អាជ្ញាធរ​​រក​ឃើញ​គ្រាប់​កាំភ្លើង​៣កេស​នៅ​សៀមរាប​

មន្ត្រី​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គ្រាប់​កាំភ្លើង​ធុន M60 ចំនួន៣​កេស ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​វ៉ារិន ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​កាក​សំណល់​សង្គ្រាម​ថ្មី​បំផុត​មួយ តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​គ្រាប់​បែក​គីមី​នៅ​ឯ​ខេត្ត​ស្វាយរៀង។

អធិការ​នគរបាល​ស្រុក​វ៉ារិន លោក ណុប សារ៉ាក់ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា គ្រាប់​កាំភ្លើង​ធុន M60 ចំនួន៣​កេស​នោះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ភូមិ​វត្ត ស្ថិត​ក្នុង​ឃុំ​ស្រែណូយ។ លោក​បន្ថែម​ថា គ្រាប់​កាំភ្លើង​នោះ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក មុន​នឹង​រាយការណ៍​ទៅ​ស្នងការ​នគរបាល​ខេត្ត។

លោក​បញ្ជាក់​ថា គ្រាប់​កាំភ្លើង​​ដែល​រក​ឃើញ​នោះ​ អាច​នឹង​ត្រូវ​យក​ទៅ​កំ​ទេច​ចោល ព្រោះ​វានៅ​​មាន​គុណ​ភាព​ត្រឹម​តែ៨០​ភាគរយ ទៅ៩០​ភាគរយ​ប៉ុណ្ណោះ​។

គ្រាប់​កាំភ្លើង​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ជាង១​សប្ដាហ៍​ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា បាន​ប្រទះ​ឃើញ​គ្រាប់​បែក​គីមីផលិត​នៅ​អាមេរិក នៅឯ​ខេត្ត​ស្វាយរៀង។

មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​អះ​អាង​ថា វា​គឺ​ជា​គ្រាប់​បែក​គីមី​ដ៏​គ្រោះ​ថ្នាក់ បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ដែល​ទម្លាក់​ដោយ​កង​ទ័ព​អាមេរិក​មក​លើ​ប្រទេស​កម្ពុជា។

ការរកឃើញគ្រាប់មិនទាន់ផ្ទុះជាបន្ដបន្ទាប់ដូចនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើឲ្យសហរដ្ឋអាមេរិក​លុបបំណុល​ចាស់​ ដែល​កម្ពុជា​ជំពាក់កាលសម័យសាធារណរដ្ឋ លន់ នល់ និងចោទអាមេរិកថា បានសម្លាប់ពលរដ្ឋខ្មែរជាងកន្លះលាននាក់អំឡុងឆ្នាំ១៩៦៣ដល់១៩៧៥។

ប៉ុន្ដែ ស្ថានទូតអាមេរិកមិនទាន់បានឆ្លើយតបចំពោះសំណើនេះទេ ដោយថាត្រូវរងចាំការពិភាក្សាដិតដល់ជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ