ស្ថានបេសកកម្ម​រំឭកអ្នករាយការណ៍UNកុំជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌កម្ពុជា

លោកស្រី រ៉ូណា ស្មីត និងលោក កឹម សុខា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ រំឭកឱ្យអ្នករាយការណ៍ពិសេសលោកស្រី រ៉ូណា ស្មីត បំពេញការងារតាមតួនាទីឱ្យបានត្រឹមត្រូវ កុំជ្រៀតជ្រែកកិច្ចការប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។​

កាលពីថ្ងៃទី១១ ខែវិច្ឆិកា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានប្រកាសស្វាគមន៍ការបន្ធូរបន្ថយលក្ខខណ្ឌលើលោក កឹម សុខា។ ប៉ុន្តែ លោកស្រីសម្តែងការសោកស្តាយដែលតុលាការមិនទម្លាក់ចោលបទចោទទាំងស្រុងលើលោក កឹម សុខា និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨៥នាក់ទៀត។

នៅថ្ងៃដដែលនោះ ​ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសអះអាងថា ការទាមទាររបស់លោកស្រី រ៉ូណា ស្មីត ជាការទាមទារគ្មានមូលដ្ឋានសម្រាប់បុគ្គលដែលកំពុងជាប់បទចោទនៅឡើយ។ កម្ពុជាចាត់ទុកថា ការលើកឡើងរបស់លោកស្រី ពុំបានរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តច្បាប់នៅកម្ពុជាឡើយ មានតែបន្ថែមការភ័ន្តច្រឡំនាំឱ្យមានការយល់ខុសប៉ុណ្ណោះ។

ស្ថានបេសកកម្មកម្ពុជារំឭកឱ្យលោកស្រី រ៉ូណា ស្មីត បំពេញការងារឱ្យបានត្រឹមត្រូវដោយបញ្ជាក់ថា អាណត្តិរបស់អ្នករាយការណ៍គឺជួយកម្ពុជាលើកស្ទួយ និងការពារសិទ្ធិមនុស្ស តាមការសន្ទនា កិច្ចសហប្រតិបត្តិការ ដោយអព្យាក្រិត មិនលម្អៀង សត្យានុម័ត ហើយមិនជ្រើសរើសតែជ្រុងមួយបំប្លែងទៅជារឿងនយោបាយឡើយ។​

លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំផ្លុងជិតព្រំដែនវៀតណាម កាលពីខែកញ្ញាឆ្នាំ២០១៧ បន្ទាប់មកយកមកឃុំខ្លួននៅក្នុងផ្ទះ ក្រោយមកទៀតនៅថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ តុលាការសម្រេចឱ្យលោកអាចដើរចេញពីផ្ទះ ប៉ុន្តែ មិនឱ្យធ្វើសកម្មភាពនយោបាយ និងចេញក្រៅប្រទេស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ