ស្ត្រីវ័យកណ្តាលម្នាក់កំពុងបេះសណ្តែកកួរបណ្តើរនិយាយបណ្តើរបានប្រាប់ឱ្យដឹងថា គ្រួសារគាត់ដាំដំណាំបន្លែវិលជុំទទួលបានចំណូលរាល់ថ្ងៃធ្វើឲ្យមានជីវភាពប្រសើរឡើង។ នេះជាការ រៀបរាប់របស់អ្នកស្រី ដោក ណាវី ។
អ្នកស្រី ណាវី បន្តថា គាត់និងអ្នកភូមិមួយចំនួនបានទទួលគម្រោងគាំទ្រពីអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន(EPDO)ជួយបណ្តុះបណ្តាលបន្ថែមជំនាញដាំដុះនិងបានផ្តល់សម្ភារសម្រាប់ស្រោចស្រពដំណាំដល់គ្រួសារនីមួយៗ។
អ្នកស្រីបន្តថា គាត់មានផ្ទៃដីជាង១ហិកតាដាំដំណាំចម្រុះ តែភាគច្រើនគឺដាំត្រឡាច ត្រសក់ និងសណ្តែកកួរ។ សព្វថ្ងៃនេះគាត់បេះបណ្តើរនឹងដាំបណ្តើរ ហើយក្នុងបន្លែ១មុខៗបេះបានប្រហែល១៥០គ.កក្នុង១ថ្ងៃ បន្លែទាំងនេះពួកគាត់យកទៅលក់បោះដុំនៅផ្សារពោធិ៍សាត់ដោយតម្លៃទាបបំផុតបាន ត្រសក់៨០០៛/គ.ក ត្រឡាច១៣០០៛/គ.ក សណ្តែកកួរ២.០០០៛/គ.ក។

អ្នកស្រី ដោក ណាវី រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់
អ្នកស្រី ដោក ណាវី រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។ នៅក្នុងភូមិនេះ ក្រៅពីអ្នកស្រី ណាវី ស្ត្រីមេគ្រួសារមួយចំនួនទៀតក៏កំពុងដាំដុះនិងទទួលផលប្រហាក់ប្រហែល គ្នានេះដែរ។
សំលៀកបំពាក់ខោអាវដៃវែងជើងវែងពាក់មួកក្រណាត់ ពាក់ស្រោមដៃ កំពុងអង្គុយដៃម្ខាងកាន់កញ្ច្រែងជ័រនិងដៃម្ខាងកាន់ផ្លែត្រឡាចគឺអ្នកស្រី ជា ង៉ា ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន៤នាក់ឲ្យដឹងថា គាត់មានដីដាំដំណាំប្រហែលជាង១ហិតា ឯការដាំដុះមិនខុសគ្នាទេព្រោះក្រោមគម្រោងតែមួយ ឯបញ្ហាដែលគាត់ជួបប្រទះគឺគាត់ជាស្ត្រីមេម៉ាយគាត់ត្រូវធានាចិញ្ចឹមកូនៗឲ្យបានរៀនសូត្រផង និងត្រូវរកលុយដើម្បីប្រើប្រាស់ក្នុងគ្រួសារផង។

ទោះយ៉ាងណាអ្នកស្រីចង់ឲ្យបន្លែដែលដាំដោយមិនមានសារធាតុគីមីនេះ លក់បានបានថ្លៃជាងបន្លែទូទៅដែលមិនមានការធានាដល់គុណភាព។
អ្នកស្រី ជា ង៉ា ជាស្ត្រីមេម៉ាយ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់
អ្នកស្រី ជា ង៉ា បន្តថា គម្រោងនេះត្រូវចប់ខែ១២ ឆ្នាំ២០១៨ខាងមុខ តែទោះបីជាគ្មានគម្រោងនឹងក៍ដោយ ក៍ពួកគាត់នៅតែបន្តដាំដុះដដែលព្រោះជាមុខរបររបស់ពួកគាត់តាំងពីដើមមក ហើយការដាំបន្លែនេះធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង។
លោក សើន កេត មេភូមិអូរថ្កូវបានប្រាប់ថា តាមគាត់ពិនិត្យទៅក្រុមដាំបន្លែសរីរាង្គវិលជុំនេះមានភាពរីកចំរើនល្អប្រសើរ ដោយឃើញពួកគាត់មានលុយកាក់ចាយវាយ ឱ្យកូនទៅរៀននិងមានម៉ូតូជិះស្ទើរគ្រប់ផ្ទះ។
លោក សើន កេត មេភូមិអូរថ្កូវ
ការដាំដំណាំសរីរាង្គដោយមិនប្រើជីគីមីយកមកដាំឬថ្នាំគីមីមកសម្លាប់សត្វល្អិតវាជាគោលបំណងរបស់ក្រសួងកសិកម្មកំពុងតែជំរុញឱ្យប្រជាពលរដ្ឋទូទៅដាំដំណាំរបៀបនេះ ព្រោះវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកស្រី រិទ្ធ គន្ធា មន្ត្រីអនុវត្តន៍គម្រោងអង្គការ(EPDO)បានឱ្យដឹងថា អង្គការ(EPDO)បានទទួលថវិកាពីក្រសួងកសិកម្ម យកមកអនុវត្តគម្រោងដែលមានឈ្មោះ(ជំរុញផលលិតកម្មស្បៀង)ដែលអនុត្តច្រើនភូមិក្នុងខេត្តពោធិ៍សាត់។ ដោយឡែកក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខាងអង្គការបានចាប់យកភូមិអូរថ្កូវនេះជាភូមិគោលដៅ ដោយសារភូមិនេះមានសក្តានុពលក្នុងការដាំដំណាំ គម្រោងនេះចាប់ផ្តើពីខែមករា ឆ្នាំ២០១៨ បញ្ចប់នៅខែធ្នូ២០១៨ ជាគម្រោងសាកល្បងបើជោគជ័យមានគម្រោង៥ឆ្នាំបន្ត។
នៅភូមិអូរថ្កូវនេះមានសមាជិកដែលបានជ្រើស២៦គ្រួសារ ឯលក្ខខណ្ឌនៃការជ្រើសរើសគឺគ្រួសារនិមួយៗត្រូវមានផ្ទៃដីសម្រាប់ដាំដុះចាប់ពី១៥អាឡើងទៅ ហើយត្រូវតែដាំតាមបច្ចេកទេសដែលបានណែនាំមិនប្រើជីមីនិងជាអ្នកដាំដំណាំអាជីព។
លោកស្រី រិទ្ធ គន្ធា មន្ត្រីអនុវត្តន៍គម្រោងអង្គការ(EPDO)
លោកស្រី រិទ្ធ គន្ធា បន្តថា ខាងអង្គការបានផ្តល់នូវសម្ភារសម្រាប់បម្រើការដាំដុះនិងពូជបន្លែដល់គ្រប់សមាជិកទាំងអស់ នឹងបានផ្តល់រ៉ឺម៉ក១គ្រឿងសម្រាប់ដឹកបន្លែទៅលក់ ក្រៅពីនោះក៍ជាអ្នកផ្តល់បច្ចេកទេសបន្ថែមនិងស្វែងរកទីផ្សារផងដែរ ដោយនាំយកផលិតផលទាំងនោះទៅដាក់តាំងពិព័រណ៍តាមកម្មវិធីនានានៅទូទាំងប្រទេសដើម្បីឱ្យគេកាន់តែស្គាល់។

ភូមិអូរថ្កូវគឺជាភូមិមួយស្ថិតនៅក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ជាភូមិដាច់ស្រយ៉ាលនៅជាប់ជើងភ្នំត្រប់ មានចម្ងាយប្រហែលជាង៨គីឡូម៉ែត្រពីសាលាសង្កាត់រលាប ។ មានប្រជាពលរដ្ឋចំនួន៦៧០គ្រួសារ ឯការប្រកបមុខរបរវិញធ្វើស្រែ៣០% ធ្វើចំការ៣០% ដាំដំណាំវិលជុំ២០% និងមុខរបរផ្សេងៗ២០%។
រាយការណ៍ដោយ៖ ពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន