តើ​អឺរ៉ុប​អាច​ជ្រៀតជ្រែក​កិច្ចការ​វៀតណាម​ទេ ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​?​

លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហគ្រិនវៀតណាម លោក Tran Tuan Anh បានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU -Vietnam នៅទីក្រុងហាណូយ នាថ្ងៃទី 30 ខែមិថុនា ឆ្នាំ2019 ។ រូបភាព៖ AFP

វៀតណាម និងសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងចំនួនពីរ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនាឆ្នាំ២០១៩ គឺកិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធ អឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារអ្នកវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA)។

ផលប្រយោជន៍

របាយការណ៍សិក្សាព្យាករណ៍ទុកមុន ដែលសិក្សាដោយក្រសួងផែនការ និងវិនិយោគរបស់វៀតណាម​រំពឹងថា កិច្ចព្រមព្រៀងតំបន់ធ្វើពាណិជ្ជកម្មមិនជាប់ពន្ធនេះ អាចជួយឱ្យការនាំចេញរបស់វៀតណាមកើនឡើង ២០ភាគរយ នៅឆ្នាំ២០២០ កើនឡើង ៤២,៧ភាគរយ នៅឆ្នាំ២០២៥ និង៤៤,៤ភាគរយ នៅឆ្នាំ២០៣០។​

ទន្ទឹមនឹងការទទួលបានផលប្រយោជន៍ជាក់ស្តែងផ្នែកសេដ្ឋកិច្ចនេះ វៀតណាម​ក៏ទទួលបានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ជាប្រទេសដែលមានស្តង់ដារទាំងច្បាប់ ទាំងគុណភាពទំនិញ និង លក្ខខណ្ឌផ្សេងៗទៀត ទើបឈានដល់ការចាប់ដៃគូជាមួយសហភាពអឺរ៉ុបដែលមានបណ្តុំប្រទេសរីកចម្រើនចំនួន​២៨ជាសមាជិកនេះ។​

ករណីនេះ ធ្វើឱ្យវៀតណាមមានឱកាសក្នុងការពង្រឹង និងពង្រីកសហគ្រាសធន់តូច និងមធ្យម។ វៀតណាមក៏ក្លាយជាគោលដៅដែលអ្នកវិនិយោគបរទេសទៅវិនិយោគដែរ។​

តើអឺរ៉ុបអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវៀតណាមបានទេ?​

បើពិនិត្យលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរចំណាយពេលតាំងពីឆ្នាំ២០១២ ដើម្បីជជែកគ្នា ហើយឈានដល់ដល់ការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៩នេះ មិនមានកំណត់ពីលក្ខខណ្ឌប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងនោះទេ។​

លក្ខខណ្ឌគោលមួយចំនួនដែលសហភាពអឺរ៉ុបកំណត់ជាគោលនោះរួមមាន ត្រូវធានានូវការគោរពកម្មសិទ្ធិបញ្ញាលើផលិតផល លក្ខខណ្ឌសិទ្ធិមនុស្ស បរិស្ថាន និងលក្ខខណ្ឌគ្រប់គ្រងអនាម័យតាមបែបបច្ចេកទេស ជាដើម។​

ដូច្នេះ នៅក្នុងលក្ខខណ្ឌនៃការព្រមព្រៀងមិនបានផ្តល់សិទ្ធិពិសេសណាមួយដល់សហភាពអឺរ៉ុបជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងវៀតណាមនោះទេ។​ ចំណែកអឺរ៉ុបក៏ត្រូវរក្សាតម្លៃរបស់ខ្លួនក្នុងការគោរពទៅតាមកិច្ចព្រមព្រៀងដែរ។​

ម្យ៉ាងទៀត ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្ថាប័នអន្តរជាតិផ្សេងៗទៀតក៏មិនបណ្តោយឱ្យសហភាពអឺរ៉ុបអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសណាមួយដោយសេរីនោះទេ។​

កត្តាសំខាន់បំផុតនោះគឺ វៀតណាមខ្លួនឯងមិនបណ្តោយឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងណាមួយនោះទេ។ បច្ចុប្បន្ន វៀតណាមដឹកនាំដោយគណបក្សតែមួយ រឹតបន្តឹងខ្លាំងលើក្រុមដែលមាននិន្នាការប្រឆាំងនយោបាយរបស់បក្សកុម្មុយនីស្តវៀតណាម ដែលបារម្ភបំផុតការបែកបាក់ផ្ទៃក្នុង។​​

បើនិយាយពីសង្គ្រាមប្រឆាំងមហាអំណាចវិញ គឺវៀតណាមធ្លាប់លេចមុខលើឆាកអន្តរជាតិដែរ គឺវៀតណាម​ធ្វើសង្គ្រាមបណ្តេញបារាំងចេញពីប្រទេស ដើម្បីទាមទារឯករាជ្យពីឆ្នាំ១៩៤៦ ដល់១៩៥៤។ វៀតណាមធ្វើសង្គ្រាមបណ្តេញអាមេរិកចេញពីប្រទេស ដើម្បីបង្រួបបង្រួមជាតិចន្លោះពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥។​

សង្គ្រាមទាំងពីរលើក ទាំងជាមួយបារាំង ទាំងជាមួយសហរដ្ឋអាមេរិក បើទោះជាវៀតណាមត្រូវបាត់បង់មនុស្សរាប់លាននាក់ និងធនធានច្រើន ប៉ុន្តែ វៀតណាម​សុទ្ធតែទទួលជ័យជម្នះរហូត។​

ដូច្នេះ បើពិនិត្យលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងគោលជំហរផ្ទាល់ខ្លួនរបស់វៀតណាម​ រួមទាំងភាពបត់បែននយោបាយការទូតលើឆាកអន្តរជាតិផងនោះ សហភាពអឺរ៉ុបមិនមានបំណង និងមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វៀតណាមបាននោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ