អ៊ីស្រាអែលថ្កោលទោសការបោះឆ្នោតរបស់ UN ដែលស្នើឱ្យមានដំណោះស្រាយលើការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចូលរួមសម័យប្រជុំពិសេសនៃ Knesset សភារបស់អ៊ីស្រាអែល ដើម្បីអនុម័ត និងស្បថក្នុងរដ្ឋាភិបាលស្តាំនិយមថ្មី នៅទីក្រុង Jerusalem ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ (REUTERS/Amir Cohen/Pool)

អ៊ីស្រាអែល បានថ្កោលទោសការបោះឆ្នោតមួយរបស់មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែលស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ)​ ផ្តល់យោបល់លើការចាត់វិធានការផ្លូវច្បាប់ទាក់ទងនឹងការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ គឺជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដែលដោះស្រាយជម្លោះរវាងរដ្ឋនិងរដ្ឋ។

ចំពោះករណីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនេះផងដែរ មហាសន្និបាត​អង្គការ​សហប្រជាជាតិបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិខាងលើ ​ផ្តល់មតិយោបល់លើការចាត់វិធានការផ្លូវច្បាប់ ទាក់ទងនឹងការកាន់កាប់ ការតាំងទីលំនៅ និងការបញ្ចូលឧបសម្ពន្ធរបស់អ៊ីស្រាអែល រួមទាំងវិធានការនានាដែលប្រទេសមួយនេះមានបំណងផ្លាស់ប្តូរលក្ខណៈនិងស្ថានភាពនៃទីក្រុង Jerusalem​ ផងដែរ។

ទាក់ទិននឹងករណីនេះ ពលរដ្ឋប៉ាឡេស្ទីនបានបង្ហាញការសាទរចំពោះការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះសមាជិកចំនួន៨៧ បានបោះឆ្នោតគាំទ្រការអនុម័តសំណើនេះ ខណៈអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសមាជិក ២៤ ផ្សេងទៀតបានបោះឆ្នោតប្រឆាំង និង ៥៣ បាន​បោះឆ្នោត​អនុប្បវាទ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឱ្យដឹងថា៖ «វាដល់ពេលហើយដែលអ៊ីស្រាអែលត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលពួកគេកំពុងបន្តធ្វើឡើងប្រឆាំងនឹងប្រជាជនរបស់យើង»។

ទោះជាយ៉ាងណា ការបោះឆ្នោតកាលពីថ្ងៃសុក្រកន្លងទៅ បានបង្ហាញពីបញ្ហាប្រឈមមួយសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលទើបតែចូលកាន់តំណែងសាជាថ្មីកាលពីសប្ដាហ៍មុន ខណៈរដ្ឋាភិបាលរបស់លោកបានកំណត់ការពង្រីកការតាំងទីលំនៅជាអាទិភាពដ៏សំខាន់មួយរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ