លោក ហ៊ុន សែន រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​អាមេរិក​នឹង​ពិចារណា​លុប​ចោល​បំណុល​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីកន្លង​ទៅ (VOD/Archive Photo)

លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ការ​​រំពឹង​ទុក​ថា រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក នឹង​ពិចារណា​លុប​ចោល​បំណុល​ដែល​កម្ពុជា​ជំពាក់​នៅ​ក្នុង​ទសវត្សរ៍​១៩៧០ ដោយ​ចាត់​ទុក​ថា នោះគឺ​ជា​បំណុល​កខ្វក់​ដែល​ចាំ​បាច់​ត្រូវ​លុប​ចោល។

ប្រទេស​កម្ពុជា បាន​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក​ជាង ៣០០​លាន​ដុល្លារ ដែល​ខ្ចី​ដោយ​របប​សាធារណរដ្ឋ​ខ្មែរ​អំឡុង​ទសវត្សរ៍​១៩៧០ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​​បាន​បដិសេធ​ទូទាត់​បំណុល​នោះ ដោយ​ទាមទារ​ឲ្យ​អាមេរិក​បង្វែ​បំណុល​នោះ​ទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​វិញ។

នៅក្នុងពិធីបុណ្យសមុទ្រកាលពីថ្ងៃទី២៤ ខែធ្នូ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ នឹងពិចារណាអំពីបំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកក្នុងជំនាន់សាធារណៈរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់។ តើគួរត្រូវលុបចោលបំណុលនេះឬទេ? យើងខ្ញុំពិបាកក្នុង​ការពន្យល់នទៅ​ប្រជាជនកម្ពុជា ដើម្បីឱ្យទទួលស្គាល់បំណុលដែលទិញគ្រាប់បែក និងគ្រាប់កាំភ្លើងមកសម្លាប់​ប្រជាជនកម្ពុជា”។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​បន្ទោស​ទៅ​លើ​សហរដ្ឋ​អាមេរិក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហុន និង​ជំរុញ​ឲ្យ​មាន​សង្គ្រាម​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបញ្ជាក់ថា៖ “មិនមែន ប៉ុល ពត កើតឡើងដោយឯកឯងទេ។ បើសិនអាមេរិកមិនទម្លាក់​សម្តេច នរោត្តម សីហនុ។ ច្បាស់ណាស់សង្គ្រាមមិនបានបង្កើតនៅកម្ពុជា ហើយពួក ប៉ុល ពត ក៏គ្មានវាសនា​នឹងឡើងកាន់អំណាចនោះទេ។ ដូច្នេះ តើអាមេរិកត្រូវទទួលពាក់រង្វាន់ណូបែល ឬក៏​ត្រូវទទួលយកទៅកាត់ទោស​នៅតុលាការអន្តរជាតិ ស្តីពីការបង្កើតសោកនាតកម្ម។ សម្រាប់​ប្រជាជនកម្ពុជា តើគេត្រូវឆ្លើយតបយ៉ាងណានៅចំពោះអ្វីដែលបានកើតកាលពីពេលមុន ហើយប៉ះប៉ូវឱ្យកម្ពុជា”។

លោក ហ៊ុន សែន ដាក់ក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងពិចារណា​ទៅ​លើវិនាសសកម្មដែលអាមេរិក​បានបន្សល់​ទុក​នៅក្នុងប្រទេសកម្ពុជារាប់ទាំងគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើន។

លោកបន្ថែមថា៖ តើត្រូវផ្តល់ជំនួយយ៉ាងណា? យ៉ាងហោចបំផុត លុបចោលបំណុលដែលរបប លន់ នល់ បានជំពាក់នៅក្នុងអតីតកាល ដែលហៅថាបំណុល​កង្វក់ដែលចាំបាច់ត្រូវលុប

ក្រៅ​ពី​សហរដ្ឋ​អាមេរិក កម្ពុជា​ក៏​ជំពាក់​បំណុលបណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ដូចជា ​រុស្ស៊ី ចិន។

ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៣ ខែតុលា​កន្លងទៅនេះ ចិនបានប្រកាស​លុបចោលបំណុល ៩០​លាន​ដុល្លារ ដែលកម្ពុជាបានជំពាក់នៅក្នុងឆ្នាំ២០១៥ និងបន្ថែមជំនួយឥតសំណងជាទឹកប្រាក់ ១៥លានដុល្លារអាមេរិ​ក​លើវិស័យយោធាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ