លោក ហ៊ុន​ សែន ព្រមានថា អ្នកអត់ទៅបោះឆ្នោតតែបន្លំជ្រលក់ដៃនឹងជាប់គុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ថ្ងៃទី ៣១ ឧសភា ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសារអំពាវនាវ របស់អតីតមេដឹកនាំបក្សប្រឆាំងឲ្យបង្កើតស្នាមខ្មៅនៅលើចង្អុលដៃ   ដើ​ម្បី​បន្លំថា ​ខ្លួ​ន​ពិ​តជាបានចេញទៅបោះឆ្នោតនោះ ថាជាសារកៀ​រគ​រ​​ប្រជាពលរដ្ឋឲ្យទៅជាប់គុក ។

នៅ​ប៉ុន្មានសប្តាហ៍នេះ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន បានធ្វើយុទ្ធនាការនៅក្រៅប្រទេស អំពាវនាវកុំឲ្យព​លរដ្ឋទៅ​បោះ​​ឆ្នោ​​​ត​​ដោយបង្កើតជាពាក្យស្លោកថា «នៅផ្ទះឈ្នះឯង» ឬថាបើបារម្ភពីសន្តិសុខផ្ទាល់ខ្លួន ខ្លាចមានការរើស​អើងពីបក្សកា​​ន់​អំ​​​ណា​​​ចនោះ​​ អាចយកទឹកថ្នាំលាភសក់ ជ្រលក់ដៃ​ក៏បាន។

ប៉ុន្តែក្នុ​ងពិធីមួយនៅខេត្តបាត់ដំបង នាថ្ងៃទី៣១ខែឧសភានេះ លោក ហ៊ុន សែន ថ្លែងហាក់វាយប​កទៅនឹងសារ​នយោបា​យ   រប​ស់​​​អតីតបក្សប្រឆាំង ថាការធ្វើឲ្យចង្អុលដៃ​ ខ្លួ​នឯងប្រលាក់ទឹកខ្មៅ ដោយមិនទាំងបានទៅបោះឆ្នោតផងនោះ លោកថា​ស្មើ  នឹ​ង​​ប​ង្កើ​ត​​បទ​​ល្មើសព្រហ្មទណ្ឌ​។

​លោ​ក ហ៊ុន សែន ថ្លែងទាំងប្រើ​​សំដីធ្ងន់ៗទំនងជាសំដៅដល់លោក សម រង្ស៊ី ថាខ្លួនឯងរត់គេចពីគុក តែបែរជាចង់រុញ អ្នកនៅក្នុ​ង​ស្រុ​កជាប់គុក ។

អ្នកកុំចង្អុលណែនាំមកឲ្យអ្នកនៅក្នុងស្រុកជាប់គុក ដោយសារតែបន្លំ។ មិនទៅបោះឆ្នោតវាអត់ជាប់គុកទេ ប៉ុន្តែដល់​ធ្វើផែ​​នការ​បន្លំជាប់គុក។ អាហ្នឹងត្រូវច្បាស់ៗ ពីរឿងហ្នឹង កុំបង្កើតនូវកំហុសនោះ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្រោយ១ថ្ងៃ បន្ទាប់ពី គេហទំព័រ Freesh News ដែល​គេស្គា​ល់ថា​ស្និទ្ធ  ​នឹ​​ង​​រដ្ឋា​ភិបាល បានដកស្រង់ស​ម្តី​​អ្ន​​​កនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មកចុះ​ផ្សាយថា ការ​បន្លំ​ខ្លួនថា​បា​ន​ទៅ​​បោះ​​​ឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេង ​ជាអំពើល្មើសច្បាប់ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ព្រហ្មទណ្ឌ

ប៉ុន្តែការចុះផ្សាយនោះ មិនបានបញ្ជាក់ថា មន្ត្រីយុត្តិធម៌រូបនេះអះអាងបែបហ្នឹងយោងតាមមាត្រាណាមួយនៃច្បាប់ព្រហ្មទណ្ឌនោះទេ។​

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ថា រដ្ឋធម្មនុញ្ញមិន​បានចែងពីការដាក់​ទោសទណ្ឌ​ដល់អ្នក​មិនទៅ​បោះ​ឆ្នោតនោះទេ។  លោកថា តាមបទពិសោធន៍ធ្វើជាមេធាវីច្រើនឆ្នាំមកនេះ ក៏មិនដែលអានចំមាត្រាណាចែងថា អ្នកយកទឹ​កថ្នាំជ្រលក់​ដៃខ្លួ​ន​​ប​ង្កើ​​​​​​​​​​​ត​​​ជាបទល្មើសព្រហ្មទណ្ឌនោះដែរ។

លោកថា៖«ដូចជាអត់មានបទល្មើសអីទេ។ និយាយរួមទៅអត់ទៅបោះឆ្នោតអត់មានទោសផង ចាំបាច់ភ័យអី។ ខ្ញុំអត់ដឹងច្បាស់ថាគាត់​​​កមាត្រាណាដែរ គ្រាន់តែថាធ្វើមេធាវីកន្លងទៅវាអត់ធ្លាប់ជួបប្រទះ ជួនកាលខ្ញុំថាទៅវាអាចអត់ត្រូវដែរ ព្រោះក្រែងយើរៀអត់ដល់»

លោក សម រង្ស៊ី បានលើកឡើងលើគេហទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ឧសភានេះថា ការធ្វើពហិការមិ​នទៅ​បោះ​​​​​ឆ្នោត ជាការសង្គ្រោះជាតិចេញពីរបបផ្តាច់ការ ធានាដល់ការអភិវឌ្ឍដ៏ពិតប្រាកដមួយ នៅកម្ពុជា។

យើងនឹងសង្គ្រោះជាតិយើង នៅថ្ងៃ ២៩ កក្កដា ខាងមុខនេះ ដោយធ្វើពហិការមិនទៅបោះឆ្នោតក្លែងក្លាយ ដើម្បីដកភាពស្របច្បាប់ ពីអំណាចផ្តាច់ការ

លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង

របត់នយោបាយនៅកម្ពុជា ដែលឈានទៅចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ការរំលាយ​គណ​បក្ស​ស​ង្គ្រោះ​​​​​ជាតិ និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាង៣០ស្ថាប័ន ជំរុញឲ្យសហគមន៍អន្តរជាតិវាយតម្លៃថា កម្ពុជាកំពុង​ដើរចេ​ញពី​​ គ​ន្ល​​​ង​​​​​​ប្រ​​​ជាធិបតេយ្យ​ វិលទៅរករបបដឹកនាំបែបឯកបក្ខដូចពីអតីតកាល។

ករ​ណីនេះ សហរដ្ឋអាមេរិក និងសហភាពអឺរុប បាននាំមុខគេក្នុងការព្រមាន ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើរដ្ឋាភិ​បាលមិន​រៀបចំ​ការបោះ​ឆ្នោ​ត​​មួយ មានល​ក្ខ​ណៈសេរីត្រឹមត្រូវ មានគណបក្សប្រ​ឆាំងចូលរួមដោយគ្មា​នការគំរាមកំ​ហែងផ្នែ​កនយោបាយឡើងវិញនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ