រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​ អំពាវនាវ​ឲ្យ​អ្នក​ភូមិ​​ចូលរួម​ការពារ​​ព្រៃ​សហគមន៍​

លោក ងួន សុវណ្ណារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់។ រូបភាព៖ ពលរដ្ឋសម័យឌីជីថល (Citizen of Digital Age)

លោក ងួន សុវណ្ណារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ទទួលបន្ទុកការងាររួម បានក្រើនរំលឹកដល់តាមបណ្តាញសហគមន៍ព្រៃឈើ ឱ្យបង្កើនការការពារព្រៃឱ្យបានគង់វង្ស។

ការលើកឡើងនេះនៅក្នុងពិធីបិទអង្គប្រជុំបណ្តាញសហគមន៍ព្រៃឈើខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅខណ្ឌរដ្ឋបាលខេត្តនេះ​។

លោក ងួន សុវណ្ណារ៉ា បាន​បន្តថា មាន​ព្រៃសហគមន៍ទេទើប​អាចរក្សាបានល្អ បើព្រៃរដ្ឋវិញពិបាកការពារណាស់ ដោយសារកម្លាំងជំនាញមានគ្នាតិច ហើយជនល្មើសដែលលួចកាប់ព្រៃឈើវាចាំតែមើលចំណុចប្រឡោះរបស់សមត្ថ​កិច្ចទេ។

លោកថា៖ «បច្ចុប្បន្ននេះ យើងដាក់ល្បាតតាមផ្លូវជាតិលេខ៥៥ វាចេញតាមផ្លូវទៅបំណក់។ យើងយកកម្លាំងទៅដាក់ផ្លូវហ្នឹង វាចេញទៅតាមផ្លូវកាត់តូចៗ ហើយបើយើងយកកម្លាំងទៅដាក់ស្ទាក់តាមផ្លូវតូចៗ ទាល់តែដកកម្លាំងពីផ្លូវធំៗ ព្រោះអីកម្លាំងយើងមានតិច។ ដូច្នេះហើយមានតែព្រៃសហគមន៍ទេ ដែលនៅជិតមូលដ្ឋានបងប្អូន គឺយើងអាចចុះល្បាតបានរាល់ថ្ងៃ ដោយសារតាមសហគមន៍នីមួយៗមានសមាជិកច្រើនអាចផ្លាស់ប្តូរគ្នាចុះល្បាតបាន។»

លោកក៍បានរំលឹកដែរថា បើមានបញ្ហា ឬមានបទល្មើសកើតឡើងដែលហួសពីសមត្ថភាពរបស់សហគមន៍ត្រូវរាយការណ៍មកអ្នកជំនាញ និងអាជ្ញាធរ ប៉ូលីសប៉ុស្តិ៍ ដើម្បីឱ្យគេជួយធ្វើអន្តរាគមន៍។

លោក ម៉ន សារ៉ន សមាជិកក្រុមប្រិក្សាឃុំឈើតុំ ស្រុកក្រគរ ទទួលបន្ទុកសហគមន៍ព្រៃឈើ បានលើកឡើងថា ក្នុងឃុំឈើតុំមានការរុករានទន្ទ្រានយកដីព្រៃសហគមន៍ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះបីយើងចុះទៅទប់ស្កាត់ដល់ទីតាំងផ្ទាល់ ហើយហៅគាត់មកធ្វើកិច្ចសន្យាដកហូតនៅសាលាឃុំតែពួកគាត់នៅតែមិនរាងចាល។

គាត់បន្តថា៖ «អ្នករុករានដីសុទ្ធតែអ្នកភូមិគ្នាឯង។ គាត់មានដីខ្លះហើយ តែពួកគាត់លោភលន់ចង់បានដីព្រៃសហគមន៍ ដែលមានប្រកាស់ទទួលស្គាល់ពីក្រសួងទៀត ពេលយើងហៅពួកគាត់មកណែនាំធ្វើកិច្ចសន្យា គាត់ព្រមប្រគល់ឱ្យដីវិញតែឱ្យនៅលើក្រដាស ដល់លើទីវាលគាត់មិនឱ្យ»។

លោក បន្តប្រាប់ថា កន្លែងដីព្រៃម្តុំភូមិក្បាលទាហាន ឃុំឈើតុំ ជាដីមានទំនាស់រវាងអាជ្ញាធរជាមួយក្រុមហ៊ុនរបស់ចិនគេមកធ្វើវិនិយោគ ដែលមានប្លង់ជាន់លើដីព្រៃប្រជាពលរដ្ឋ ក្រោយមកក៍មានការចរចាគ្នាជាមួយក្រុមហ៊ុន ដោយមានការចូលរួមសម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ស្រុក និងមន្ទីរជំនាញផងនោះ ទើបក្រុមហ៊ុនព្រមប្រគល់ដីព្រៃជិត៥០០ហិតាមកអាជ្ញាធរឃុំវីញ ដើម្បីបង្កើតសហគមន៍ព្រៃឈើ។

ក្រោយពីមានសារាចរលេខ០០១របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ ក្រុមនិសិត្សបានដើរវាស់កាត់ឆ្វៀលដីដែលប្រជាពលរដ្ឋបង្កបង្កើនផលជូនពួកគាត់ជាកម្មសិទ្ធិ (មានប្លង់រឹង) ទើបមកឆ្នាំ២០១៨ នៅពេលដែលអាជ្ញាធររវល់មមាញឹករឿងបោះឆ្នោត ស្របពេលដីមានតម្លៃផង ពួកគាត់បានយកគ្រឿងចក្រទៅឈូសឆាយយកដីព្រៃធ្វើជាកម្មសិទ្ធិ ដោយមួយគ្រសារៗប្រហែល៤ទៅ៥ហិកតា។

ពេលសហគមន៍ទៅហាមឃាត់ ពួកគាត់បែជាចោទខាងសហគមន៍ថា យកដីពួកគាត់ធ្វើសហគមន៍ ដោយសំអាងថា ពួកគាត់មកចាប់ដីនៅទីនេះតាំងពីឆ្នាំ១៩៩០មកម្លេះ។

លោក បន្ត​ថា៖ «ម្តុំព្រៃក្បាលទាហ៊ាននេះ កាលពីឆ្នាំ១៩៩៣ គឺជាតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម សូម្បីតែសាលាឃុំក៍គ្មានអ្នកណាចង់ហ៊ានអង្គុយធ្វើការនៅយូរផង ព្រោះខ្លាចខ្មែរក្រហមផ្លោងដាក់។ រឿងគាត់និយាយថាមកនៅតាំងពីឆ្នាំ១៩៩០ ជារឿងមិនពិត គាត់អត់ដឹងពីប្រវត្តម្តុំហ្នឹងផង ព្រោះគាត់ទើបមកនៅ»។

លោកបានសំណូមពរទៅរដ្ឋបាលព្រៃឈើ និងនិងមន្ទីរសុរិយោដីខេត្តសូមជួយចុះពិនិត្យ និងកំណត់ព្រំដីរបស់ពួកគាត់ឡើងវិញទៅតាមប្លង់រឹងគាត់មាន ព្រោះអីខាងឃុំមិនអាចរកព្រំប្រទល់គាត់ឃើញទេ ព្រោះគាត់ឈូសឆាយវាលអស់ហើយ ទាល់តែជំនាញទើបរកឃើញ។

លោក ទេព សិទ្ធាន ប្រធានសហគមន៍ព្រៃឈើអូរបាកត្រា ឃុំប្រងឹល ស្រុកភ្នំក្រវ៉ាញ បានសម្តែងនៅការព្រួយបារម្ភក្នុងការបង្កើតក្រុមចុះល្បាតបន្ថែម ដោយយកចេញពីអ្នកនៅក្នុងភូមិ។ លោក ថា វាមានចំណុចល្អនិងមិនល្អ ឯចំណុចមិនល្អនោះ គឺអ្នកខ្លះចូលរួមដើរល្បាតព្រៃគឺគ្រាន់តែទៅដើម្បីសម្គាល់ឈើប្រណិតតែប៉ុណ្ណោះ​ ដល់ពេលយប់ពួកគាត់ទៅលួចកាប់។

គាត់ថា៖ «យើងនាំអ្នកប្លែកចូលទៅ ដូចនាំគាត់ទៅបង្ហាញព្រៃម្តុំនេះមានឈើអី ម្តុំនោះមានពកជាដើម។ កន្លមក ខ្ញុំធ្លាប់ជួបប្រទះ ខ្ញុំនាំទៅល្បាតជាមួយគាត់សួរនេះសួរនោះ រឿងឈើត្រូវប៉ាន់ ពេលថ្ងៃក្រោយខ្ញុំទៅល្បាតទៀត ឃើញបាត់ឈើត្រូវប៉ាន់។ ពេលយើងតាមដានសួរនាំទៅ ទើបដឹងថា អ្នកទៅជាមួយយើងជាអ្នកលួចកាប់»។

តែទោះជាយ៉ាងណាក៍លោក ងួន សុវណ្ណារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ នៅតែជម្រុញឲ្យតាមសហគមន៍ប្រៃឈើបង្កើនការបង្កើតក្រុមល្បាត ដើម្បីរួមចំណែកការពារព្រៃសហគមន៍តាមមូលដ្ឋាន។

បច្ចុប្បន្ន នៅខេត្តពោធិ៍សាត់មានសហគមន៍ព្រៃឈើសរុបចំនួន៩១សហគមន៍ ដោយគ្របដណ្តប់លើផ្ទៃដីចំនួន១៧ ៦៥៦ហិតា ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ហើយបានបង្កើតបណ្តាញសហគមន៍ថ្នាក់ឃុំចំនួន២០ ស្ថិតក្នុង៦ស្រុក៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។