កីឡាករវ័យក្មេង ខេម ចាន់ រំពឹងកើនទីផ្សារក្រោយកាន់ពានជើងឯក

កីឡាករបង្គោលក្រហម ខេម ចាន់ បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជើងឯកនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់រដូវកាលប្រភេទទម្ងន់៥៤គីឡូក្រាម។ រូបភាព៖ វង្ស សុម៉ាលីន

ការប្រកួតជើងឯកនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់រដូវកាលប្រភេទទម្ងន់៥៤គីឡូក្រាម ត្រូវបានបញ្ចប់យ៉ាងក្ដៅគគុក ដោយកីឡាករបង្គោលក្រហម ខេម ចាន់  បានក្លាយជាម្ចាស់ជើងឯក។ ជាមួយនឹងតំណែងដែលធ្លាប់តែស្រម៉ៃ កីឡាកររូបនេះរំពឹងថា ខ្លួននឹងមានទីផ្សារដើម្បីអាចរកចំណូលបានច្រើនពីការប្រកួត។

បង្គោលក្រហម ខេម ចាន់ និយាយថា ការប្រកួតកន្លងមក លោកមានសំណាងទទួលបានតម្លៃខ្លួនត្រឹមតែ៣០ ទៅ៣៥ម៉ឺនរៀល ក្នុងមួយប្រកួតដូចតែកីឡាករថ្មីៗក្នុងស្រុកទទួលបានប៉ុណ្ណោះ   ខណៈដែលតម្លៃខ្លួននេះត្រូវចំណាយទៅលើអ្នកឲ្យទឹក ជូនគ្រូបង្វឹក និងជូនអ្នកផ្គូរផ្គងម្ដងៗ គឺសល់មិនលើសពី២០ម៉ឺនរៀលត្រលប់ទៅផ្ទះ។ ក្នុងនោះ បើខ្ចីគេចាយវាយមុនផង គឺមិនខុសពីឡើងប្រដាល់ឈឺតែខ្លួន ហើយចុងក្រោយក៏មិនបានលុយមើលខ្លួន។

លោកនិយាយថា៖ «ប្រកួតកន្លងមក ខ្ញុំបានតែល្អមើលប៉ុណ្ណោះ ទើបខ្ញុំរំពឹងយ៉ាងខ្លាំងថាក្រោយពីខ្ញុំកាន់ពានជើងឯកនេះ គឺអ្នករៀបចំការប្រកួតនឹងដាក់ឲ្យខ្ញុំប្រកួតញឹកញាប់ ហើយបានតម្លៃខ្លួនខ្ពស់ជាងនេះ»។

នេះជាលើកទី១ ដែលកីឡាករ ខេម ចាន់ បានចូលប្រកួតក្នុងការប្រកួតជ្រើសរើសជើងឯក ហើយជាលទ្ធផល គឺបានទាំងប្រាក់រង្វាន់៤ពាន់ដុល្លារ និងពានជើងឯក។

លោកបានបន្តថា៖ «ខ្ញុំប្រកួតកន្លងមក សល់លុយតិចៗទេពីការប្រកួត អ៊ីចឹងហើយ ទើបខ្ញុំប្រឹងប្រកួតរហូតបានលុយ៤ពាន់ដុល្លារនេះ តែអត់ទាន់គិតថា បង្កើតមុខរបរអី ឬយកទៅធ្វើអីទេ ចាំមើលអ្នកផ្ទះសិន»។

ខេម ចាន់ បានបន្ថែមថា រូបលោកស្រឡាញ់ការប្រដាល់ ដោយចង់ល្បីឈ្មោះ ដើម្បីវាយបានលុយច្រើន ទើបលោកតស៊ូយ៉ាងខ្លាំង។ លោកថា អ្វីដែលលោកចង់បាន ក្រោយពីការលើកពាននេះ គឺឱកាសបានឡើងរេញឲ្យញឹក ហើយទទួលបានតម្លៃខ្លួនខ្ពស់ ដោយមិនបាច់ទាល់តែសុំអ្នកផ្គូរផ្គង ឬ ទទូចគ្រូបង្វឹក ទើបមានគូប្រកួតនោះឡើយ។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានទទួលស្គាល់ថា កីឡាករក្មេងៗ ដែលឡើងប្រកួតក្នុងពេលដំបូងៗទទួលបានតម្លៃមិនច្រើន។ ប៉ុន្តែ បើកីឡាកររូបនោះចាប់ផ្ដើមល្បីឈ្មោះ គឺលោកដំឡើងតម្លៃខ្លួនឲ្យសមរម្យហើយ ដោយយ៉ាងហោចណាស់ក៏បាន២០០ដុល្លារ ក្នុងមួយលើកដែរ។

លោកនិយាយ៖ «ធម្មតាតែគាត់កាន់ពានជើងឯកចឹងហើយ គាត់ប្រកួតល្អ គឺដឹងតែឡើងតម្លៃខ្លួនឲ្យហើយ តែយើងអត់ដឹងថា ឡើងឲ្យគាត់ប៉ុន្មានទេ ព្រោះហាងឆេងឡើងវ៉ៃកីឡាកររាល់ថ្ងៃ គឺផ្អែកតាមការចរចា»។

លោកពន្យល់ថា កីឡាករខ្លះស្នើសុំ៦០០ដុល្លារ ប៉ុន្តែ នៅពេលចរចា ៤០០ ឬ ៣០០ដុល្លារ ក៏អាចទទួលប្រកួតដែរ។ យ៉ាងណាមិញ លោកថា សម្រាប់ប៉ុស្តិ៍លេខ៥ គឺអត់បន្ទាបតម្លៃកីឡាករទេ គឺមិនទម្លាក់ច្រើនទេ ប្រសិនបើកីឡាករកំណត់ថ្លៃឲ្យដឹងមុននោះ។

គួរបញ្ជាក់ផងដែរថា កីឡាករចំណាត់ថ្នាក់លេខ១ ខេម ចាន់ ទទួលបានពានជើងឯក១ អមដោយទឹកប្រាក់៤ពាន់ដុល្លារ  កីឡាករលេខ២ ជី ឆៃលី ទទួលបានពានកិត្តិយសមួយ ទឹកប្រាក់២ពាន់ដុល្លារ។ កីឡាករចំណាត់លេខ៣ ឡុង ណងសៅ ទទួលបានពានកិត្តិយសមួយ និងទឹកប្រាក់៧៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ លី តក់ បានពានកិត្តិយសមួយ និងទឹកប្រាក់៥០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ