អ្នកស្រី ស.ស.ខ ស្វែងរកអន្តរាគមន៍ព្រោះកូនស្រីចាញ់បោកមេខ្យល់នាំទៅប្រទេសចិន

រូបភាពថតដោយលោក នូ រ៉េន
កាលពីថ្ងែទី២៣ ខែមេសា ឆ្នាំ២០១៨ អ្នកស្រី ស.ស.ខ អាយុ៦០ឆ្នាំ មានទីលំនៅនៅ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានស្វែងការអន្តរាគមន៍ទៅក្រសួងការបរទេសកម្ពុជាដើម្បីជួយនាំយកកូនស្រីគាត់មកវិញ ព្រោះត្រូវចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន។

អ្នកស្រីបានប្រាប់ថា កូនស្រីគាត់មានឈ្មោះ ម.ច.រ អាយុ២៣ឆ្នាំ នៅលីវ បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន ព្រោះកាលធ្វើលិខិតឆ្លងដែនប្រាប់ថាទៅធ្វើការនៅប្រទេសថៃ ពេលបញ្ជូនទៅបែជាទៅចិនទៅវិញ។
គាត់បន្តថា កូនស្រីគាត់ពីមុនការដេរនៅម្តុំជុំពូវ័ន្ត តែដោយមានការលួងលោមពីមេខ្យល់ថាទៅធ្វើការនៅស្រុកថៃបានប្រាក់ខែច្រើនទើបនាងព្រមទៅ រយៈពេលទៅមកដល់ថ្ងៃនេះបានជាង២ខែហើយ។ គាត់ថា៖ «វាតែងខ្ចីទូរស័ព្ទអ្នកធ្វើការជាមួយគ្នាខលមកខ្ញុំឱ្យជួយយកវាមកវិញផង ព្រោះធ្វើគារនៅទីនោះយ៉ាប់ណាស់គ្មានពេលសម្រាក ប្រាក់ខែ៤៥០$មែនតែមិនដែលបានកាន់ទេគឺថៅកែគេកាន់ទាំងអស់ព្រោះខ្លាចវារត់»។

លោកអនុសេនីយ៍ឯក ឈឿន ឃឿន នាយប៉ុស្ត៍នគរបាលសង្កាត់លលកស បានឱ្យដឹងថានេះជាអំពើរជួញដូរមនុស្សដែលខុសច្បាប់។ លោកថា៖«ខ្ញុំបានដឹងហើយរឿងនឹង ហើយបានប្រាប់ទៅបងខុមឱ្យទៅដាក់ពាក្យបណ្តឹងនៅក្រសួងការបរទេសតែម្តងទៅវាលឿន បើធ្វើតាមលំដាប់លំដោយយូរណាស់ខាតពេល»។

ចំណែកលោកស្រី លាស់ សុភា មន្ត្រីអង្គការមេត្រីភាពអន្តរជាតិ ផ្នែករំដោះពីការជួញដូរឆ្លងដែនថា នេះជាបទល្មើសជួញដួរមនុស្សនិងបេស្យាច្ចារខុសច្បាប់ដែលមានស្ថានទម្ងន់ទោស ហើយបច្ចុប្បន្នសំណុំរឿងបានដល់ដៃក្រសួងការបរទេសហើយ។
លោកស្រីថា៖ «ខាងខ្ញុំគ្រាន់ជាអ្នកសម្របសម្រួលផ្នែកច្បាប់ និងជាអ្នកជួយចេញសាហ៊ុយទាំងអ្នកមកប្តឹងនឹងយកជនរងគ្រោះមកវិញ ចំណែកការចំណាត់ការយ៉ាងណានៅលើក្រសួងមហាផ្ទៃនឹងក្រសួងការបរទេស»។

កន្លងមកភូមិនេះក៏ធ្លាប់មានស្ត្រីម្នាក់បានចាញ់បោកមេខ្យល់នាំទៅប្រទេសចិន មកទល់ពេលនេះអស់រយៈពេលជាង៣ឆ្នាំហើយបាត់ដំណឹងឈឹង៕

ដោយលោក នូ រ៉េន ប្រជាពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។