ស្រ្តីម្នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសចិនបានត្រឡប់មកដល់ផ្ទះវីញ

រូបភាពថតដោយលោក នូ រ៉េន

សុខា មានអាយុ៣២ឆ្នាំ មានទីលំនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បានប្រាប់ថា គាត់បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិនដោយអះអាងថានៅទីនោះបានប្រាក់ខែច្រើន តាមពិតទៅជិត១ឆ្នាំហើយមិនដែលស្គាល់លុយបានកាន់ក្នុងដៃរឡើយ បានត្រឹមតែបង្កើតកូនឱ្យម្ចាស់ផ្ទះ។
នាងបន្តថា កាលពីមុនគាត់ធ្វើការនៅរោងចក្រម្តុំជម្ពូវ័ន្ត មានស្រ្តីម្នាក់បានមកបបួលនាងឱ្យទៅធ្វើការនៅប្រទេសបានប្រាក់ខែច្រើនគឺ១៥០០$ក្នុង១ខែដោយមិនចាំបាច់ឆ្លងកាត់រៀនសូត្រនឹងធ្វើបែបបទច្រើនដូចទៅកូរ៉េទេ។

នាងរៀបរាប់ថា ដោយសារចង់បានលុយគាត់ក៍សម្រេចចិត្តទៅ ពេលទៅដលស្រុកចិន នាងត្រូវគេនាំយកទៅឆ្ងាយជាយជនបទនៅជាមួយគ្រួសារ១មានគ្នា៣នាក់ នៅទីនោះជិត១ឆ្នាំគឺមិនដែលមានលុយកាន់ក្នុងដៃរទេ គេបិទសេរីភាពទាំងអស់ ហើយបានប្រើអំពើរហឹង្សាមកលើគាត់ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសេដ្ឋកិច្ច ទាំងផ្លូវភេទនឹងហូបចុកមិនគ្រប់គ្រាន់ គឺរងចាំតែបំរើអារម្មណ៍ផ្លូវភេទហើយបង្កើតកូនឱ្យម្ចាស់ផ្ទះប៉ុណ្នោះ។ នាងបន្តថា ដោយទ្រាំមិនបាននាងក៍ដាច់ចិត្តលួចរត់២ដងមកហើយតែរត់មិនរួចត្រូវបងប្អូនវានាំទៅវិញ ពេលត្រឡប់ទៅវិញត្រូវប្តីវាយដំធ្វើបាបយ៉ាងព្រៃផ្សៃ។ ទើបម្តងនេះលើកទី៣នាងក៍សម្រេចចិត្តរត់ទឿត ព្រោះកាលពីនាងមកសម្រាលកូននៅមណ្ឌលសុខភាពបានចំណាំប៉ុស្ត៍ប៉ូលីស១កន្លែងនៅជិតបេនឡានក្រុង ហើយក៍រត់ចូលឱ្យប៉ូលីសចាប់តែម្តងទើបរួចខ្លួន។

គាត់បន្តថា ៖«ខ្ញុំទៅចិននៅថ្ងៃទី៥/១០/២០១៧ ពេលត្រឡប់មកដល់ស្រុកខ្មែរវីញថ្ងៃទី៣/០៥/២០១៨ នៅទីនោះបានកូនស្រី១ពេលនេះកូនខ្ញុំមានអាយុជិត៣ខែហើយ ហើយខ្ញុំគ្មានសង្ឃឹមថាបានមកជួបឪម៉ែវិញទេ មុខតែងាប់នៅស្រុកគេ ក៍សម្រេចចិត្តរត់ចោលកូនយករួចតែខ្លួនសិន ព្រោះអីពេលនឹងវាថាយើងសសៃរខ្ចីមិនអាចទៅណារួចទើបវាប្រហេះ ខ្ញុំរត់ម៉ោង៣រឿបភ្លឺមកចំណតឡានក្រុង ហើយពេលចុះពីលើឡានក៍ដើរចូលបុស្ត៍ប៉ូលីសឱ្យគេជួយ»។

ពេលនៅក្នុងប៉ុស្ត៍ត្រូវប៉ូលីសចិនឃុំឃាំង អស់រយៈពេល៥៧ថ្ងៃទំរាំបានឯកសារគ្រប់គ្រាន់ពីស្ថានទូតខ្មែរនៅទីនោះ តែពុំមានធ្វើបាបអ្វីទេ។

ចំណែកអង្គការចាប់ដៃរអន្តរជាតិ ជាអ្នកជួយសម្របសម្រួលធ្វើការផ្ទាល់លើករណីនេះហើយក៍ជាអ្នករត់ការផងនោះយើងមិនអាចសុំបំភ្លឺបន្ថែមបានទេ ដោយសារទូរស័ព្ទចូលហើយគ្មានអ្នកលើក។

នាង សុខា បានអំពាវនាវដល់ស្ត្រីខ្មែរទាំងអស់សូមកុំឆាប់ជឿរពាក្យលួងលោមឬបបួលទៅធ្វើការនៅប្រទេសក្រៅដោយខុសច្បាប់ឱ្យសោះ ព្រោះអីឱ្យតែទៅហើយគឺមិនមានសំណាងបានមកស្រុកវិញឡើយ។ ហើយសុំឱ្យសមត្ថិកិច្ចជួយតាមស្រាវជ្រាវរកពួកមេខ្យល់ដែលដើឬឆបោកស្រីៗមកផ្តន្ទាទោសតាមច្បាប់ផង៕

ដោយលោក នូ​ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។