បទយកការណ៍៖ ស្ត្រីផ្ទុកមេរោគអេដស៍នៅឃុំរកា ខេត្តបាត់ដំបង ម្នាក់ប្រឹង​រស់ទាំងត្រដាបត្រដួស

អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា អ្នកស្រី យ៉ត ខឿន ដែលមានវ័យ៦៦ឆ្នាំ ដែលរងគ្រោះឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នកភូមិផ្សេងទៀត ស្ថិតក្នុងនៅ​ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបភាព៖ សូត សុខប្រាថ្នា

ឃុំរកា ជាឃុំមួយស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវក្រាលកៅស៊ូចុះពីទីរួមខេត្តមានចម្ងាយប្រមាណ១០គីឡូម៉ែត្រ។ ឃុំនេះ ពលរដ្ឋខ្មែរភាគច្រើនធ្លាប់បានឮឈ្មោះ ក្រោយពេលពលរដ្ឋនៅឃុំមួយនេះប្រមាណ៣រយនាក់ មានទាំងក្មេងចាស់ ប្រុសស្រី តាអាចារ្យ ព្រមទាំងព្រះសង្ឃផង ​រកឃើញថា​ បានឆ្លងមេរោគអេដស៍ កាលពីចុងឆ្នាំ២០១៤។

ប្រភពសំខាន់នៃការឆ្លងមេរោគអេដស៍ពេលនោះ ត្រូវបានក្រសួងសុខាភិបាល​រកឃើញថា ​បណ្តាល​មកការ​ចាក់​ថ្នាំ និង​ការ​ចាក់​សេរ៉ូម ដែលបង្កឡើងដោយគ្រូពេទ្យប្រចាំភូមិម្នាក់ គឺលោក យ៉ែម ជ្រិន។

យ៉ាងណា កាល​ពី​ឆ្នាំ​២០១៥ តុលាការ​ខេត្ត​បាត់ដំបង បាន​កាត់​ទោសលោក យ៉ែម​ ជ្រិន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ ​ពី​បទ «បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណកម្ម​ ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»

ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា អ្នកស្រី យ៉ត ខឿន ដែលមានវ័យ៦៦ឆ្នាំ ក៏រកឃើញថា បានផ្ទុកមេរោគអេដស៍ដែរ កាលពីចុងឆ្នាំ២០១៤នោះ។

ស្ត្រីចំណាស់រូបនេះ ហាក់មានខ្សែជីវិតកម្សត់ជាងគេ ដោយអ្នកស្រីជាស្ត្រីមេម៉ាយ ត្បិតប្តីស្លាប់ចោល៧ឆ្នាំមកហើយ គ្មានកូនចៅ ហើយត្រូវរស់នៅម្នាក់ឯង ក្នុងទ្រនំចាស់ទ្រុឌទ្រោម ធ្លុះធ្លាយពីមុខពីក្រោយ ក្នុងបរិវេណដីជាកម្មសិទ្ធិរបស់អ្នកជិតខាង។

មានសាច់ឈាមមិនសូវស្រស់ថ្លា ស្បែកក៏ជ្រីវជ្រួញ រៀបរាប់ដោយទឹកមុខស្រងូតស្រងាត់ផង អ្នកស្រី យ៉ត ខឿន កើតក្នុងឆ្នាំ១៩៥៣ ក្នុងត្រកូលក្រីក្រមួយនៅឃុំរកា ហើយមិនបានរៀនសូត្រអ្វីនោះឡើយ ​។

អ្នកស្រីបន្តថា៖ «វាអត់មានស្រែ មានអីធ្វើនឹងគេទេខ្ញុំនោះ ក្ររហូតក្រតាំងពីដើមមក ​តាំងពី​ម៉ែឪខ្ញុំមក ក្ររហូត»។

រហូតសម័យខ្មែរក្រហម អ្នកស្រីក៏ត្រូវអង្គការរៀបចំផ្សំផ្គុំជាមួយបុរសម្នាក់ក្នុងឃុំជាមួយគ្នា ក្រោយមកមានតែកូនប្រុសម្នាក់ប៉ុណ្ណោះ ប៉ុន្តែ កូននោះត្រូវស្លាប់ក្នុងអាយុ៤ឆ្នាំពេលវៀតណាមចូលស្រុក ដោយជំងឺពិស។ ក្រោយសម័យខ្មែរក្រហមដួលរលំ អ្នកស្រី និងស្វាមី បាននាំគ្នាភៀសខ្លួននៅរស់នៅជំរុំមួយជាប់ព្រំដែនថៃ ឈ្មោះជំរុំ ណងចាន់។

អ្នកស្រីថា ដោយភាពល្ងិតល្ងង់ទាំងខ្លួន និងប្តីផងនោះ ធ្វើឱ្យពួកគេមិនអាចសម្ភាសន៍ជាប់ជាជនភៀសខ្លួនទៅរស់នៅក្រៅប្រទេសបានទេ។ អស់រយៈពេលជាង១០ឆ្នាំដែលរស់នៅជំរុំ ក្រោយមកពួកគាត់ក៏សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញនៅឃុំរកា ក្រោយពេលបងស្រីបង្កើតប្រាប់ថា នឹងផ្តល់ដីធ្វើកូនផ្ទះសម្រាប់រស់នៅ។

អ្នកស្រីបន្ថែមថា៖ «ចាស៎! ក្រោយ១៣ឆ្នាំហ្នឹង ខ្ញុំមកស្រុកវិញ មកស្រុកវិញមកនៅនេះ បងខ្ញុំ ដោយខ្ញុំសួរគេថា “ង៉ែង(បងស្រី) ឱ្យដីអញនៅអត់? បើឱ្យដីនៅទើបទៅ” ហើយបងស្រីប្រាប់ថា គាត់ឱ្យតើ! គឺឱ្យដីត្រង់នេះ។ ចាស៎! ដីកេរ្តិ៍ពីម៉ែឪ ដល់បងចែកឱ្យ ដល់បងក៏ស្លាប់ បងថ្លៃក៏ស្លាប់ កូនៗគេយកវិញ»។

បន្ទាប់ពីត្រឡប់មករស់នៅស្រុកកំណើត គ្រួសារអ្នកស្រី យ៉ត ខឿន ក៏ចាប់យកមុខរបរលក់ការ៉េម ដោយចំណូលបានសម្រាប់ចិញ្ចឹមជីវិត និងព្យាបាលជំងឺ ត្បិតអ្នកស្រីពេលនោះឈឺជាប្រចាំ។ ប្រកបរបរលក់ការ៉េមបានជិត១០ឆ្នាំ អ្នកស្រីថា ប្តីគាត់ក៏ធ្លាក់ខ្លួនងងឹតភ្នែកទាំងសងខាង ហើយក៏សម្រេចប្រកបរបរជាអ្នកសុំទានក្នុងផ្សារជំនួសវិញ។

ជាអ្នកសុំទានគេនេះ ​មិនបានជួយអ្វីច្រើនដល់គ្រួសារនោះទេ ដោយអ្នកភូមិអាណិតចេះតែឱ្យហូបខ្លះប៉ុណ្ណោះ ក្រោយមកប្តីអ្នកស្រីក៏ធ្លាក់ខ្លួនឈឺធ្ងន់រហូតសុំវត្តរកាដើម្បីស្នាក់នៅមើលថែជំងឺប្តី រហូតដល់ថ្ងៃប្តីរបស់ខ្លួនស្លាប់។

ស្ត្រីវ័យចំណាស់រូបនេះ ក៏ត្រឡប់មករស់នៅកូនផ្ទះលើដីបងស្រីវិញ បន្ទាប់ពីប្តីស្លាប់ចោល ហើយនៅចុងឆ្នាំ២០១៤ គាត់ក៏ត្រូវបានធ្វើតេស្តឈាមដោយរកឃើញថា បានឆ្លងមេរោគអេដស៍ ដែលធ្វើគាត់ចេះតែអស់សង្ឃឹមរហូតមក។

អ្នកស្រីនិយាយបន្ត៖ «បារម្ភដែរ លោកគ្រូ ប៉ុន្តែ មិនដឹងធ្វើម៉េច បើបារម្ភៗក៏គ្មាននរណាគេជួយផង ហើយក្មួយៗគេទៅរកស៊ីអស់ហើយ ហើយយើងនៅតែយើងហ្នឹង។ ខ្ញុំសព្វថ្ងៃគិតថា បើមានគ្រោះថ្នាក់ម្តេចម្តា មិនដឹងគិតម៉េច តាមដំណើរចុះលោកគ្រូណា។ បើយើងរត់ហៅគេជួយ តើហៅនរណា? បើគ្មានមនុស្សផងហ្នឹង។ សព្វថ្ងៃមិនបាច់ថាដល់ខ្លួនអីចឹងទេ សូម្បីតែងើយមើលតែផ្ទះក៏អស់សង្ឃឹមដែរ វាលិចអស់ហើយ បាក់រនាបអស់ហើយ។ វាអស់សង្ឃឹមទាំងអាអីចឹងៗទៀត»។

ពលរដ្ឋភូមិរកា​ម្នាក់ អ្នកស្រី រឿន រ៉ាយ និយាយថា អ្នកស្រី យ៉ត ខឿន ពិតជាអភ័ព្វប្រាកដមែន ហើយស្ថានភាពរស់នៅរបស់គាត់បច្ចុប្បន្ន គឺប្រឹងទាំងលំបាក គ្មានកូនចៅជាទីពឹង ដោយភាគច្រើនពឹងអាស្រ័យលើអ្នកជិតខាងផងដែរ។

ប្រភពដដែលបន្តថា អ្នកស្រីផ្ទាល់ក៏តែងផ្តល់ម្ហូបអាហារខ្លះជូន អ្នកស្រី យ៉ត ខឿន ព្រមទាំងឧស្សាហ៍ទៅសួរសុខទុក្ខជាប្រចាំ​។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត មានប្រសាសន៍​ថា ​អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាទាំងអស់មានចំនួន ២៨៥នាក់ ប៉ុន្តែ បច្ចុប្បន្ន អ្នកផ្ទុកមេរោគនេះចំនួន ៣១នាក់ហើយបានស្លាប់​។

លោកឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍​ដែលនៅរស់រានមានជីវិត គឺមានពលរដ្ឋជាង១០នាក់ ទាំងអ្នករស់នៅក្នុងស្រុក និងអ្នកចំណាកស្រុក គឺមិនបានទទួលថ្នាំប្រឆាំងមេរោគអេដស៍ ឬថ្នាំពន្យារជីវិតទៀតនោះទេ ដោយបញ្ហាសុខភាពផ្ទាល់ខ្លួន បញ្ហាបាត់ដំណឹង ជាដើម។

​អ្នកស្រី យ៉ត ខឿន បញ្ជាក់ថា គាត់បានសម្រេចចិត្តឈប់ពិសារថ្នាំ​ប្រឆាំងមេរោគអេដស៍ជាង១ឆ្នាំមកហើយ ដោយថា ​​ពេលថ្នាំធ្វើទុក្ខម្តងៗពិបាកទ្រាំ។ បច្ចុប្បន្ន ស្ត្រីរូបនេះពឹង​ស្ទើរទាំងស្រុងលើអ្នកជិតខាង ហើយខំប្រឹងប្រកបមុខរបរលះឆ្អឹងដូងខ្លះ ដើម្បីលក់ឱ្យគេគ្រាន់បានប្រាក់ដោះទាល់ ដោយ​ឆ្អឹងដូងមួយគីឡូក្រាម២ពាន់រៀល ​ប៉ុន្តែ អ្នកស្រីថា មួយថ្ងៃលះឆ្អឹងដូងមិនបានមួយគីឡូនោះទេ។

ស្រ្តីចំណាស់ដដែល គ្មានបំណងប្រាថ្នាធំឡើយ ដោយគ្រាន់តែចង់បានកូនផ្ទះសមរម្យមួយ មិនធ្លុះធ្លាយមុខក្រោយដូចបច្ចុប្បន្ន និងបានហូបចុកត្រឹមត្រូវ សម្រាប់បន្តជីវិតមុនពេលគាត់ស្លាប់។

អ្នកស្រីប្រាថ្នាថា៖ «ខ្ញុំអត់ចង់បានអីទេលោកគ្រូអើយ គ្រាន់ថា ចង់បានផ្ទះនៅ ហើយនិងសុំឱ្យបងប្អូនជួយជាជំនួយម្ហូបអាហារអី ឬលុយកាក់អី គ្រាន់បានយើងបណ្តោះអាសន្នទៅមុខ ដូចសព្វថ្ងៃដែលញាតិគេឱ្យខ្ញុំអីចឹង។ គេឃើញទៅ គេចេះតែហុចទៅ គេស្រណោះហ្នឹងណា ដើម្បីបានបន្តជីវិតចុងក្រោយរបស់ខ្ញុំ ថ្ងៃណាក៏ថ្ងៃហ្នឹងចុះ»។

អភិបាលខេត្តបាតដំបង លោក ងួន រតនៈ បានលើកឡើងថា លោកនឹងឱ្យមន្ត្រីរបស់ខ្លួនចុះពិនិត្យមើលភាពជាក់ស្តែងអំពីជីវិតរស់នៅរបស់អ្នកស្រី យ៉ត ខឿន ដោយថា ដើម្បីជួយគាត់ទៅតាមភាពជាក់ស្តែង។

លោកបន្តថា៖ «ខ្ញុំអរគុណព័ត៌មាននេះ ចាំមើលខ្ញុំឱ្យចុះមើលបន្ថែម ដើម្បីពិនិត្យមើលលទ្ធភាពយ៉ាងម៉េច ណាបង! អរគុណសម្រាប់ព័ត៌មានហ្នឹង ចាំមើលខ្ញុំសួរទៅស្រុក»។

របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពី​ក្នុងឆ្នាំ២០១៣ បង្ហាញថា​ មនុស្ស​វ័យចាស់អាយុពី ៦០ឆ្នាំឡើង មានចំនួនជាង ១លាន​នាក់ ឬស្មើ​ជាង ៨%នៃចំនួនប្រជាជនសរុប​​។ ចំនួនមនុស្ស​ចាស់នៅ​កម្ពុជា ត្រូវបានគេព្យាករថា នឹងកើនឡើងដល់ប្រមាណ ២លាននាក់ នៅឆ្នាំ២០៣០ ឬស្មើនឹ​ង ​១​១% នៃប្រជាជនសរុប។

ដោយឡែក​ ដើមឆ្នាំ២០១៨ រាជរដ្ឋាភិបាល​បាន​ប្រកាស​ឱ្យអនុវត្តគោលនយោបាយជាតិស្ដីពីមនុស្ស​វ័យចាស់ឆ្នាំ២០១៧-២០៣០ ក្នុងគោលបំណង បង្កើតប្រព័ន្ធគាំពារសុខុមាលភាពរយៈពេលវែងសម្រាប់មនុ​ស្សវ័យចាស់​នៅកម្ពុជា ឱ្យទទួលបាននូវ​គុណភាពជីវិត និងការគាំពារយ៉ាងពេញលេញ។

យ៉ាងនេះក្តី នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា មើលឃើញថា បញ្ហាប្រឈមរបស់មនុស្សចាស់​​បច្ចុប្បន្ន ពិសេសមនុស្សចាស់គ្មានទីពឹង ជារឿងគួរឱ្យបារម្ភ ដែលរដ្ឋត្រូវមានវិធានការដោះស្រាយភ្លាមៗ និងជាយុទ្ធសាស្ត្រដោះស្រាយរយៈពេលវែង ដើម្បីធានាសេចក្តីថ្លៃថ្នូរដល់ជីវិតរស់នៅរបស់ពួកគាត់។

លោកបន្តថា៖ «យើងក្រឡេកមើលទៅស្ថានភាពរស់នៅរបស់មនុស្សចាស់នៅកម្ពុជា គាត់អាចស្ថិតនៅក្នុងចំណុចមួយ ដែលគាត់រស់នៅដោយមិនមានសេចក្តីថ្លៃថ្នូរ ពិសេសជីវិតក្នុងពេលដែលចាស់ទៅ។ អីចឹង នៅពេលចាស់ទៅ មនុស្សទូទៅនឹងមើលឃើញថា ជាវ័យមួយដែលអាក្រក់បំផុត។ អាក្រក់ ដោយយើងថា រាងកាយចុះទ្រុឌទ្រោមហើយ ហើយខ្វះការគាំទ្រពីសង្គមពីអីហ្នឹងទៀត ពិសេសសម្រាប់ក្រុមដែលគ្មានកូនចៅនៅមើលនៅថែទាំហ្នឹង »។

ស្ទើររៀងរាល់ថ្ងៃសីល អ្នកស្រី យ៉ត ខឿន ​តែងទៅវត្តធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបានស្តាប់ឱវាទ​ព្រះសង្ឃ ភ្ជាប់នឹងពន្លឺព្រះធម៌ ដោយប្រាថ្នាសុំជាតិមុខ មានភាពភ្លឺថ្លា កុំបីងងឹត ឬ អភ័ព្វដូចជាតិនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ