ព្រឹទ្ធសភា បានអះអាងដូចទៅនឹងរដ្ឋសភាថា ច្បាប់ស្ដីពីសញ្ជាតិថ្មីដែលខ្លួនបានអនុម័តយល់ព្រមនៅថ្ងៃនេះ បានការពារផលប្រយោជន៍ដល់ប្រទេសជាតិច្រើនជាងច្បាប់ចាស់ ខណៈសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភចំពោះហានិភ័យកើតមានមកលើប្រទេសកម្ពុជា បន្ទាប់ពីច្បាប់នេះចូលជាធរមាន។
ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មី នៅថ្ងៃនេះ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា ច្បាប់ស្ដីពីសញ្ជាតិថ្មីនេះ មានលក្ខណៈរឹតបន្តឹងចំពោះជនបរទេសដែលចង់ចូលសញ្ជាតិខ្មែរ និងបានការពារផលប្រយោជន៍ប្រទេសជាតិច្រើនជាងច្បាប់ចាស់។
សំណើច្បាប់ថ្មីនេះ មិនបានចែងឲ្យច្បាស់លាស់អំពីចំនួនទឹកប្រាក់ជាក់លាក់សម្រាប់ស្នើសុំចូលសញ្ជាតិពីសំណាក់វិនិយោគិនបរទេសនោះឡើយ ប៉ុន្តែ លោក ម៉ម ប៊ុននាង បកស្រាយថា ត្រង់ចំណុចនេះ វាផ្ដល់ភាពងាយស្រួលដល់រដ្ឋាភិបាល ដើម្បីកំណត់ចំនួនទឹកប្រាក់តាមរយៈការចេញអនុក្រឹត្យមួយដាច់ដោយឡែក។
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា បង្ហាញការព្រួយបារម្ភចំពោះច្បាប់ស្ដីពីសញ្ជាតិថ្មីថា អាចបង្កហានិភ័យដល់កម្ពុជា ដោយសារ ច្បាប់នេះបានបន្ថយរយៈពេលស្នាក់នៅរបស់អ្នកវិនិយោគដែលជាជនបរទេសពី ៧ឆ្នាំមកនៅត្រឹម ១២ខែវិញ។
អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា
មាត្រា១០ នៃច្បាប់ស្ដីពីសញ្ជាតិចាស់ឆ្នាំ១៩៩៦ ចែងថា ចំពោះជនបរទេសណាដែលទទួលបានលិខិតអនុញ្ញាតឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបានអនុវត្តគម្រោងជាក់ស្ដែងចំណាយទុនចំនួនចាប់ពី ១.២៥០.០០០.០០០រៀល(មួយពាន់ពីររយហាសិបលានរៀល) ឡើងទៅ និងស្នាក់នៅរយៈពេល ៧ឆ្នាំនោះ ទើបអាចសុំចូលសញ្ជាតិខ្មែរបាន។
ប៉ុន្តែ បើតាមច្បាប់ស្ដីពីសញ្ជាតិថ្មី ត្រង់មាត្រា ២១ និង ២២ មិនមានការកំណត់ចំនួនទឹកប្រាក់ចំពោះជនបរទេសណាដែលមកវិនិយោគនៅកម្ពុជាឲ្យបានច្បាស់ដូចមានចែងក្នុងច្បាប់ចាស់នោះទេ។ ក្រៅពីនេះ នៅក្នុងច្បាប់សញ្ជាតិថ្មីក៏បានបន្ថយរយៈពេលស្នាក់នៅរបស់អ្នកវិនិយោគពី ៧ឆ្នាំមកត្រឹម ១២ខែវិញ។
ច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលព្រឹទ្ធសភាអនុម័តយល់ព្រមនៅថ្ងៃនេះជាមួយសំឡេងគាំទ្រ ៥៩លើសំឡេង ៥៩នោះ មានចំនួន ១០ ជំពូក និង៣៨ មាត្រា។
ច្បាប់នេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើឡើង បន្ទាប់ពីមេដឹកនាំវៀតណាមតែងតែស្នើសុំឲ្យកម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន ១៧ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕