃទី៦ ខែវិច្ឆិការ

សពលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជាដំបូងគេក្រោយរបបខ្មែរក្រហមនោះ ត្រូវបានបូជាហើយនៅព្រឹកថ្ងៃនេះ ខណៈមានភ្លៀងរលឹមជាប់ បន្ទាប់ពីតម្កល់ធ្វើបុណ្យអស់រយៈពេលជាង១សប្ដាហ៍ ទាំងនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញ។

លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី២៩ ខែតុលាកន្លងមកនេះ នៅឯគេហដ្ឋានរបស់លោកនៅខេត្តតាកែវ ក្នុងជន្មាយុ៨០ឆ្នាំ បន្ទាប់ពីលោកតស៊ូនឹងជំងឺដាច់សរសៃរឈាមក្នុងខួរក្បាលចាប់តាំងពីខែមករាឆ្នាំ២០១៥។

សពលោក ប៉ែន សុវណ្ណ ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោកនៅខេត្តតាកែវ មុននឹងដង្ហែមកតម្កល់ធ្វើបុណ្យនៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ។

កាលពីដំបូង គណបក្សសង្គ្រោះជាតិ បានស្នើសុំបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវតី ប៉ុន្តែសាលារាជធានីភ្នំពេញបានបដិសេធ ហើយពិធីបូជាសព ត្រូវបានផ្លាស់ប្ដូរទីតាំងជាបន្តបន្ទាប់ មុននឹងសម្រេចយកវត្តឫស្សីសាញ់ ស្ថិតក្នុងខណ្ឌដង្កោ ដើម្បីបូជាសពអតីតនាយករដ្ឋមន្ត្រីខ្មែររូបនេះ។

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ និងប្រជាពលរដ្ឋរាប់រយនាក់ បានចូលរួមដង្ហែសពលោក ប៉ែន សុវណ្ណ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ បើទោះបីមានភ្លៀងធ្លាក់ជោគជាំក៏ដោយ។ យ៉ាងណាមិញ គេក៏ពុំឃើញវត្តមានលោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង ចូលរួមក្នុងពិធីបុណ្យបូជាសពលោក ប៉ែន សុវណ្ណ នៅឯវត្តឫស្សីសាញ់។

ចំណែកឯមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏អវត្តមាននៅក្នុងពិធីបូជាសពលោក ប៉ែន សុវណ្ណ ផងដែរ ដោយមានតែវត្តមានលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

បើតាមសៀវភៅ «ប៉ែន សុវណ្ណ ជីវប្រវត្តិសង្ខេប និងបុព្វហេតុជាតិមាតុភូមិកម្ពុជា » លោក ប៉ែន សុវណ្ណ ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញគាំទ្រដោយវៀតណាមអំឡុងដើមទសវត្សរ៍ ១៩៨០ ទម្លាក់ចេញពីតំណែង និងចាប់ដាក់ឃុំក្នុងគុកងងឹតនៅទីក្រុងហាណូយ អស់រយៈពេល១០ឆ្នាំ មុននឹងដោះលែងវិញ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

លោក ប៉ែន សុវណ្ណ បានវិលត្រឡប់ចូលឆាកនយោបាយកម្ពុជាវិញនៅឆ្នាំ១៩៩៧ ដោយបានបង្កើតគណបក្សទ្រទ្រង់ជាតិកម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៨ ប៉ុន្តែ គណបក្សលោកពុំបានឈ្នះអាសនៈសភានោះឡើយ។

លោក ប៉ែន សុវណ្ណ គឺជាសមាជិកក្នុងក្រុមស្ថាបនិកនៃគណបក្សសិទ្ធិមនុស្ស ដែលបានផ្តួចផ្ដើមដោយលោក កឹម សុខា នៅឆ្នាំ២០០៧ មុននឹងគណបក្សនេះ ច្របាច់បញ្ចូលគ្នាជាមួយគណបក្ស សម រង្ស៊ី ឲ្យក្លាយទៅជាគណបក្សសង្គ្រោះជាតិនាពេលបច្ចុប្បន្ននេះ។

លោក ប៉ែន សុវណ្ណ បានក្លាយជាតំណារាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ បន្ទាប់គណបក្សប្រឆាំងមួយនេះ បានឈ្នះអាសនៈនៅរដ្ឋសភាចំនួន៥៥កៅអី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ