ស្ត្រីជាកម្មការិនីសំណង់ម្នាក់ធ្លាក់ស្លាប់ ពីលើអាគារផ្ទះល្វែង នៅរាជធានីភ្នំពេញ

ទីតាំងការដ្ឋានសំណង់ផ្ទះល្វែង ដែលស្ត្រីរងគ្រោះធ្វើការ។ រូបភាព៖ ពលរដ្ឋសម័យឌីជីថល (Citizen of Digital Age)

ស្ត្រីជាកម្មការិនីសំណង់ម្នាក់បានធ្លាក់ពីលើប្លង់សេជាន់ទីមួយ បណ្តាលឲ្យស្លាប់នៅការដ្ឋានសំណង់ផ្ទះល្វែង នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៩ ខែមីនា។

បើតាមសម្តីប្អូនថ្លៃជនរងគ្រោះ លោក យ៉ន់ យឿន ដែលជាកម្មសំណង់ដូចគ្នា។

ប្អូនថ្លៃជនរងគ្រោះដែលជាកម្មដូចគ្នា លោក យ៉ន់ យឿនឲ្យដឹងថា៖ «គាត់បានមកធ្វើការទាំងពីរនាក់ប្តីប្រពន្ធបាន១២ថ្ងៃហើយ ដោយគាត់មានជំពាក់បំណុលគេនៅស្រុក។ គាត់មកធ្វើការដើម្បី​រកប្រាក់សងបំណុលគេជាង៦០ម៉ឺនរៀល។​ ជាធម្មតាគាត់ធ្វើការនៅខាងក្រោម តែថ្ងៃនេះ មិនដឹងម៉េចគាត់ គាត់ឡើងម៉ោ(មក)លើប្លង់សេគេទើបចាក់ហើយ ប្រហែលឲ្យស្រឡះមុខគាត់ហ្នឹងយ៉ាង។ ក្រោយមកក៏ធ្លាក់ដាំដូងក្បាលមកមុន ប្រហែលជាគាត់ងងឹតមុខ ធ្លាក់ក្បាលប៉ះនឹងដុំថ្ម ក៏ស្ងាត់មាត់ឈឹង។»

ប្រភពដដែលឲ្យដឹងថា ស្ត្រីរងគ្រោះឈ្នោះ មឹល ក្រពុំ អាយុ50ឆ្នំា រស់នៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ម្ចាស់សំណង់ លោក ឡេង ទ្រី បានឲ្យដឹងថា ក្រោយពីធ្លាក់ ស្រ្តីរូបនោះមិនទាន់ស្លាប់ទេ ហើយលោក​បានយកជនរងគ្រោះទៅមន្ទីពេទ្យឯកជនមួយភ្លាមៗ។

លោកបន្ថែម​ថា​៖ «ពេលខ្ញុំយកទៅដល់ពេទ្យឯកជន ឈ្មោះឃឿន ពេទ្យថាមិនសង្ឃឹមទេ ឲ្យយកមកវិញទៅ។»

លោកថា លោកតែងតែប្រាប់ក្រុម​ជាងរបស់​លោកឲ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច។

គួររំលឹកថា កម្មករដែលធ្វើការនៅផ្ទះល្វែងនេះមានចំនួន10នាក់ ក្នុងនោះមានស្រ្តី៣នាក់​ដែល​រាប់ទាំងជនរងគ្រោះ។

សពជនរងគ្រោះត្រូវគ្រួសារដឹកបញ្ជូនទៅស្រុកកំណើតដោយមានការជួយឧបត្ថម្ភពីមេជាង និងម្ចាស់ផ្ទះ៕​

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។