តំណាងក្រុមយុវជនមកពីបណ្ដារាជធានី-ខេត្តមួយចំនួន បានលើកឡើងថា ពួកគេគ្រោងប្រមូលផ្ដុំគ្នាជាថ្មីទៀតនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ដ្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក អ៊ុំ ឈុម បានឱ្យវីអូឌីដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីចុងខែធ្នូ ឆ្នាំ២០២២ ពួកគេបានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារទៅរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ដ្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៩ ខែកុម្ភៈនេះ រដ្ឋាភិបាលមិនទាន់មានដំណោះស្រាយនៅឡើយ ។
ករណីនេះ លោក អ៊ុំ ឈុម អះអាងថា យ៉ាងយូរមួយសប្តាហ៍ទៀត លោកនឹងធ្វើលិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ សុំធ្វើការជួបជុំគ្នាជាថ្មីទៀតនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខនេះ ដើម្បីទាមទារទៅរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ដ្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
លោកមានប្រសាសន៍ថា៖ «មុនមួយអាទិត្យ យើងដាក់ពាក្យជូនដំណឹងទៅសាលាក្រុង ខ្ញុំគិតថាមិនមានអ្វីត្រូវរាំងស្ទះទេ គេមិនព្រមឱ្យធ្វើ ក៏យើងនៅតែធ្វើដែរ ពីព្រោះអីយើងពន្យារពេលគេច្រើនហើយ យើងពន្យារហើយពន្យារទៀត។ អ៊ីចឹងយើងអត់ត្រូវពន្យារពេលបន្ថែមទៀតទេ ណាមួយកាលណាយើងពន្យារ បញ្ហាហ្នឹងកាន់តែស្ងប់ស្ងាត់ទៅៗ»។
យ៉ាងណា លោក អ៊ុំ ឈុម មិនទាន់បញ្ជាក់ពីចំនួនអ្នកដែលចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះទេ ដោយសារលោកកំពុងប្រមូលតួលេខអ្នកចូលរួមជាបណ្តើរៗ។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា ការធ្វើបាតុកម្ម និងការជួបជុំគ្នាសម្តែងមតិនៅទីសាធារណៈ ត្រូវគោរពតាមច្បាប់ បើពុំដូច្នោះទេ អ្នកដែលបំពានច្បាប់ ត្រូវទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត។
លោកមានប្រសាសន៍ថា៖ «ច្បាប់បាតុកម្មដោយសន្តិវីធី ច្បាប់មួយចំនួនមាន! អ៊ីចឹងបើសិនជាគាត់ធ្វើសកម្មភាពណាមួយដែលមិនគោរពតាមផ្លូវច្បាប់ គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា ការជួបជុំរបស់សហគមន៍ ប្រជាពលរដ្ឋ ក្នុងការសម្តែងមតិទាមទាររឿងអយុត្តិធម៌សង្គមកន្លងមក ហាក់មានភាពចង្អៀតនៅឡើយ។ ករណីនេះ លោកស្រីជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
លោកស្រីមានប្រសាសន៍ថា៖ «ជាទូទៅ យើងកត់សម្គាល់ឃើញថា លំហនៃការជួបជុំដោយសន្តិវិធី ហាក់ដូចជាមានភាពចង្អៀត ដោយសារកន្លងមក យើងឃើញអាជ្ញាធរហាក់មានការរឹតត្បិត ឬក៏ពេលខ្លះ ទោះបីជាសហគមន៍ជូនដំណឹងទៅតាមនីតិវិធីយ៉ាងណាក៏ដោយ ក៏ត្រូវបានបដិសេធ! តិចតួចណាស់ ដែលអាជ្ញាធរផ្តល់នូវភាពងាយស្រួល ឬក៏ផ្តល់នូវការអនុញ្ញាតឱ្យរៀបចំ»។
លោកស្រីបន្ថែមថា៖ «ប៉ុន្តែមែនទែន ការដាក់លិខិតជូនដំណឹងនេះ វាមិនមែនលក្ខខណ្ឌ ដូចថាជាការសុំការអនុញ្ញាតទេ។ ជាទូទៅ អាជ្ញាធរហាក់ដូចជាមានការយល់ខុសថា រាល់ការជួបជុំត្រូវតែសុំការអនុញ្ញាត តាមពិតមិនមែនទេ គឺការជូនដំណឹង។ ហើយតាមការណែនាំដែលក្រសួងមហាផ្ទៃ សហការជាមួយនឹងការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ក៏បានពន្យល់ដែរថា ជាទូទៅ គឺត្រូវឆ្លើយជាវិជ្ជមាន ហើយបង្កភាពងាយស្រួលសម្រាប់សហគមន៍ គាត់អាចអនុវត្តសិទ្ធិសេរីភាពបាន»។
រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់អនុញ្ញាតឱ្យក្រុមយុវជនធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប្រឆាំងការចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច ដោយដាក់កំហិតឱ្យអ្នកចូលរួមក្រោម២០០នាក់តែប៉ុណ្ណោះ។
ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជនទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោងបង្កើតអាគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈក្រសួងមហាផ្ទៃបានក្រើនរំឭកដល់មន្ត្រីក្រោមឱវាទ និងវិស័យឯកជន ទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត សម្រាប់បម្រើក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រីថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់ទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេសអន្តោប្រវេសន្តទាំងនោះ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ បានស្នើឱ្យកម្ពុជាឱ្យបង្កលក្ខណៈងាយស្រួល ទាក់ទងនឹងការផ្តល់ឯកសារស្របច្បាប់ដល់ប្រជាពលរដ្ឋខ្លួនដែលតាំងទីលំនៅលើទឹកដីកម្ពុជា ខណៈអ្នកឃ្លាំមើលនិយាយថា ការស្នើដដែលៗនេះជារឿងអាក្រក់នៃនយោបាយការទូតរបស់វៀតណាមមកលើកម្ពុជា៕