អូស្ត្រាលីថាការ​ដាក់​ទណ្ឌ​កម្ម​មន្រ្តីកម្ពុ​ជានិងការទទួលស្គាល់លទ្ធផលបោះឆ្នោតស្ថិតក្នុងការពិចារណា

រូបភាព៖ បណ្ដាញសង្គម

មន្រ្តីក្រសួងកា​របរទេស​អូស្រ្តាលី លោកស្រី ជូលី ហិចឆ័រ បានថ្លែងថាការដាក់ទណ្ឌកម្មណាមួយប្រឆាំងមន្រ្តីកម្ពុជារួមទាំងថាតើអូស្រ្តាលីទទួលស្គាល់លទ្ធផលបោះឆ្នោតនាខែកក្កដាកំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណានៅឡើយ។

មន្រ្តីក្រសួងកា​របរទេស​អូស្រ្តាលី លោកស្រី ជូលី ហិចឆ័រ ឆ្លើយសំណួរសមាជិតព្រឹទ្ធសភាអូស្ត្រាលី ថ្ងៃទី ៣១ ឧសភា ២០១៨

លោកស្រី ជូលី ហិចឆ័រ បានថ្លែងបែបនេះនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសការពារជាតិ និងពា​ណិ​​ជ្ជក​ម្មនៃព្រឹទ្ធសភាអូស្រ្តាលី​ ទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភាមកពីរដ្ឋវិកតូវៀ លោក​រីឆាដ ឌីណាតាលីថាតើអូស្រ្តាលីនឹងដាក់ទណ្ឌកម្មដល់មន្រ្តីកម្ពុជាដូចអាមេរិកហើយទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាខែកក្កដាដែរឬទេ។

លោកស្រី ជូលី ហិចឆ័រ ថាអូស្រ្តាលីបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងរួចទៅហើយជាមួយបណ្ដាប្រទេសផ្សេងៗទៀតពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយសារតែការចាប់ខ្លួនមេដឹកអតីតគណបក្សសង្រ្គោះជាតិនិងការរំលាយបក្សប្រឆាំងដ៏ធំមួយនេះ ក៏ដូចការរារាំងមន្រ្តីបក្សប្រឆាំងមិនអោយចូលរួមបោះឆ្នោតជាដើម។ បើតាមលោកស្រី ជូលី ហិចឆ័រកក្តាទាំងនេះហើយដែលធ្វើឲ្យអូស្រ្តាលីពិចារណាពីភាពជឿជាក់បាននៃលទ្ធផលការបោះឆ្នោតនៅកម្ពុជានាខែកក្កដាខាងមុខ។

ប្រេសិតពិសេសអង្គការសហប្រជាជាតិលោកស្រី Rhona Smith បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យរបស់លោកស្រីនៅរាជធានីភ្នំពេញនៅថ្ងៃទី 19 ខែតុលាឆ្នាំ 2016 (រូបភាព៖ RFA)

អ្នក​រាយការពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រឆាំកម្ពុជា លោកស្រី រ៉ូណាស្មីត (Rhona Smith) ធ្លាប់បានវាតម្លៃពីស្ថា​នការណ៍ន​យោបា​យ​នៅ​​​កម្ពុជា តាមរយៈ​សេ​ចក្តី​ថ្លែ​ង​ការណ៍ចុះថ្ងៃទី៣០មេសាថា៖

ការបោះ​ឆ្នោត​ណា​​មួយ ដែលមិ​នមា​នការចូ​លរួ​មពី​គណ​បក្សប្រ​ឆាំ​​ង​ដ៏ធំជា​ងគេ គឺ​​មិ​​​​នមែ​នជា​ការបោះឆ្នោតពិតប្រាកដទេ

លោកស្រី រ៉ូណាស្មីត អ្នក​រាយការពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រឆាំកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច លោក​ សុខ ឥសាន បានលើកឡើងថា មន្ត្រីដែលបា​នអះអា​​ង​ក្នុ​​ងព្រឹទ្ធសភានោះ ជាមន្ត្រីតូចតាច។ លោកថាការអះអាងបែបនេះ មិនមែនតំណា​ងឲ្យរដ្ឋាភិបាលអូស្រ្តាលីទាំងមូលទេ ហើយរហូតមកដល់ពេ​​​ល​នេះ​​​កម្ពុជាមិ​នទាន់ទទួលបានលិខិតផ្លូវការពីរដ្ឋាភិបាលអូស្ត្រាលីនៅឡើយដែរ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ការសម្រេចចិត្ត របស់ប្រទេសអូស្ត្រាលី គ្មានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាទេ ដោយលោកថា ចំណាត់ការកន្លងទៅ​ ជាការអនុវត្តច្បាប់ ដើម្បី​ពង្រឹ​ង​នីតិរដ្ឋនៅកម្ពុជា។

បើគេយល់យ៉ាងម៉េចអាហ្នឹងជារឿងរបស់គេ ប៉ុន្តែខ្ញុំយល់ថា ការយល់របស់គាត់មិនអាចបង្ខិតបង្ខំឲ្យកម្ពុជា ដែលជា​ប្រ​​ទេ​​​សមួ​យមានឯករាជ្យមានអធិបតេយ្យហ្នឹងធ្វើតាមគាត់បានទេ ពីព្រោះប្រទេ​សកម្ពុជាមិនមែ​នជាប្រទេស​អាណា​និគមនិ​យ​មរ​បស់​អូស្ត្រាលីទេ

លោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច

សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចំនួនប្រទេស៤៥ប្រទេស ក្នុងចំណោម៤៧ មាន​​បារាំង​ កាណាដា សហរដ្ឋអាមេរិក ចក្រ​ភព​អង់គ្លេស និងអូស្ត្រាលី ជាដើម កាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០១៨ បាន​ចេញ​សេ​ច​ក្តី​ថ្លែ​ង​ការណ៍រួម  ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា ផ្តល់​​​នី​តិសម្បទា​ ដល់គណបក្ស​សង្គ្រោះជាតិ រួមទាំងស​មាជិ​ក​ស​​ភា និង​​សមា​ជិក​ក្រុ​​មប្រឹ​ក្សា​​​​​ឃុំ​-សង្កាត់នៅទូទាំង​ប្រទេស ជាង៥ពាន់ឡើងវិញ។

សេចក្តីថ្លែងការណ៍រួមក៏បានរំឭក​ថា ​រយៈពេល​ ២៥ឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិ មាន​សុទិដ្ឋិនិយមយ៉ាង​ខ្លាំង ទៅលើ​ស្មា​រតី​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែលបាន​ជួយ​ជ្រោមជ្រែងប្រទេស​កម្ពុជា​ឲ្យកសាង​លទ្ធិប្រជា​ធិប​តេ​យ្យ​។

ប៉ុន្តែ​ប្រទេសទាំងនោះ បានបង្ហាញការខកចិត្តថា ខណៈ​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​​មក​ដល់​ បែរជា​បាត់បង់ក្តី​ស​ង្ឃឹ​​ម ដោ​យថា រដ្ឋា​ភិ​បាលបាន​​ជំ​​នួ​​សមកវិញ​ នូវ​ការធ្វើ​ទុក្ខបុកម្នេញ​ទៅលើសិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ​ចាប់​​ប្រធានគណ​បក្សសង្គ្រោះ​ជាតិ​លោ​ក កឹម សុខា និងសកម្មជន​បក្សប្រឆាំង​ជាច្រើន​រូប​ទៀត ដាក់ពន្ធនាគារ ការ​រម្លា​យ​​​គ​​​ណប​ក្ស​​សង្គ្រោះ​ជាតិ​ ​ប​ណ្តេញ​​អង្គការ​ស​ង្គ​ម​ស៊ីវិល និងបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ