បេឡាជាតិរបបសន្តិសុខសង្គម បានបដិសេធទៅនឹងការលើកឡើងរបស់ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ជុំវិញការទទួលខុសត្រូវលើកម្មករពេលដួលសន្លប់ក្នុងកន្លែងធ្វើការ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញថា លោកសោកស្ដាយចំពោះសេចក្ដីជូនដំណឹងរបស់ ប.ស.ស ដែលបានចាត់ទុកកម្មករ និយោជិតមានស្ថានភាពសន្លប់ជាបុគ្គលក្នុងកន្លែងធ្វើការ ឬម៉ោងធ្វើការជាបញ្ហាផ្ទាល់ខ្លួន មិនមែនបណ្ដាលមកពីគ្រោះថ្នាក់ការងារ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល អតីតសមាជិក គ.ជ.ប.ក៏បានស្នើឲ្យរដ្ឋាភិបាលលុបចោលនូវសេចក្ដីជូនដំណឹងនោះ ដោយថា នោះជាការមិនទទួលខុសត្រូវចំពោះកម្មករ និយោជិត ផ្ទុយទៅនឹងច្បាប់ការងារ។
ទោះបីជាយ៉ាងណា ប.ស.ស. បានបដិសេធទៅនឹងអ្វីដែលលោក រ៉ុង ឈុន បានលើកឡើង ដោយថា ស្ថាប័នរដ្ឋមួយនេះ នៅតែបន្តផ្ដល់ការធានារ៉ាប់រង និងទទួលខុសត្រូវចំពោះកម្មករនិយោជិតដែលមានបញ្ហាសុខភាព សន្លប់ជាបុគ្គល និងជាច្រើននាក់ ទោះបញ្ហាទាំងនោះទាក់ទងនឹងការងារក្ដី ឬមិនទាក់ទងក្ដី ក៏កម្មករនៅតែអាចទទួលបានសេវាព្យាបាល និង ថែទាំវេជ្ជសាស្រ្តដោយឥតគិតថ្លៃ។
ជាមួយគ្នានោះ ប.ស.ស ក៏ប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណាដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករផងដែរ៕