ទីភ្នាក់ងារព្យាករអាកាសធាតុកម្ពុជា បាននិយាយថា ចាប់ពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី១៩ ខែធ្នូ បណ្ដាខេត្តមួយចំនួនរបស់កម្ពុជា នឹងទទួលរងទឹកភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន និងសីតុណ្ហភាពធ្លាក់ចុះទាប ដែលនោះក៏ដោយសារតែប្រទេសកម្ពុជាទទួលរងឥទ្ធិពលខ្យល់មូសុង និងប្រព័ន្ធសម្ពាធទាបនៅក្នុងសមុទ្រចិនខាងត្បូង។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ តាកែវ កំពត កែប និងព្រះសីហនុ នឹងទទួលរងទឹកភ្លៀងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែធ្នូនេះ ក្នុងកម្រិតចាប់ពីមធ្យមទៅច្រើន។
ក្រសួងបន្តថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូខាងមុខទៀត ប្រទេសកម្ពុជានឹងទទួលរងខ្យល់មូសុងឦសាន ដែលក្រសួងថា នឹងធ្វើឲ្យសីតុណ្ហភាពអប្បបរមាថយចុះ។ ចំណែកសីតុណ្ហភាពនៅតាមតំបន់ជួរភ្នំ និងខ្ពង់រាបនៃប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះនៅចន្លោះ ១៧ ដល់ ១៩អង្សា។
ជាមួយស្ថានភាពអាកាសធាតុប្រែប្រួលដូច្នេះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបញ្ហាសុខាភាព៕