អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ់ សួន (Vo Thi Anh Xuan) កាលពីថ្ងៃពុធកន្លងទៅ ត្រូវបានតែងតាំងជាប្រធានរដ្ឋស្តីទីវៀតណាម បន្ទាប់ពីប្រធានរដ្ឋ លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានប្រកាសលាលែងចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម Tuoi Tre News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ថ្លែងឱ្យដឹងតាមរយៈសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ (Vuong Dinh Hue) បានឱ្យដឹងថា លោកស្រី Xuan នឹងបន្តកាន់កាប់តំណែងជាប្រធានរដ្ឋស្តីទីនេះ រហូតដល់រដ្ឋសភាជ្រើសរើសបានប្រមុខរដ្ឋថ្មី។
សេចក្តីជូនដំណឹងនេះបានចេញផ្សាយក្រោមការសម្រេចលេខ 83/2023/QH15 ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១៥ របស់រដ្ឋសភា នៅថ្ងៃទី១៨ ខែមករា ក្នុងសប្តាហ៍នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំរបស់រដ្ឋសភា។
ការតែងតាំងលោកស្រី វ៉ូ ធី អាញ់ សួន ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ង្វៀន សួនហ៊្វុក បានលាលែងចេញពីមុខតំណែង និងប្រកាសចូលនិវត្តន៍កាលពីថ្ងៃអង្គារកន្លងទៅ ខណៈគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងថ្ងៃដដែលនេះ ក៏បានយល់ស្របផងដែរ។
ការប្រកាសចុះចេញពីតំណែងដោយប្រធានរដ្ឋវៀតណាមនេះកើតឡើង ខណៈមានការលើកឡើងថា រូបលោកត្រូវបានស្តីបន្ទោសដោយគណបក្សកុម្មុយនីស្តវៀតណាម (Communist Party) ដែលកំពុងកាន់អំណាច ទាក់ទងនឹងការបំពាន និងការប្រព្រឹត្តខុសដោយមន្ត្រីនៅក្រោមការគ្រប់គ្រងរបស់លោក ស្របពេលដែលវៀតណាមកំពុងតែបង្កើនការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេសផងដែរ។
គួរបញ្ជាក់ថា លោកស្រី វ៉ូ ធី អាញ់ សួន ធ្លាប់បម្រើការជាអនុប្រធានរដ្ឋបាលខេត្ត អានយ៉ាង (An Giang) ក្នុងឆ្នាំ២០១៣ និងបន្ទាប់មកជាអនុលេខាគណៈកម្មាធិការបក្សខេត្ត។
លោកស្រីក៏បានក្លាយជាលេខាគណៈកម្មាធិការបក្សនៃខេត្ត អានយ៉ាង ក្នុងឆ្នាំ២០១៥ មុនពេលដែលត្រូវបានបោះឆ្នោតជាអនុប្រធានរដ្ឋ ក្នុងឆ្នាំ២០២១៕