វៀតណាមឃុំខ្លួនជនជាតិអាមេរិក១២ឆ្នាំថាប៉ុនប៉ងផ្តួលរដ្ឋាភិបាល

តុលាការវៀតណាមសម្រេចកាលពីថ្ងៃចន្ទម្សិលមិញដាក់ពន្ធនាគារបុរសជនជាតិអាមេរិកម្នាក់១២ឆ្នាំ ដោយចោទថា បានប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។​

បុរសជនជាតិអាមេរិកមានដើមកំណើតវៀតណាម​រូបនេះ ឈ្មោះ Michael Phuong Minh Nguyen អាយុ៥៥ឆ្នាំ រងការចោទថា ធ្វើសកម្មភាពតវ៉ាផ្តួលរំលំរដ្ឋាភិបាល និងមានការដាក់ពង្រាយគ្រាប់នៅការិយាល័យរដ្ឋាភិបាលក្នុងជីងក្រុងហូជីមិញ និងទីក្រុងហាណូយ។​ នេះ បើតាមសារព័ត៌មាន BBC។

ជនជាតិវៀតណាម៣រូបផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនក្នុងករណីជាមួយគ្នានេះដែរ។ ប៉ុន្តែពួកគេច្រានចោលការចោទប្រកាន់ទាំងនេះ។​

បើទោះជាវៀតណាមមានការធ្វើកំណែទម្រង់សេដ្ឋកិច្ច និង មានសកម្មភាពស្និទ្ធទៅជាមួយប្រទេសលោកសេរីមួយរយៈកាលចុងក្រោយនេះ ក៏ដោយប៉ុន្តែរដ្ឋាភិបាលនៃប្រទេសនេះ នៅតែដឹកនាំដោយគណបក្សតែមួយ ដែលមានរឹតត្បិតខ្លាំង លើក្រុមដែលតវ៉ាប្រឆាំងឬរិះគន់រដ្ឋាភិបាល។​

លោក Nguyen Van Tam មេធាវីការពារក្តី ថ្លែងថា សេចក្តីសម្រេចរបស់តុលាការចោទប្រកាន់នេះ មានលក្ខណៈធ្ងន់ធ្ងរពេក។ លោកថា តុលាការមិនមានភស្តុតាងបញ្ជាក់ថា កូនក្តីរបស់លោកដាក់ពង្រាយគ្រាប់បែកនោះទេ។​ ទោះយ៉ាងណាមេធាវីរូបនេះ មិនទាន់ដឹងច្បាស់ថា ត្រូវប្តឹងទៅឧទ្ធរណ៍ឬ យ៉ាងណានោះទេ។​

លោកMichael Phuong Minh Nguyen កើតនៅវៀតណាម​ ហើយទៅរស់នៅសហរដ្ឋអាមេរិកតាំងពីក្មេង។ លោក មានកូន៤នាក់ ហើយក្នុងអំឡុងធ្វើដំណើរទៅវៀតណាមក្នុងលក្ខណៈឯកជនកាលពីឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ