ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​តាលីបង់​ផ្លាស់ប្ដូរ​គោលនយោបាយ​រឹតត្បិត​ចំពោះ​ស្ត្រី

សមាជិកនៃកងកម្លាំងតាលីបង់បាញ់កាំភ្លើងទៅលើអាកាស ដើម្បីបំបែកស្ត្រីអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេលពួកគេប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលក្រុមបាតុករនិយាយថាជាការរឹតបន្តឹងរបស់តាលីបង់លើស្ត្រី នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (REUTERS/Ali Khara)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមតាលីបង់ផ្លាស់ប្ដូរគោលនយោបាយដែលផ្ដោតលើស្ត្រី និងកុមារី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយព្រមានចំពោះការរំលោភសិទ្ធិមនុស្សកាន់តែអា​ក្រក់នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មាន CNA នៅថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២២ នេះ។

នៅក្នុងការរំលោភបំពានចុងក្រោយបំផុតចំពោះសិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ដណ្ដើមអំណាចកាលពីឆ្នាំមុន កាលពីថ្ងៃសៅរ៍ មេដឹកនាំអ៊ីស្លាមបានហាមឃាត់ស្ត្រីមិនឱ្យធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាល (NGO) ដែលបង្កឱ្យមានការជំទាស់ជាខ្លាំងពីសហគមន៍អន្តរជាតិ។

ក្រុមតាលីបង់ បានហាមមិនឱ្យស្ត្រី និងកុមារី ចូលរៀននៅសាកលវិទ្យាល័យ និងអនុវិទ្យាល័យ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការរឹតត្បិតកាន់តែខ្លាំងឡើងលើការអប់រំរបស់ស្ត្រី ដោយអំពាវនាវឱ្យមានការចូលរួមពេញលេញ និងដោយស្មើភាពពីស្ត្រី និងកុមារី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

ក្រុមប្រឹក្សានេះបានជំរុញឱ្យក្រុមតាលីបង់ «បើកសាលារៀនឡើងវិញ ហើយផ្លាស់ប្តូរគោលនយោបាយ និងការអនុវត្តឱ្យបានឆាប់ ដែលរំលោភលើសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានធ្ងន់ធ្ងរ»

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមប្រឹក្សាក៏បានថ្កោលទោសចំពោះការហាមប្រាមស្ត្រីមិនឱ្យធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល (NGO) ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរលើប្រតិបត្តិការជំនួយនៅក្នុងប្រទេសដែលមនុស្សរាប់លាននាក់ពឹងផ្អែកលើជំនួយទាំងនោះ។

ក្រុមប្រឹក្សាបាននិយាយថា «ការរឹតត្បិតទាំងនេះផ្ទុយនឹងការប្តេជ្ញាចិត្តរបស់ក្រុមតាលីបង់ចំពោះប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាការរំពឹងទុករបស់សហគមន៍អន្តរជាតិ»។

សហគមន៍អន្តរជាតិបានដាក់ការគោរពសិទ្ធិស្រ្តីជាចំណុចស្នូលក្នុងការចរចាជាមួយរដ្ឋាភិបាលតាលីបង់ ដើម្បីទទួលបានការទទួលស្គាល់ និងការទទួលបានជំនួយឡើងវិញ។

បណ្តាអង្គការជំនួយបរទេសជាច្រើនបានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។

សូមរម្លឹកថា ជំនួយអន្តរជាតិសម្រាប់​អាហ្វហ្កានីស្ថាន​មានចំនួនរាប់រយលានដុល្លារ។ អង្គការសហប្រជាជាតិ និងភ្នាក់ងាររបស់ខ្លួន ក៏​បានឱ្យដឹងថា ប្រជា​ពលរដ្ឋអាហ្វហ្កានីស្ថាន ៣៨លាននាក់ ត្រូវការជំនួយមនុស្សធម៌ចាំបាច់សម្រាប់ឆ្លងកាត់រដូវរងានេះ។

នៅប្រទេស​អាហ្វហ្កានីស្ថាន ចាប់តាំង​ពី​ពួក​តាលីបង់​ឡើង​កាន់អំណាច​ជាថ្មីនៅខែ​តុលា ​ឆ្នាំ​២០២១ បញ្ហា​សិទ្ធិមនុស្ស​​ ពិសេស​សិទ្ធិ​​ស្ត្រី​ និងកុមារី បាន​ធ្លាក់​ចុះ​ដុប​ដាបខ្លាំង​។ ស្រ្តីមួយ​ចំនួនដែល​មាន​លទ្ធភាព​ បានសម្រេច​ចិត្ត​​ចាកចេញ​ពី​ប្រទេស​ជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ