ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូល

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្របានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» ខណៈអ្នកវិភាគថា នេះមិន​មែន​ជា​រឿងចម្លែកនោះទេ។

ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី តាមរយៈ​ព្រះរាជ​ក្រម​ចុះថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ឡាយ​ព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ ច្បាប់​ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូលរបស់ជាតិ រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ព្រះរាជក្រមសរសេរថា៖ «ប្រធានរដ្ឋសភា ព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកដែលមានសញ្ជាតិខ្មែរតែមួយគត់។ […] ច្បាប់ធម្មនុញ្ញនេះត្រូវបានប្រកាសជាការប្រញាប់»

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី មាន​ប្រសាសន៍​នៅថ្ងៃទី៥ ខែវិច្ឆិកានេះថា លោកមិនប្លែកចិត្ត​ទេដែលច្បាប់នេះត្រូវបានអនុម័តក្នុងរយៈពេលត្រឹម២៨​ទៅ២៩ថ្ងៃ។ លោក​ថា លោកបានដឹងជាមុនទៅហើយថា ច្បាប់នេះនឹងចេញយ៉ាងឆាប់រហ័ស ដោយសារតែសភា គឺជាសភាឯកបក្ស។

យ៉ាងណា លោក សេង សារី កត់សម្គាល់ថា បើមើលខ្លឹមសារនៃច្បាប់ជារួម ទោះបីវាកើតក្នុងកាលៈទេសៈមួយដែលមិនសមរម្យក៏ដោយ តែសម្រាប់លោក ខ្លឹមសារនៃច្បាប់នេះមានអត្ថប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ។

លោកបន្តថា៖​ «មនុស្សជំនាន់ក្រោយត្រូវពិចារណា បើសិនជាខ្លួនចង់ធ្វើនយោបាយ ចង់ក្លាយជាអ្នកនយោបាយជាន់ខ្ពស់ អាហ្នឹងគឺខ្លួនមិនគួរសុំសញ្ជាតិ ២ [ឬ] ៣ ទេ។ ទោះបីនៅក្នុងទ្រឹស្ដីគេបញ្ជាក់ថា អ្នកមានសញ្ជាតិមួយមិនស្រឡាញ់ជាតិ ឬអ្នកមានសញ្ជាតិពីរស្រឡាញ់ជាតិតិចជាងអ្នកមានសញ្ជាតិមួយក៏ដោយ ក៏ប៉ុន្តែជារួម គឺគាត់ត្រូវបង្ហាញពីភាពស្មោះត្រង់ចំពោះជនជាតិមួយ ឬក៏ត្រូវតែមានសញ្ជាតិតែមួយ»។


នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ការដាក់ឱ្យប្រើប្រាស់​ច្បាប់​នេះ ​គឺស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែវាប៉ះពាល់ច្រើនដល់អ្នកនយោបាយដែលមានសញ្ជាតិ២ ឬលើសពី២។

លោកនិយាយថា៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញច្រើនដងពេក វានាំឱ្យប៉ះពាល់ដល់នីតិរដ្ឋ។ ដូច្នេះ ផលប៉ះពាល់ទី១ ឃើញថា វាប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា ទី២ គឺបង្ហាញអំពីការរើស​​អើងគ្នាផ្នែកនយោបាយ ហើយការរើសអើងផ្នែកនយោបាយនេះ វានាំឱ្យមានការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ធ្ងរ ហើយក៏ពិបាកនៅក្នុងការផ្សះផ្សា​ជាតិ ឬក៏ដោះស្រាយជាមួយគ្នានៅថ្ងៃអនាគតដែរ»

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូលរបស់ជាតិនេះ គឺបង្ហាញពីមោទកភាពជាខ្មែរ។

លោក ផៃ ស៊ីផាន បន្ថែមថា៖ «អ្នកដែលមានសញ្ជាតិមួយ គឺមានការទទួលខុសត្រូវខ្ពស់ រីឯអ្នកមានសញ្ជាតិច្រើន គឺតែងតែរត់ចោលប្រទេស។ គេមកយកតែពេលប្រទេសមានសន្តិភាព គេតែងតែយកបរទេសដាក់ពីក្រោយខ្នង ដើម្បីត្រួតត្រាខ្មែរទេ។ ដូច្នេះ ក្នុងនាមខ្ញុំៗគាំទ្រ ទោះបីខ្ញុំផ្ទាល់មានសញ្ជាតិពីរក៏ដោយ ប៉ុន្តែខ្ញុំគាំទ្រនូវគោលនយោបាយនិងច្បាប់នេះ»

ការធ្វើវិសោធនកម្ម​​​ច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្ម​មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ជាគំនិតផ្ដួចផ្ដើមរបស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗទាំង​៤របស់ជាតិ រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន «សញ្ជាតិខ្មែរតែមួយគត់»

កាលពីថ្ងៃទី៦ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេ​ច​ក្ដីព្រាង​ច្បាប់នេះ។ ការសម្រេចនេះ ធ្វើឡើងភ្លាមៗក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី បានចោទប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ឃើញការចុះផ្សាយរបស់កាសែតបរទេស The Guardian ថាប្រមុខរដ្ឋាភិបាលកម្ពុជាបានទិញសញ្ជាតិស៊ីប្រើស (Cyprus) ដែល​ជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។

យ៉ាងណា សារព័ត៌មាន The Guardian បានផ្ញើលិខិតសុំទោសជាសាធារណៈទៅ​​ក្រសួង​ការបរទេស​​កម្ពុជា ដោយ​បាន​បង្ហាញការសោកស្ដាយចំពោះកំហុស​របស់​ខ្លួនដែល​​បានផ្សាយខុសការពិត ដែលថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទិញសញ្ជាតិពីប្រទេសស៊ីប្រើសនេះ។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធន​កម្មរួចរាល់ នឹងនៅតែបើកចំហសម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិ លើកលែងតែតំណែងកំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ