មេដឹកនាំថៃនិងវៀតណាមព្យាបាលជំងឺក្នុងប្រទេស ផ្តល់ទំនុកចិត្តដល់ប្រជាជន

ព្រះមហាក្សត្រថៃភូមិវិបុល អាឌុលយ៉ាដេត(Bhumibol Adulyadej) ចូលទិវង្គតនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យSirirajក្នុងទីក្រុងបាងកក (ស្តាំ)និង អតីតប្រធានាធិបតីទី៤របស់វៀតណាមលោក ឡេ ដឹកអាញ់(Le Duc Anh)ទទួលមរណភាពនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ នៅមន្ទីរពេទ្យយោធា១០៨ក្នុងទីក្រុងហាណូយ(ឆ្វេង)។(រូបភាព៖ វេបសាយបរទេស)

មេដឹកនាំថៃ និងវៀតណាម​ជ្រើសរើសយកការព្យាបាលជំងឺនៅក្នុងប្រទេស ជាផ្នែកមួយសំខាន់ក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល និងការផ្តល់ទំនុកចិត្តដល់ប្រជាជនឱ្យជ្រើសរើសយកការព្យាបាលនៅក្នុងប្រទេសដែរ។​

វៀតណាម

ប្រធានាធិបតីវៀតណាមលោក ង្វ្រៀន ភូត្រុង (Nguyen Phu Trong) វ័យ៧៥ឆ្នាំ ធ្លាក់ខ្លួនឈឺកាលពីចុងខែមេសាឆ្នាំ២០១៩ ក្នុងកម្រិតធ្ងន់មួយ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បញ្ជាក់ថា ស្ថានភាពលោក ភូត្រុង ធ្ងន់ធ្ងរហើយសម្រាកព្យាបាលនៅមន្ទីរយោធាមជ្ឈឹម១០៨ ក្នុងទីក្រុងហាណូយ។ បន្ទាប់មក លោកជាសះស្បើយពីជំងឺហើយបំពេញការងារធម្មតាវិញ។

អតីតប្រធានាធិបតីទី៨របស់វៀតណាម លោក ត្រាន់ ដាយក្វាង (Tran Dai Quang) ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកាលពីឆ្នាំ២០១៧  ហើយព្យាបាលជំងឺបន្តបន្ទាប់នៅក្នុងប្រទេស រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោកទទួលមរណភាពនៅក្នុងមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ។​

អតីតប្រធានាធិបតីទី៤ របស់វៀតណាម ​លោក ឡេ ដឹកអាញ់ (Le Duc Anh) ធ្លាក់ខ្លួនឈឺហូរឈាមក្នុងខួរក្បាលកាលពីខែកុម្ភះ ឆ្នាំ២០១៨ ហើយទទួលការព្យាបាលនៅមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ រហូតទទួលមរណភាពនៅទីនោះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។​​

ថៃ

ព្រះមហាក្សត្រថៃភូមិវិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ជាក្សត្រទី៩ ដែលគ្រងរាជ្យបាន ៧ទសវត្សរ៍។ ពលរដ្ឋថៃ ចាត់ទុកជាក្សត្រទេពមួយអង្គ ដែលជួយឱ្យប្រជារាស្ត្រសុខសាន្ត។​ ព្រះអង្គប្រឈួនបន្តបន្ទាប់តាំងពីឆ្នាំ២០០៩ ហើយទទួលការព្យាបាលនៅក្នុងប្រទេស រហូតចូលទិវង្គតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក។​

អតីតនាយករដ្ឋមន្ត្រីព្រេម ទីស៊ូឡេនណុនដា (Prem Tinsulanonda) ទទួលមរណភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យ Phramongkutklao នៅក្នុងទីក្រុងបាងកក។​

ផលប្រយោជន៍

ថ្នាក់ដឹកនាំកំពូលជ្រើសរើសយកការព្យាបាលជំងឺនៅក្នុងប្រទេស អាចលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំថ្នាក់ក្រោមផ្សេងៗទៀត ក៏មានទំនុកចិត្តក្នុងការព្យាបាលជំងឺនៅក្នុងប្រទេស។ បើថ្នាក់ដឹកនាំភាគច្រើនព្យាបាលជំងឺនៅក្នុងប្រទេសនោះ ពួកគេអាចដឹងច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយនៃសេវាថែទាំសុខភាព ពេលនោះចំណុចខ្សោយឬភាពខ្វះចន្លោះ អាចត្រូវលាតត្រដាង ហើយជំរុញឱ្យមានដំណោះស្រាយ។​

ចំណែកប្រជាពលរដ្ឋក៏ជ្រើសរើសយកការថែទាំសុខភាពនៅក្នុងស្រុកដែរ នៅពេលដែលមេដឹកនាំព្យាបាលជំងឺនៅក្នុងស្រុកនោះ ហើយពលរដ្ឋមើលឃើញគុណភាពនៃសេវាមានភាពល្អប្រសើរឡើង។​ ពលរដ្ឋអាច ចំនេញលុយដោយមិនធ្វើដំណើរទៅឆ្ងាយ ហើយក៏ចំនេញពេលវេលាដែរ។​

ផលប្រយោជន៍រួមនោះ គឺមោទនភាពជាតិទាំងមូលដែលបង្ហាញថា ពួកគេមានសមត្ថភាព ជនជាតិគេមានសមត្ថភាព ហើយមនុស្សនៅក្នុងសង្គមនោះគាំទ្រសមត្ថភាពជំនាញដែលគេមាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ