លោក ហ៊ុន សែន ទម្លាយ​រឿង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ 

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ កាលពីជាង៤០ឆ្នាំមុន ដោយ​សារតែ​អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនោះ មានផែនការក្បត់​បក្ស និង​បាន​សាង​កំហុសជា​ច្រើន​ទៀត រួ​មទាំង​ការច្បាមអំណាចក្នុងជួររដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែងតាមរយៈសារ​ជា​សំឡេង​​កាលពីថ្ងៃ​ម្សិលមិញ​​ថា អ្វី​ដែលលោក ប៉ែន សុវណ្ណ បាននិ​យាយនិងសរសេរក្នុងសៀវភៅពាក់ព័ន្ធនឹងការចាប់ខ្លួនគាត់​កាល​ពី​អំឡុង​ឆ្នាំ​១៩៨១​នោះ ជា​​រឿង​​​ខុស​ស្ទើរ​ទាំង​​អស់។ លោក​បន្តថា លោក ​ប៉ែន សុវណ្ណ និយាយ​ត្រូវតែមួយចំណុច​ប៉ុណ្ណោះ នៅត្រង់ថា​លោក ហ៊ុន សែន ជា​អ្នក​ចុះចាប់ខ្លួនគាត់​​ដល់​​​លើ​​ផ្ទះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ទៀត​ថា​ លោក ប៉ែន សុវណ្ណ បានសាងកំហុសជាច្រើន ទាំង​ក្នុង​ជួរ​បក្សនិង​នៅក្នុងជួររដ្ឋាភិបាល ចាប់តាំងពីលោក ប៉ែន សុវណ្ណ ចូល​មក​ដល់​ទីក្រុង​ភ្នំពេញ ក្រោយ​របប​ខ្មែរក្រហម​​បាន​ដួលរលំ។

បើតាមលោក ហ៊ុន សែន នៅក្នុងជួរបក្ស លោក ប៉ែន សុវណ្ណ បានទាមទារកាន់តំណែងជាប្រធានបក្ស ជាអគ្គលេខាបក្ស និងតំណែងនាយករដ្ឋមន្ត្រី។ ប៉ុន្តែថា ក្រោយពីលោកសម្របសម្រួល លោក ប៉ែន សុ​វណ្ណ ទទួលបានតំណែងជានាយករដ្ឋមន្ត្រី និងអគ្គលេខាបក្ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា ក្នុង​តំណែង​នេះ លោក ប៉ែន សុវណ្ណ បានបញ្ជាកម្លាំង​ឱ្យ​ទៅឆែក​ឆេ​រផ្ទះមេ​ដឹកនាំសំខាន់ៗ ដូចជា លោក ជា ស៊ីម លោក ហេង សំរិន និងប៉ុនប៉ងមក​ឆែកផ្ទះរបស់លោក ជាដើម។

លោក ហ៊ុន សែន ទម្លាយទៀតថា ជាកំហុសរបស់លោក ប៉ែន សុវណ្ណ មួយទៀត គឺអំឡុងកិច្ចប្រជុំមេដឹកនាំកំពូលនៅក្រុងភ្នំពេញ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨១ គឺ​លោក ប៉ែន សុវណ្ណ មានផែនការក្បត់ និង​ចង់ក្រសោប​ការ​គ្រប់គ្រងក្រសួងការពារជាតិមួយទៀត។

លោកថា៖ «ឯរដ្ឋមន្ត្រីក្រសួងការពារជាតិដែលបង ចាន់ ស៊ី កំពុងតែកាន់នេះ គាត់ [ប៉ែន សុវណ្ណ] កាន់ជានាយករដ្ឋមន្ត្រីផង និងកាន់ជារដ្ឋមន្ត្រីការពារជាតិផង។ នេះជាផែនការដែល ប៉ែន សុវណ្ណ បានត្រៀមរៀប​ចំដើម្បីដ​ណ្ដើមយ​កការ​កាន់កាប់កម្លាំងយោធាបន្ថែម»។

លោក ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនោះហើយដែលជំរុញឱ្យការផ្ដួចផ្ដើមគម្រោង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ ដែលថាចេញពីរូបលោក និងមន្ត្រីជាន់ខ្ពស់បក្សមួយរូបទៀត គឺលោក សាយ ប៊ូថង។

លោកថា៖ «បង សាយ ប៊ូថង ប្រាប់ខ្ញុំថា ប៉ែន សុវណ្ណ ក្បត់ហើយ ដូច្នេះយើងមិនអាចទុកបាន​ទេ។ ដូច្នេះ​ ខ្ញុំ​ក៏បានបញ្ជាក់​ថា ពិតប្រាកដណាស់បង មិនអាចទុកទៅទៀតបានទេ យើងត្រូវតែដោះស្រាយប​ញ្ហា​របស់យើង​ហើយ។ ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចបើ ប៉ែន សុវណ្ណ ជាមនុស្សមកពីវៀតណាម អ៊ីចឹងតើយើងយ​កទៅណា? យើងត្រូវតែហ៊ាននិយាយជាមួយវៀតណាម ដើម្បីប្រគល់ទៅឱ្យវៀតណាមជួយ»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោក ប៉ែន សុវណ្ណ ជាមនុស្សស្អប់វៀតណាម បើទោះបីគាត់បានរត់ទៅនៅវៀតណាមតាំងពីអាយុ១៥ឆ្នាំ និងយកប្រពន្ធវៀតណាមក៏ដោយ។

អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ មានស្រុកកំណើតនៅខេត្តតាកែវ តែលោកបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែ​តុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគា​ពាធ ហើយ​​បើគិតមកដល់ពេលនេះ មានរយៈពេលជាង៥ឆ្នាំមកហើយ។

ប៉ុន្តែមុនទទួលមរណភាព លោក ប៉ែន សុវណ្ណ បានត្រលប់មកប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជាវិញ ជាមួយអតីត​​​គណបក្សសង្គ្រោះជាតិ ដោយ​ឈរឈ្មោះ​ជា​​តំណាង​រាស្ត្រនៅមណ្ឌល​កំពង់ស្ពឺ ក្រោយ​ពី​លោកត្រូ​វបានគេចាប់ឃុំខ្លួនដាក់ពន្ធនាគារ​នៅប្រទេសវៀតណាមជិត១០ឆ្នាំ។

យ៉ាងណា អំឡុង​ពេល​ចូលប្រឡូកក្នុងជីវភាពនយោបាយវិញនា​ពេល​នោះ លោក ប៉ែន សុវណ្ណ បានអះ​អាង​ជា​រឿយៗ​ថា ការ​ចាប់ខ្លួន​លោក​បណ្ដាល​​មក​ពី​លោកប្រឆាំងនឹងសមាជិក​បក្សពី​ការទាមទារឱ្យបង្កើតក្រុមការ​ងា​រពិសេសទប់ស្កាត់បញ្ហាអន្តោប្រវេសន៍​ប្រទេសវៀត​ណាម និងបញ្ហាព្រំដែន រួមទាំងផែនការក៥ ដែលលោកគិតថា នោះជាគ្រោះថ្នាក់របស់ជាតិ។

លោកថា៖ «អ្នកប្រឆាំងនឹងខ្ញុំស្រួចស្រាវបំផុត​គឺលោក ហ៊ុន សែន ហ្នឹងឯង! គេថាកុំបង្កើតគណៈកម្មកា​​រ​​ប​​ណ្ដោះអាសន្នព្រំដែន និងអន្តោប្រវេសន៍​ហ្នឹង​ធ្វើអី! ធ្វើអ៊ីចឹងហាក់ដូចយើងជាតិនិយមហួសហេតុ […] គេសំ​ណូមពរ​មក​ខ្ញុំ​ថា បង​កុំមានគំនិតជាតិនិយមចង្អៀតចង្អល់​ពេក ព្រោះវៀតណាមនិង​យើង​ហ្នឹង បើយើ​ង​និយាយ​​គ្នា និយាយផ្ទៃក្នុងទៅ កុំបាច់មានគណៈកម្មការហ្នឹង ពីព្រោះយើងនិងវៀតណាមតែមួយ»។

អ្នកតាមដានសង្គម លោក គឹម សុខ ចាត់​ទុក​សាររបស់មេដឹកនាំនៅពេលនេះថា មិនមា​ន​ទម្ងន់​សម្រាប់​ពិចារណាបែប​ប្រវត្តិសាស្ត្រទេ ដោយថា​ អ្នកពាក់ព័ន្ធមួយចំនួន រួមទាំងលោក ជា ស៊ីម ផង បានស្លាប់​ទៅហើយ​នោះ។

ប៉ុន្តែលោក គឹម សុខ ចាត់ទុកថា សារនេះហាក់បង្ហាញពីគំនុំទៅនឹងលោក ប៉ែន សុវណ្ណ ដែលប្រឆាំងនឹងការដាក់អាណានិគ​​ម​របស់បរទេស​មក​លើ​កម្ពុជា តាមរយៈថ្ងៃ «៧មករា» ទៅវិញទេ។

លោកថា៖ «សារខុសរដូវរបស់លោក ហ៊ុន សែន នេះ គឺ​គាត់​ព្យាយាមបង្កើតព្រឹត្តិការណ៍លេង ដើម្បីបិទបាំង​នូវ​ការ​បរាជ័យ​របស់​គាត់ ឧទាហរណ៍ បរាជ័យក្នុងដំណើរទស្សនកិច្ចទៅភូមា បរាជ័យនៃការដែលមិនអាចកោះប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយក៏ជាការព្យាយាមបិទបាំងការព្រួយបារម្ភជាខ្លាំងបំផុតរបស់​លោក ហ៊ុន សែន អំពីលទ្ធភាពពិបាកទៅចាប់ដៃលោក ចូ បៃដិន ក្នុងកិច្ចប្រជុំអាស៊ាននិងសហរដ្ឋអាមេរិកនៅពេលខាងមុខ»។

យ៉ាងណា នៅក្នុងសារជាសំឡេង​ជិត១ម៉ោងនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា កម្ពុជា​នៅតែដឹងគុណវៀតណាម​ពីការលះបង់រហូតពលីជីវិត ដើម្បីរំដោះពលរដ្ឋកម្ពុជា​ឱ្យផុតពីរប​បខ្មែរ​ក្រហម ហើយ​ថា វៀតណាម​ក៏នៅតែ​អរគុណកម្ពុជាដែ​ល​បានជួយវៀតណាមឱ្យមានលទ្ធភាពបញ្ចប់ជម្លោះជាតិសាសន៍រវាង​វៀតណាម​ខាង​ជើង និងវៀតណាម​ខា​ងត្បូងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ