តុលាការកំពូល ច្រានចោលបណ្ដឹងសាទុក្ខប្រឆាំងការទម្លាក់បទចោទលើឧកញ៉ា ថោង សារ៉ាត់ និងមនុស្ស៣នាក់ទៀត ដែលសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឱ្យពួកគេជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធសំណុំរឿងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីជិត៨ឆ្នាំមុន។
លោក តេង បូរ៉ា មេធាវីការពារក្ដីឱ្យជនរងគ្រោះឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានចូលការពារបណ្ដឹងសាទុក្ខរបស់ខ្លួននៅតុលាការកំពូល ជំទាស់ទៅនឹងសាលក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញដែលសម្រេចទម្លាក់បទចោទទៅលើលោក ថោង សារ៉ាត់ និងមនុស្ស៣នាក់ទៀត ដែលសាលាដំបូងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធការបាញ់សម្លាប់កូនក្ដីរបស់ខ្លួន។
ក្នុងសវនាការតតាំងក្ដីនោះ មេធាវីការពារក្ដីឱ្យជនរងគ្រោះបានចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងអយុត្តិធម៌សម្រាប់គ្រួសារលោក អ៊ឹង ម៉េងជឺ ហើយបានស្នើទៅតុលាការកំពូលឱ្យបង្ខំលោក ថោង សារ៉ាត់ និងបក្ខពួក៤នាក់ផ្សេងទៀត សងជំងឺចិត្តចំនួន៥0លានដុល្លារដល់គ្រួសារឧកញ៉ា អ៊ឹង ម៉េងជឺ ដែលត្រូវបានគេបាញ់សម្លាប់។
តែយ៉ាងណា នៅថ្ងៃព្រហស្បតិ៍នេះ តុលាការកំពូលបានប្រកាសសាលដីកាចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ជារឿងត្រឹមត្រូវ។
តុលាការជាន់ខ្ពស់មួយនេះសម្អាងហេតុថា ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស៣នាក់ទៀត ដែលសាលាឧទ្ធរណ៍សម្រេចទម្លាក់បទចោទនោះ មិនបានជាប់ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ នោះទេ។
លោកថា៖ «សំណុំរឿងលោក ថោង សារ៉ាត់, ឈ្មោះ ហួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច, ឈ្មោះ ឃុន ចិត្រា ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចនោះ តុលាការកំពូលពុំអាចលើកយកមកសម្រេចនិងពិចារណាបានទេ។ តុលាការសម្រេចបដិសេធបណ្ដឹងសាទុក្ខមេធាវីការពារក្ដីឱ្យគ្រួសារលោក អ៊ឹង ម៉េងជឺ គឺលោក តេង បូរ៉ា ព្រោះការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញជារឿងត្រឹមត្រូវ»។
មេធាវីការពារក្ដីឱ្យឧកញ៉ា អ៊ឹង ម៉េងជឺ គឺលោក តេង បូរ៉ា សុំមិនធ្វើអត្ថាធិប្បាយ ដោយថា ជាប់រវល់ប្រជុំ។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា បន្ទាប់ពីមានហេតុការណ៍ភ្លាមៗ នគរបាលយុត្តិធម៌ និងតំណាងអយ្យការ សកម្មក្នុងការស៊ើបអង្កេតរហូតដល់កំណត់មុខសញ្ញាឈានទៅដល់ចាប់ខ្លួនជនសង្ស័យបានថែមទៀត។ លោកបន្តថា ការស៊ើបអង្កេតឈានដល់ចាប់ខ្លួនបាន លុះត្រាតែនគរបាលយុត្តិធម៌ និងតំណាងអយ្យការ មានភស្តុតាងគ្រប់គ្រាន់។ ប៉ុន្តែលោកថា ការបដិសេធរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងតុលាការកំពូលនោះ ជាឆន្ទានុសិទ្ធិ តែករណីនេះក៏បង្ហាញថាការស្រាវជ្រាវនិងស៊ើបអង្កេតកន្លងមកភាពខ្វះចន្លោះ។
លោកថា៖ «អ៊ីចឹងវាបង្កបញ្ហាពីរដែលកើតឡើងហើយ ភាពអយុត្តិធម៌សម្រាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ហើយនិងភាពអយុត្តិធម៌សម្រាប់លោកឧកញ៉ា ថោង សារ៉ាត់ និងសហការីរបស់គាត់ដែលត្រូវឃុំខ្លួនអស់រយៈពេលជាច្រើនខែ ប៉ុន្តែរកទៅអត់ឃើញកំហុស។ អ៊ីចឹងវាបង្កឱ្យមានរឿងអយុត្តិធម៌ច្រើនកើតឡើងក្នុងរឿងតែមួយ។ អ៊ីចឹងសរុបទៅ យុត្តិធម៌សម្រាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងក្រុមគ្រួសារនៅមិនទាន់មានទេមកទល់ពេលនេះ»។
ករណីនេះ លោក អំ សំអាត ថានគរបាលយុត្តិធម៌និងតុលាការគួរតែបើកការស៊ើបអង្កេតឡើងវិញ ដោយសារក្នុងសំណុំរឿងក្ដីនេះ គ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ ខណៈអ្នកទទួលខុសត្រូវចំពោះឃាតកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ក៏មិនទាន់មានដែរ។
លោកថា៖ «ពីព្រោះជីវិតមនុស្សដែលបាត់បង់ទៅហើយ រកអ្នកដែលប្រព្រឹត្តមិនឃើញ ឬអ្នកដែលពាក់ព័ន្ធមិនឃើញ ដើម្បីយកទៅផ្ដន្ទាទោស នោះជាភាពយុត្តិធម៌»។
ឧកញ៉ា អ៊ឹង ម៉េងជឺ ជាថៅកែសំណង់ត្បូងពេជ្រ ត្រូវបានគេបាញ់សម្លាប់អំឡុងឆ្នាំ២០១៤ នៅជិតអាងទឹកអូឡាំពិក ក្នុងរាធានីភ្នំពេញ។ ក្រោយមកមនុស្ស៥នាក់ រួមទាំងឧកញ៉ា ថោង សារ៉ាត់ ផងដែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន» និងបទ «សមគំនិត» ក្នុងសំណុំរឿងបាញ់សម្លាប់នៅកណ្ដាលទីក្រុងនេះ។
តែយ៉ាងណា អំឡុងឆ្នាំ២០២០ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានទម្លាក់បទចោទជនជាប់ចោទ៤នាក់ លើកលែងតែជនជាប់ចោទម្នាក់ឈ្មោះ សៀង វាសនា ដែលតុលាការនៅបន្តរក្សាបទចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារដដែល៕