សហជីពតំណាងឲ្យអតីតបុគ្គលិក The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាក់អតីតភាពការងារជូនអតីតបុគ្គលិកនៃសណ្ឋាគារនេះបានចំនួន១២០នាក់ ខណៈជាង ៣០នាក់ទៀត មិនទាន់ទទួលបានដោយសារមានបញ្ហាផ្សេងៗគ្នា។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល ប្រាប់វីអូឌីនៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងការងារបានទូទាត់ប្រាក់អតីតភាពការងារជូនអតីតបុគ្គលិក The Great Duke បានចំនួន ១២០នាក់ ដោយទទួលបានចន្លោះពី ៣០០ដុល្លារ រហូតដល់ ១៣,០០០ដុល្លារ តាមបទពិសោធិ៍ការងារតិច ឬច្រើនឆ្នាំ។
លោក កុសល បញ្ជាក់ថា ដោយឡែក នៅសល់ ៣២នាក់ទៀត មិនទាន់ទទួលបានប្រាក់អតីតភាពការងារនៅឡើយ ដោយសារអ្នកខ្លះខ្វះឯកសារ(ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក) និងរវល់ការងារ ឬប្រករបររកស៊ីនៅតាមខេត្ត ហើយថ្នាក់ដឹកនាំជនបរទេសខ្លះទៀត ទៅនៅក្រៅប្រទេសជាដើម។
លោក ទូច កសុល ប្រាប់ថា៖ «នៅសល់៣២នាក់ទៀត ខ្លះគាត់ជាប់រវល់ទៅខេត្ត អ្នកខ្លះទៀតពួកគាត់អត់មានកាតបុគ្គលិក [ចំនួន៦នាក់] ខ្លះទៀតពោះធំ ឆ្លងទន្លេ ហើយខ្លះទៀតមានអ្នកគ្រប់គ្រងជនជាតិបរទេស ៣ ទៅ ៤នាក់ទៀត បានទៅក្រៅប្រទេស គាត់អត់ទាន់ត្រឡប់ចូលក្នុងស្រុកខ្មែរបាន [កូវីដ១៩] ហើយអ្នកដែលទៅតាមខេត្ត គាត់នឹងមកបើនៅថ្ងៃចន្ទស្អែកនេះ»។
លោក អ៊ំ វណ្ណា ដែលអះអាងថា ជាអតីតបម្រើការងារនៅសណ្ឋាគារ The Great Duke ប្រហែល ២០ឆ្នាំ ប្រាប់ថា គាត់បើកប្រាក់អតីតភាពការងារបានចំនួនជិត ២,៦០០ដុល្លារកាលពីថ្ងៃ៣០ ខែឧសភានេះ។ លោកបញ្ជាក់ថា ក្រោយពីបើកប្រាក់អតីតភាពការងារនេះ អាចជួយសម្រួលដល់ជីវភាពគ្រួសារមួយផ្នែក។
អ្នកនាងនិយាយថា៖ «ទឹកលុយចុងក្រោយដែលគេ[ក្រសួងការងារ]ប្រគល់ឲ្យជិត ២,៦០០ដុល្លារ ខ្ញុំទទួលបានហើយកាលថ្ងៃសៅរិ៍ហ្នឹង។ ពេលបើកបានមកវាជួយដល់គ្រួសារខ្ញុំខ្លះ ព្រោះនៅពេលមានជំងឺកូវីដហ្នឹង ខ្ញុំបានយកទៅសងធនាគារខ្លះ ហើយសល់ខ្លះទុកចាយក្នុងគ្រួសារដែរ»។
អ្នកនាង ទេព ផាន់នីកាក់ និយាយថា គាត់បើកប្រាក់អតីតភាពការងារបានចំនួន ៣០០ដុល្លារ ដោយសារតែធ្វើការងារនៅទីនោះបានតិចឆ្នាំ។ អ្នកនាងអំពាវនាវទៅអតីតបុគ្គលិកដែលមិនទាន់ទៅបើកប្រាក់ប្រញាប់ទៅបើកនៅសប្តាហ៍ក្រោយនេះ ហើយត្រូវយកឯកសារពាក់ព័ន្ធទៅជាមួយផង ទើបក្រសួងបើកប្រាក់ឲ្យ។
អ្នកនាង ផាន់នីកាក់ ប្រាប់ថា៖ «ខ្ញុំសុំឲ្យបងប្អូនដែលមិនទាន់បើកលុយ ពួកគាត់ត្រូវយកឯកសារ អត្តសញ្ញាណប័ណ្ណ កាតបុគ្គលិក និងកាត ប.ស.ស ទើបក្រសួងគេបើកលុយឲ្យ អញ្ចឹងបងប្អូនគួរតែនាំគ្នាទៅបើកឲ្យហើយនៅសប្តាហ៍ក្រោយហ្នឹងទៅ ព្រោះក្រសួងការងារមានលុយទុកសំរាប់បើកឲ្យហើយ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍តាមតេឡេក្រាមយ៉ាងខ្លីថា ក្រសួងមានប្រាក់គ្រប់គ្រាន់ក្នុងការបើកជូនដល់បុគ្គលិកសរុប ១៥២នាក់នេះ រហូតដល់សប្តាហ៍ក្រោយ ដោយសារអតីតបុគ្គលិកខ្លះ វិលត្រឡប់ទៅស្រុកកំណើត។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មានប្រសាសន៍ថា បើអតីតបុគ្គលិក The Great Duke មិនទាន់មានពេលទៅបើកប្រាក់អតីតភាពការងារ ដោយសារចំណាកស្រុក ឬទៅតាមខេត្តឆ្ងាយជាដើម ក្រសួងគួរតែសម្រួលឲ្យសាច់ញាតិ ប្តី ឬប្រពន្ធ អាចទៅបើកជំនួសបាន ដោយភ្ជាប់ជាមួយលិខិតប្រគល់សិទ្ធិ ឬដឹងឮពីអាជ្ញាធរមូលដ្ឋានជាដើម។
លោក មឿន តុលា ប្រាប់ថា៖ «ខ្ញុំថា បើសិនជាអ្នកដែលធ្វើការងារនៅតាមខេត្ត ហើយគាត់មិនអាចត្រឡប់មកវិញបាន គាត់អាចធ្វើលិខិតប្រគល់សិទ្ធិ ទៅឲ្យប្រពន្ធ ឬក៏ប្តីមកបើកជំនួស ហើយមានភ្ជាប់ជាមួយលិខិតផ្ទេរសិទ្ធិ និងសំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ហើយដោយឡែកជនបរទេសក៏ដូចគ្នាដែរ បើមានលិខិតប្រគល់សិទ្ធិ គឺក្រសួងគួរតែបើកឲ្យពួកគាត់ដែរ»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីសម្រេចតម្រូវឱ្យថៅកែសណ្ឋាគារទូទាត់ប្រាក់សំណងចំនួន ៣ចំណុច ទៅតាមការទាមទាររបស់អតីតបុគ្គលិកសណ្ឋាគារនេះ។ ក្រោយមកម្ចាស់សណ្ឋាគារមិនព្រមទូទាត់ឲ្យនោះទេ រហូតដល់ថ្ងៃទី២១ ខែឧសភា សហព័ន្ធសហជីព និងអតីតបុគ្គលិកជិត ១០០នាក់នាំគ្នាតវ៉ានៅមុខសណ្ឋាគារជាថ្មីទៀត។ នៅពេលនោះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានចេញមុខសន្យាដោះស្រាយជូនពួកគេយ៉ាងយូរចុងសប្តាហ៍នេះ។
សណ្ឋាគារលំដាប់ផ្កាយ៥ ដឹហ្ក្រេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) គឺជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) មានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញ ប្រកាសបិទទ្វារចាប់ពីចុងខែធ្នូឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៣ឆ្នាំ។ ចំណែកប្រាក់អតីតភាពការងារដែលត្រូវទូទាត់ជូនអតីតបុគ្គលិក ១៥២នាក់នោះ សរុបចំនួន ៣២ម៉ឺនដុល្លារ៕