ស្ត្រីរងអំពើហិង្សានៅខេត្តកំពង់ធំលែងលះគ្នាត្រឹមគណៈកម្មការដោះស្រាយទំនាស់ក្រៅ

អ្នកស្រី ហុង គុណ ដែលសម្រេចលែងលះប្តី(រូបពីVoeurn Cheam)

ស្ត្រីម្នាក់នៅក្នុងភូមិមួយ ខេត្តកំពង់ធំ អះអាងថា លែងលះស្វាមី ដោយសារមិនអាចទ្រាំរស់នៅក្រោម​អំពើហិង្សារ៉ាំរ៉ៃ

អ្នកស្រី ហុង គុណ រស់នៅភូមិ សែនអភិវឌ្ឍន៍១ ឃុំ ទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំ បានរៀប​រាប់ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្វាមីគាត់តែងតែប្រើហិង្សាលើរូបគាត់ច្រើនឆ្នាំ និងលួចមានប្រពន្ធចុងចំនួន៣នាក់បន្ថែមទៀត។ ករណីនេះ អ្នកស្រីសម្រេច​ចិត្តឲ្យមន្ត្រីគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅឃុំ ជួយធ្វើកិច្ចសន្យាលែងលះគ្នា ដើម្បីបញ្ឈប់ទំនាស់។

លោកស្រីបានមានប្រសាសន៌ថា៖«នេះជាជម្រើសចុងក្រោយរបស់ខ្ញុំ ព្រោះគេមានប្រពន្ធចុងដល់ទៅបីនាក់ បើទៅតុលាការនាំតែខាតពេលរកស៊ី ទើបខ្ញុំសម្រេចបញ្ចប់រឿងតែត្រឹម[គណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ]ហ្នឹង»

លោក កៀត ហេង ដែលត្រូវជាស្វាមី បានឆ្លើយតបវិញថា លោកពិតជាធ្លាប់រករឿងប្រពន្ធបង្កឲ្យមានទំនាស់ក្នុងគ្រួសារច្រើនដងមែន ប៉ុន្តែ មុននឹងលែងលះគ្នា លោកសុំឲ្យមន្ត្រីគណៈកម្មការដោះស្រាយទំនាស់​ក្រៅប្រព័ន្ធតុលាការបែងចែកទ្រព្យសម្បត្តិគ្នាជាមុនសិន។

លោកឆ្លើយតបថា ៖ «រឿងវាពិតដូចជាដូច្នេះមែន ខ្ញុំមិនប្រកែកទេ ខ្ញុំសំណូមពរសុំដីកសិកម្មបានខ្លះៗ ដើម្បីបានចិញ្ចឹមកូន ព្រោះប្លង់កម្មសិទ្ធ គ្រួសារខ្ញុំជាអ្នកធ្វើ។»

កាលពីថ្ងៃទី១២ ខែតុលា ប្តីប្រពន្ធទាំងពីរនាក់ បាននាំគ្នាទៅសាលាឃុំ ទីពោ ដើម្បីស្នើសុំឲ្យមន្ត្រីគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការផងដែរ។

ប៉ុន្តែមន្ត្រី​គណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ លោក ប៉ាត នី មានប្រសាសន៍ថា លោក​មិនមានសិទ្ធិសម្រេចឲ្យគូរស្វាមីលែងលះគ្នាទេ ដោយថា គណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ មានសិទ្ធិអំណាច​សម្របសម្រួលឲ្យគូភាគីជាសះគ្នាវិញតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា «នេះជាការសម្រេចចិត្តរបស់អ្នកទាំងពីរ ដោយខ្លួនឯង គណៈកម្មការពុំមានសិទ្ធិអាកាត់ឬ ក៏បែងចែកទ្រព្យសម្បត្តិអ្វីទេ មានតែការសម្របសម្រួលឲ្យជានានិងគ្នាវិញ ព្រោះកន្លងមកយើងបានដោះស្រាយបានជោគជ័យច្រើនដែរ»

បើតាមស្ត្រីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ អះអាងថា កន្លងមកស្ត្រីភាគច្រើនឲ្យតែមានវិបត្តិក្នុងគ្រួសារ តែងតែទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឲ្យខាតថវិកា និងចំនេញពេលវេលាជាដើម៕


លោក ជៀម វឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។