សារព័ត៌មានរដ្ឋវៀតណាមបានចុះផ្សាយថា ប្រទេសកម្ពុជា និងវៀតណាមគ្រោងចុះហត្ថលេខាទទួលស្គាល់ព្រំដែនគោកដែលបោះរួចហើយបានចំនួន៨៤ភាគរយនោះនៅឆ្នាំនេះ។
សារព័ត៌មានរដ្ឋវៀតណាម vietnamplus.vn បានចុះផ្សាយនៅក្នុងគេហទំព័រព័ត៌មានរបស់ខ្លួនថា ក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ង្វៀន គួកយុង និងរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី អ៊ាត សោភា នៅភ្នំពេញ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចពិភាក្សានយោបាយចំនួន៦ចំណុច ដែលរាប់ចាប់ពីទំនាក់ទំនងសេដ្ឋកិច្ច ការអប់រំ នយោបាយ និងសន្ដិសុខជាតិ ជាដើម។
សារព័ត៌មានវៀតណាមក៏បានឱ្យដឹងផងដែរថា ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនល្បឿននៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរឱ្យឆាប់ចប់ និងគ្រោងចុះហត្ថលេខាលើឯកសារផ្លូវការចំនួន២ ទទួលស្គាល់ព្រំដែនដែលភាគីទាំងពីរបោះបាន៨៤ភាគរយហើយនោះ នៅឆ្នាំនេះផងដែរ។
សារព័ត៌មាននោះ បានសរសេរថា៖ «ភាគីទាំងពីរបានព្រមព្រៀងក្នុងការបង្កើនល្បឿននៃការអនុវត្តកំណត់ព្រំដែន និងបង្គោលព្រំដែន រួមទាំងចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ចំនួន២ ទទួលស្គាល់ការបញ្ចប់ការងារបោះបង្គោលព្រំដែន៨៤ភាគរយ នៅឆ្នាំ២០១៩នេះ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ មិនបានបញ្ជាក់ពីបញ្ហានេះនោះទេ ដោយលោកសរសេរប្រាប់ VOD តាមសារអេឡិចត្រូនិចថា កិច្ចប្រជុំកាលពីម្សិលមិញនោះ គឺជាការពិគ្រោះយោបល់ និងចែករំលែកបទពិសោធរវាងប្រទេសទាំងពីរប៉ុណ្ណេាះ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ហ៊ូជុង នៅភ្នំពេញ កាលពីថ្ងៃទី២៥-២៦ ខែកុម្ភៈ កម្ពុជា និងវៀតណាម បានចេញនូវសេចក្ដីថ្លែងការណ៍រួមមួយដោយជំរុញឱ្យភាគីទាំងពីរ បញ្ចប់ឯកសារច្បាប់ទទួលស្គាល់ព្រំដែនដែលបានបោះហើយ៨៤ភាគរយនោះ ឱ្យបានឆាប់ផងដែរ។
សេចក្ដីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា៖ « ភាគីទាំងពីរបានជំរុញគណៈកម្មការចម្រុះកិច្ចការព្រំដែនគោករវាងប្រទេសទាំងពីរឱ្យបញ្ចប់ឯកសារផ្លូវច្បាប់ចំនួនពីរឱ្យបានឆាប់ដើម្បីទទួលស្គាល់សមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកចំនួន ៨៤ ភាគរយដែលសម្រេចបានដោយគណៈកម្មការចម្រុះកិច្ចការព្រំដែនគោក។ ភាគីទាំងពីរបានគាំទ្រឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ បន្តសហប្រតិបត្តិការពន្លឿនការចរចាឆ្ពោះទៅសម្រេចបានការបញ្ចប់ការងារព្រំខណ្ឌសីមា និងបោះបង្គោលព្រំដែននៅចំណុចដែលនៅសេសសល់ សំដៅកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បដិសេធអត្ថាធិប្បាយជុំវិញបញ្ហានេះ ដោយលោកស្រីថា ជាប់ប្រជុំ។
លោកស្រី កុយ ពិសី៖ «ខ្ញុំជាប់ប្រជុំបន្តិចប្អូន អត់ទាន់ចង់និយាយរឿងអស់ហ្នឹងទេ។ សុំទោស»។
អតីតតំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ការត្រៀមចុះហត្ថលេខាលើឯកសារផ្លូវច្បាប់ទទួលស្គាល់ព្រំដែនគោកកម្ពុជា-វៀតណាម នេះ គឺជាចេតនារបស់វៀតណាមក្នុងការធ្វើឱ្យប្រាកដថា គ្មានការតវ៉ាពីកម្ពុជា លើបង្គោលព្រំដែនគោកទាំងប៉ុន្មានដែលកម្ពុជាបានបោះជាមួយខ្លួនកាលពីកន្លងទៅ ខណៈដែលទំនោរនយោបាយកម្ពុជាហាក់កំពុងងាកទៅរកចិននោះ។
លោក អ៊ុំ សំអាន មានប្រសាសន៍ថា៖ «អ៊ីចឹងបានយួនចង់ឱ្យកម្ពុជាធ្វើអ៊ីចឹង។ ការពិត ការចុះហត្ថលេខាកន្លងមក ទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ទៅលើអនុស្សារណៈនៃការបោះបង្គោលហ្នឹង គឺវាគ្រប់គ្រាន់ហើយ មិនចាំបាច់ដល់ការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលបាន៨៤ភាគរយហ្នឹងថាត្រឹមត្រូវ មិនត្រឹមត្រូវ វាមិនចាំបាច់ធ្វើអ៊ីចឹងទៀតទេ! ប៉ុន្ដែ យួនគេចង់ធ្វើឱ្យប្រាកដថា ការបោះបង្គោលកាលពីកន្លងមកហ្នឹងមិនមានការកែប្រែទាំងបច្ចុប្បន្ន ទាំងអនាគត ឬក៏មានរដ្ឋាភិបាលថ្មីអ៊ីចឹងឯង»។
ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ត្រូវបានអតីតបក្សប្រឆាំងអះអាងថា កម្ពុជាបានខាតបង់ទឹកដីទៅប្រទេសវៀតណាម ដោយសារតែរដ្ឋាភិបាលយកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់ប្រាប់ VOD ថា ការបោះបង្គោលព្រំដែនជាមួយវៀតណាមនៅសល់ចំណុចមិនឯកភាពគ្នា ១៦ភាគរយទៀត ដែលនឹងបន្តបោះលុះណាភាគីបារាំងផ្តល់ផែនទីចម្លងតាមមាត្រដ្ឋានពី ១ លើ ១០០ពាន់ មកខ្នាត ១លើ៥០ពាន់វិញ តាមកិច្ចព្រមព្រៀងកម្ពុជា និងវៀតណាម។
កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងគ្នានិងគ្នា៕