ជនជាប់ចោទមួយរូបដែលសមត្ថកិច្ចចោទថា ជាជនដៃដល់ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្តាលរាជធានីភ្នំពេញកាលពីជាង៣ឆ្នាំមុននោះ បានប្រាប់តុលាការថា ខ្លួនមិនមែនជាឃាតករពិតទេ ដោយថាការសារភាពកន្លងទៅ មានគេបង្ខំឲ្យឆ្លើយជាថ្នូរនឹងបានប្រាក់២ម៉ឺនដុល្លារ។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ថៅកែស៊ីម៉ងលោក អ៊ឹង ម៉េងជឺ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ម្តុំអាងទឹកអូឡាំពិក ពេលជនរងគ្រោះចុះពីរថយន្តទំនើបរបស់ខ្លួន ដើរសំដៅទៅរកតូបលក់ផ្លែឈើមួយកន្លែង។
ពីរសប្តាហ៍ក្រោយមក សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលគេអះអាងថាជាអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់។ ក្នុងនោះឈ្មោះ សៀង វាសនា ត្រូវសមត្ថកិច្ចអះអាងថា បានសារភាពថាជាជនដៃដល់កាន់អាវុធខ្លី បាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ។
ប៉ុន្តែគេហទំព័រដើមអំពិលបានចុះផ្សាយថា ក្នុងសវនាការថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជនជាប់ចោទ សៀង វាសនា បានប្រាប់ចៅក្រមក្នុងអង្គជំនុំជម្រះនៅសាលាដំបូងថា មន្ត្រីនគរបាលលោក ហ៊ុន ទូច និងលោក ទូច សាវុធ ជាអ្នកង្ខំឲ្យរូបគេឆ្លើយសារភាពថាបានបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដោយថាជាថ្នូរនឹងបានលុយ២ម៉ឺនដុល្លារ៖ «ឲ្យខ្ញុំសារភាពថាបាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ២ម៉ឺនដុល្លារ»។
គេហទំព័រដដែលបានដកស្រង់សម្តី សៀង វាសនា មកចុះផ្សាយទៀតថា អំឡុងចាប់ខ្លួនពួកគេ មន្ត្រីនគរបាល បានព្រួតគ្នាវាយដំ។
លោកមេធាវី គា អ៊ាវ ដែលការពារក្តីឲ្យជនជាប់ចោទ ឈ្មោះ សៀង វាសនា ឲ្យដឹងនៅថ្ងៃទី២៦មករានេះថា កូនក្តីលោកពិតជាបាននិយាយប្រាប់ចៅក្រមដូចនេះមែន ប៉ុន្តែលោកថាសុំមិនធ្វើអត្ថាធិប្បាយលំអិតថាតើនឹងទាមទារឲ្យចៅក្រមកោះហៅលោក ហ៊ុន ទូច និងលោក ទូច សាវុធ មកចូលសវនាដេញដោយនៅពេលខាងមុខឬក៏យ៉ាងណាទេ ដោយថាបញ្ហាទាំងអស់ដែលកូនក្តី លោកនិយាយប្រាប់តុលាការ លោកនឹងធ្វើការសន្និដ្ឋាននៅថ្ងៃបិទការជំនុំជម្រះ។
លោកថា៖ «គាត់និយាយជាសាធារណៈក្នុងសវនាការអញ្ចឹងមែន ប៉ុន្តែគ្រាន់ថាការនិយាយហ្នឹងវាមានលក្ខណៈច្បាស់លាស់កម្រិតណា ខ្ញុំអត់ទាន់ហ៊ានថាម៉េចទេ ប៉ុន្តែគាត់ [សៀង វាសនា ] បានរំឭករឿងហ្នឹងដែរ ប៉ុន្តែដូចជាមិនច្បាស់ដូចអញ្ចឹងពេកទេ»។
បើតាមមេធាវីរូបនោះ សំណុំរឿងឃាតកម្មនេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការសួរដេញដោលកូនក្តីលោកនៅដើមខែកុម្ភៈបន្តទៀត។
VOD មិនអាចទាក់ទង លោក ហ៊ុន ទូច និងលោក ទូច សាវុធ ដើម្បីសុំឆ្លើយតបជុំវិញការចោទប្រកាន់របស់ជនជាប់ចោទ សៀង វាសនា បាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
ចំណែកចៅក្រមដែលកាន់សំណុំរឿងនេះ ក៏មិនទាន់អាចទក់ទងបានដើម្បីចង់ដឹងថាសវនាការនៅខែក្រោយនោះ តុលាការនឹងកោះហៅមន្ត្រីនគរបាលលោក ហ៊ុន ទូច និងលោក ទូច សាវុធ ដែលរងការចោទថា បានបង្ខំឲ្យជនជាប់ចោទសារភាពខុសពីការពិតនោះ ចូលបំភ្លឺក្នុងសវនាការដើម្បីសួរដេញដោលដែរ ឬក៏យ៉ាងណានោះទេ។
ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា “ការស្តាប់ចំលើយសាក្សីដែលបំភ្លឺក្នុងសាវនាការជាឆន្ទានុសិត និង ជាការសម្រេចដោយឥស្សរចិត្តរបស់ប្រធាសាវនាការ”
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា សំណុំរឿងឃាតកម្មនេះ ហាក់ស្ថិតក្នុងភាពចម្រូងសម្រាសនៅឡើយ។
ប៉ុន្តែលោកជំរុញឲ្យមន្ត្រីយុត្តិធម៌គួរពង្រឹងឯករាជ្យភាពរបស់ខ្លួន ដែលលោកថាដើម្បីឲ្យប្រាកដថាអ្នកមិនបានធ្វើខុសមិនត្រូវបានឃុំខ្លួន ហើយត្រូវផ្តល់យុត្តិធម៌ដ៏ពិតប្រាកដមួយឲ្យភាគីជនរងគ្រោះ។
លោកថា៖ «ខ្ញុំគិតថារឿងនេះ នៅមានមន្ទិលសង្ស័យច្រើន ព្រោះអីយើងមើលរឿងមុនៗ ដូចរឿង ប៊ន សំណាង និង សុខ សំអឿន ប្រហាក់ប្រហែលគ្នាដែរ ពីមុនគាត់សារភាព ដល់ក្រោយមក គាត់និយាយថា ដោយសារមានការគំរាម បានគាត់និយាយពាក្យហ្នឹង។ អញ្ចឹងត្រូវមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ជាមុនសិនមុននឹងធ្វើការសម្រេច ដើម្បីឲ្យមានភាពយុត្តិធម៌ទាំងសងខាង»។
សំណុំរឿងឃាតកម្មបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នេះ សមត្ថកិច្ចឈានទៅចាប់ឃុំខ្លួនឪពុកម្តាយ លោក ថោង សារ៉ាត់ ជាប្រធានក្រុមហ៊ុនសង់ផ្ទះល្វែងយីហោ៩៩៩បន្ថែមទៀត ក្រោយរកឃើញថាមានលាក់អាវុធខុសច្បាប់នៅគេហដ្ឋាន។
ប៉ុន្តែសំណុំរឿងនេះធ្វើឲ្យ លោក អាំង មាលតី បានបាត់បង់តំណែង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ អំឡុងដើមឆ្នាំ២០១៥ បន្ទាប់ពីតុលាការដោះលែងឪពុកម្តាយ លោក ថោង សារ៉ាត់ ដែលមានដើមកំណើតវៀតណាមនោះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕