លោក សន ជ័យ ចង់​ឃើញ​យន្តការ​ជាក់​លាក់ ជាជាង​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ជុំ​វិញ​ការ​ដំឡើង​តម្លៃ

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​មាន​យន្តការ​ច្បាស់​លាស់ និង​ស្វែង​យល់​ពី​ឫស​គល់​នៃ​បញ្ហា​ការ​ដំឡើង​តម្លៃ​ទំនិញ ឬ​សេវាកម្ម​អំឡុង​ពិធី​បុណ្យ​ទាន ជាជាង​ការ​ព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​អាជីវកម្ម។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពី​រដ្ឋ​មន្ត្រី​ទេសចរណ៍ លោក ថោង ខុន បាន​ព្រមាន​ដក​ហូត​អាជ្ញា​បណ្ណ​ពី​ប្រតិបត្តិករ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​មិន​បាន​ដាក់​​តារាង​តម្លៃ​ទំនិញ ឬ​សេវាកម្ម​របស់​ពួកគេ​ឲ្យ​បាន​ជាក់​លាក់។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បញ្ជាក់​ថា​៖ “មូល​ដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ណា​មិន​អនុវត្ត គឺ​មិន​អាច​ប្រកប​អាជីវកម្ម​បាន​ទេ។ ក្រសួង​ទេសចរណ៍ នឹង​មិន​ផ្ដល់​អាជ្ញា​បណ្ណ​ទេសចរណ៍​បន្ត ឬ​អាជ្ញា​បណ្ណ​ទេសចរណ៍​ថ្មី​ឡើយ”។

ប៉ុន្តែ លោក សន ជ័យ លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ពិភាក្សា​ជាមួយ​ម្ចាស់​អាជីវកម្ម​អំពី​ការ​ដំឡើង​តម្លៃ​ទំនិញ ឬ​សេវាកម្ម ក្នុង​ពិធី​បុណ្យ​ទាន ដើម្បី​ផល​ចំណេញ​ទាំង​សង​ខាង។

លោក​បញ្ជាក់​ថា​៖ “កម្ពុជា​ប្រកាន់​របប​ទីផ្សារ​សេរី ហើយ​ច្បាប់​វិនិយោគ​ហ្នឹង គឺ​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ហ្នឹង គ្រប់​គ្រង​ទៅ​លើ​តម្លៃ​សេវារបស់​វិស័យ​ឯកជន​នោះ​ទេ។ ខ្ញុំ​ថា ចំណុច​នេះ វា​ពិបាក​រក​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ការ​ព្រមាន​របស់​ក្រសួង​ទេសចរណ៍​ហ្នឹង”។

លោក​បន្ថែម​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​យន្តការ​ត្រួត​ពិនិត្យ​រក​ហេតុ​ផល​នៅ​ពី​ក្រោយ​នៃ​ការ​ដំឡើង​ថ្លៃ​នៅ​រដូវ​បុណ្យ​ទាន ដោយ​ថា អាច​បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ វត្ថុ​ធាតុ​ដើម ទំនិញ​មួយ​ចំនួន និង​ទីតាំង​ជួល​លក់ ដែល​​ជំរុញ​ឲ្យ​ទំនិញ និង​សេវា​ដំឡើង​ថ្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ