ប្រធានផ្នែកកិច្ចការជំនួយរបស់ UN នឹងបំពេញទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន ជុំវិញការហាមឃាត់ស្ត្រីមិនឱ្យធ្វើការក្នុង NGO

លោក Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ ប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។ (REUTERS/Eduardo Munoz)

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានផ្នែកកិច្ចការជំនួយរបស់អង្គការសហប្រជាជាតិ លោក​ ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) នឹងបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្កានីស្ថាន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ និងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលដឹកនាំដោយតាលីបង់ បន្ទាប់ពីបានហាមឃាត់ស្រ្តីមិនឱ្យធ្វើការនៅក្នុងវិស័យជំនួយ ឬអង្គការក្រៅរដ្ឋាភិបាល (NGO)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ។

លោក រ៉ាមីហ្ស អាឡាក់បារ៉ូវ (Ramiz Alakbarov) អ្នកសម្របសម្រួលកិច្ចការជំនួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្កានីស្ថាន បាននិយាយថា «យើងមានការសោកស្តាយដែលការសម្រេចចិត្តនេះមានផលប៉ះពាល់លើកម្មវិធីរបស់យើង»។

ការលើកឡើងនេះ គឺបន្ទាប់ពីកម្មវិធីមួយចំនួនត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ហើយសកម្មភាពផ្សេងទៀតក៏នឹងត្រូវផ្អាក។

លោក​បន្ត​ថា ស្ត្រី​មាន​ប្រមាណ​ជា ៣០% នៃ​បុគ្គលិកបម្រើការក្នុងវិស័យ​ជំនួយ។

លោក Alakbarov ក៏បាននិយាយផងដែរថា «តម្រូវការមនុស្សធម៌របស់ប្រជាជន គឺពិតជាធំធេងណាស់ ហើយជាការសំខាន់ណាស់ដែលយើងត្រូវបន្តស្នាក់នៅក្នុងប្រទេសនេះ និងផ្តល់ជំនួយមនុស្សធម៌»។

អង្គការសហប្រជាជាតិ បាននិយាយថា ៩៧% នៃប្រជាជនអាហ្វហ្កានីស្ថានរស់នៅក្នុងភាពក្រីក្រ ខណៈ ២/៣ នៃប្រជាជនសរុបត្រូវការជំនួយដើម្បីរស់ ហើយប្រជាជន ២០លាននាក់ប្រឈមនឹងភាពអត់ឃ្លានស្រួចស្រាល់។

លោក Alakbarov បន្តថា ៧០% នៃកម្មវិធីរបស់អង្គការសហប្រជាជាតិ ត្រូវបានអនុវត្តដោយសហការជាមួយអង្គការជំនួយផ្សេងទៀត។

អង្គការធំៗចំនួន៤ បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានផ្អាកប្រតិបត្តិការ ដោយសារតែមិនអាចដំណើរការកម្មវិធីបានដោយគ្មានបុគ្គលិកស្រ្តី។ អង្គការផ្សេងទៀតក៏ចាប់ផ្តើមផ្អាកប្រតិបត្តិការផងដែរ។

ការ​ហាមប្រាម​ស្រ្តីមិនឱ្យធ្វើការក្នុង​អង្គការក្រៅរដ្ឋាភិបាល ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋបាល​ដឹកនាំ​ដោយ​ក្រុម​តាលីបង់​អ៊ីស្លាម​កាលពី​ថ្ងៃ​សៅរ៍ [ទី២៤ ខែធ្នូ ឆ្នាំ២០២២]។ លើសពីនេះ ក្រុមតាលីបង់ក៏ហាមស្ត្រី និងកុមារី មិនឱ្យចូលរៀននៅសាកលវិទ្យាល័យ និងនៅ​វិទ្យាល័យផងដែរ​។

ក្រុមតាលីបង់ បានដណ្តើមអំណាចកាលពីខែសីហា ឆ្នាំមុន។ ចាប់តាំងពីឡើងកាន់អំណាច ពួកគេចាប់ផ្តើមរឹតត្បិតការអប់រំសម្រាប់ស្រ្តី និងកុមារី ដោយមិនឱ្យរៀនបានខ្ពង់ខ្ពស់ឡើយ។ ការណ៍ទាំងនេះធ្វើឱ្យរដ្ឋបាល​ដឹកនាំ​ដោយ​តាលីបង់ ​មិន​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ឡើយ។

គួរបញ្ជាក់ថា​ ថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យក្រុមតាលីបង់ផ្លាស់ប្ដូរគោលនយោបាយដែលផ្ដោតលើស្ត្រី និងកុមារី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយព្រមានចំពោះការរំលោភសិទ្ធិមនុស្សកាន់តែអា​ក្រក់នៅក្នុងប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ