សមត្ថកិច្ចរារំាងក្រុមមិត្ត១០ធ្នូមិនឲ្យជួបជុំសម្តែងមតិនៅក្បែរវត្តភ្នំ

ក្រុមមិត្ត១០ធ្នូ ពេល​សម្តែង​មតិ​នៅ​ព្រឹក​នេះ​(រូបថត៖វិសាល)

ក្រុមអ្នករៀបចំវេទិកាជួបជុំមិត្ត១០ធ្នូ នៅព្រឹកថ្ងៃសៅរ៍នេះ បានប្តូរទីតំាងជួបជុំគ្នាសម្តែងមតិ ទៅទីលានប្រជាធិបតេយ្យវិញ ខណៈអាជ្ញាធររំាងពួកគេមិនឲ្យជួបជុំគ្នានៅក្បែរវត្តភ្នំនោះទេ ដោយថា ខ្លាចប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រុមមិត្ត១០ធ្នូថា ការរារំាងនេះ ធ្វើឡើងបន្ទាប់ពួកគេដាក់លិខិតបន្តបន្ទាប់ទៅសាលារាជធានីភ្នំពេញ ជាពិសេសថ្ងៃសុក្រម្សិលមិញ ដើម្បីសុំទីតំាងច្រើនកន្លែងនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សមិត្ត១០ធ្នូនេះ ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញបដិសេធមិនឲ្យធ្វើពិធីនេះ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ដែលជាអ្នកដឹកនំាមិត្ត១០ធ្នូ បានប្រាប់វីអូឌីនៅថ្ងៃសៅរិ៍នេះថា សមត្ថកិច្ចរាប់សិបនាក់ ត្រូវបានគេដាក់ពង្រាយចាប់ពីមន្ទីរពេទ្យ ព្រះកេតុមាលា រហូតដល់រមណីយដ្ឋានវត្តភ្នំ ដើម្បីទប់ស្កាត់មិនឲ្យក្រុមមិត្ត១០ធ្នូ ជួបជុំគ្នាសម្តែងមតិនៅម្តុំស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នោះទេ។ លោកថា ករណីនេះ ពួកគេ និងអ្នកចូលរួមប្រមាណជិត១ពាន់នាក់ បានប្តូរចិត្តទៅរៀបចំវេទិកាជួបជុំមិត្ត១០ធ្នូ នៅទីលានប្រជាធិបតេយ្យវិញ ខណៈគម្រោងជួបជុំជាង១ពាន់នាក់។

លោក វន់ ពៅ បានហៅការរារំាងរបស់សមត្ថកិច្ចថា រិតត្បិតសិទ្ធិ សេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំដោយសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ។ លោកថា ការបិទសិទ្ធិសេរីភាពមិនឲ្យពួកគេជួបជុំគ្នានេះ នឹងធ្វើឲ្យរដ្ឋាភិបាលអាប់មុខលើឆាកអន្តរជាតិ។

លោកថា៖ «ខ្ញុំយល់ថា ការចូលរួមប្រារព្ធសិទ្ធិមនុស្ស១០ធ្នូ គឺជាការលើកមុខមាត់រដ្ឋាភិបាលវិញទេ ពីព្រោះដើម្បីបញ្ជាក់ទៅអន្តរជាតិថា ប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្ស ប្រទេសកម្ពុជាមានការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែបើមានការរារំាងបែបនេះគឺជាការខូចមុខមាត់រដ្ឋាភិបាលទៅវីញទេ»

និស្សិតឆ្នាំទី២នៅសាកវិទ្យាល័យឯកជនមួយ កញ្ញា សុខ ស្រីលីន ដែលចូលរួមជាមួយមិត្ត១០ធ្នូ នៅទីលានប្រជាធិបតេយ្យនាថ្ងៃនេះ បានសម្តែងការខកចិត្តនឹងអាជ្ញាធររាជធានីភ្នំពេញ ដែលដេញពួកគេមិនឲ្យប្រារព្ធសិទ្ធិមនុស្ស១០ធ្នូនៅក្បែរវត្តភ្នំ ពោលនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កញ្ញាស្នើទៅរដ្ឋាភិបាលត្រូវតែគោរពសិទ្ធិ របស់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគេបានបង្ហាញពីទុកកង្វល់ ជាពិសេសអ្នកដែលរងគ្រោះពីរឿងអយុត្តិធម៌ក្នុងសង្គមជាដើម

កញ្ញាថា៖ «រដ្ឋាភិបាលត្រូវតែបើកសិទ្ធិទូលាយឲ្យប្រជាពលរដ្ឋបញ្ចេញមតិ ដូចអ្នកខ្លះ គាត់មានទុកង្វល់ដែលត្រូវនិយាយជាសាធារណៈ ហើយចង់ឲ្យពលរដ្ឋមានសេរីភាព ទាមទារសិទ្ធិខ្លួនឯងស្របតាមច្បាប់ និយាយរួម មិនមែនបិទសិទ្ធិគេមិនឲ្យធ្វើអីទេ»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានប្រសាសន៍ថា ស្ថាប័នលោកបានជូនដំណឹងទៅក្រុមមិត្ត១០ធ្នូ មុនប្រារព្ធទិវាសិទ្ធិ១០ធ្នូ ដោយថា មិនឲ្យជួបជុំសម្តែងមតិនៅទីសាធារណៈនោះទេ ពោលតម្រូវឲ្យពួកគេធ្វើនៅស្ថាប័នរបស់ខ្លួន ឬទីតំាងឯកជន ដោយថាខ្លាចប៉ះពាល់សណ្តាប់ធ្នាប់។ ប៉ុន្តែលោកថា នៅព្រឹកថ្ងៃសៅរិ៍នេះ ក្រុមមិត្ត១០ធ្នូនៅតែប្រមូលផ្តុំនៅក្បែរវត្តភ្នំ ជិតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអាជ្ញាធរជួយសម្រួលឲ្យពួកគេធ្វើនៅទីលានប្រជាធិបតេយ្យវិញ

លោកថា ៖«ការមិនឲ្យជួបជុំទីមួយមិនមានអីថ្មីទេ ទីពីរ យើងបានបើកផ្លូវចុងក្រោយឲ្យគាត់មានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ នេះជាការសម្របសម្រួលមួយរបស់អាជ្ញាធរយើង»

យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃសុកនេះដែរ ក្រុមសម្ព័ន្ធភាពការពារសិទ្ធិមនុស្សនៅកម្ពុជាហៅថា (CHRAC) ដែលមានបណ្តាញជាង៦០អង្គការ បានជួបជុំសម្តែងមតិក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៨ថ្ងៃទី១០ធ្នូឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យផងដែរ ដោយមានកម្មករ សហជីព មន្ត្រីអង្គការសង្គមស៊ីវិល សហគមន៍ដីធ្លី និងនិស្សិតប្រមាណជាជាង១ពាន់នាក់។

ក្រុមមិត្ត១០ធ្នូ និងក្រុមសម្ព័ន្ធភាពការពារសិទ្ធិមនុស្សនៅកម្ពុជាហៅថា (CHRAC) ដែលមានបណ្តាញជាង២០អង្គការ ដែលជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យនៅថ្ងៃនេះ បានបង្ហាញសារទៅកាន់អ្នកចូលរួមប្រហាក់ប្រហែលគ្នា ទាក់ទងនិងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងលើកពីបញ្ហាប្រឈមដែលកើតមានក្នុងឆ្នាំ២០១៦នេះ ដោយពួកគេចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ផ្តល់ឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិទូលំទូលាយក្នុងការបញ្ចេញមតិ ជួបជុំ និងជួយដោះស្រាយបញ្ហាប្រឈមជូនអ្នកដែលរងគ្រោះដោយអយុត្តិធម៌ក្នុងសង្គម ដោយថាដើម្បីឲ្យកម្ពុជាទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទើបធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ជឿនលឿន។

កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៦ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៦២ស្ថាប័ន បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំទីលានប្រជាធិបតេយ្យនិងទីលានសួរច្បារមុខវត្តបុទុមវតី ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៨ នៅថ្ងៃទី១០ធ្នូ ប៉ុន្តែសាលារាជធានីភ្នំពេញបានបដិសេធសំណើនេះ។

ទោះជាយ៉ាងណា នៅថ្ងៃទី១០ខែធ្នូនេះ ក្រុមមិត្ត១០ធ្នូ និងក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៦២ស្ថាប័ន នៅតែជួបជុំសម្តែងមតិក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៦៨ ថ្ងៃទី១០ធ្នូ ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យផងដែរ ដោយមិនមានហិង្សាជាមួយសមត្ថកិច្ចនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ