សហជីពតំណាងឲ្យអតីតបុគ្គលិកសណ្ឋាគារ The Great Duke អះអាងថា រដ្ឋាភិបាលបានទូទាត់ប្រាប់អតីតភាពការងារជូនអតីតបុគ្គលចំនួន ១៥១នាក់ហើយ ប៉ុន្តែ នៅសល់ម្នាក់ទៀតដែលជាជនបរទេសមិនទាន់មកបើកលុយនៅឡើយដោយសារបញ្ហាវីបត្តិកូវីដ១៩។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងការងារបានបើកប្រាក់អតីតភាពជូនអតីតបុគ្គលិកសណ្ឋាគារ The Great Duke បានចំនួន ១៥១នាក់។
ប៉ុន្តែ លោក កុសល ប្រាប់ថា នៅសល់ជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលធ្វើការផ្នែកចុងភៅ មិនទាន់បានទៅបើកប្រាក់អតីតភាពការងារប្រហែលជិត ៤ពាន់ដុល្លារនៅឡើយ ដោយសារពិបាកធ្វើដំណើរត្រឡប់មកម្ពុជា ខណៈកូវីដ១៩ ត្រូវចំណាយលុយលើការពិនិត្យសុខភាព ពេលវេលា រួមទាំងបញ្ហាផ្សេងទៀតជាដើម។
លោក ទូច កុសល ប្រាប់ថា៖ «គាត់ប្រាប់ថា គាត់ទៅ[ត្រឡប់មកកម្ពុជា]មិនទាន់បានទេ ដោយសារគេត្រូវការពិនិត្យសុខភាព ចំណាយផ្សេងៗច្រើន។ អ៊ីចឹងគាត់ថា ចាំជំងឺកូវីដ១៩ប្រសើរឡើងវិញបានគេមកវិញបាន»។
ទោះជាយ៉ាងណា លោក កុសល អះអាងថា ជនជាតិឥណ្ឌូនេស៊ីរូបនោះបានប្រាប់គាត់ថា នៅពេលដែលស្ថានភាពជំងឺកូវីដ១៩ ធូរស្រាលឡើងវិញ ជនជាតិរូបនោះនឹងធ្វើដំណើរមកកម្ពុជា ដើម្បីបើកប្រាក់អតីតភាពផងដែរ។
ប្រភពដដែលបញ្ជាក់ថា ក្រសួងការងារទុករយៈពេល ៣ឆ្នាំ ដើម្បីឲ្យអតីតបុគ្គលិកសណ្ឋាគារ The Great Duke ទៅបើកប្រាក់អតីតភាពការងារនោះ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីសម្រេចតម្រូវឱ្យថៅកែសណ្ឋាគារទូទាត់ប្រាក់សំណងចំនួន ៣ចំណុច ទៅតាមការទាមទាររបស់អតីតបុគ្គលិកសណ្ឋាគារនេះ។ ក្រោយមកម្ចាស់សណ្ឋាគារមិនព្រមទូទាត់ឲ្យនោះទេ រហូតដល់ថ្ងៃទី២១ ខែឧសភា សហព័ន្ធសហជីព និងអតីតបុគ្គលិកជិត ១០០នាក់នាំគ្នាតវ៉ានៅមុខសណ្ឋាគារជាថ្មីទៀត។ នៅពេលនោះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានចេញមុខសន្យាដោះស្រាយជូនពួកគេកាលពីចុងសប្តាហ៍មុន។
សណ្ឋាគារលំដាប់ផ្កាយ៥ ដឹហ្ក្រេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) គឺជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) មានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញ ប្រកាសបិទទ្វារចាប់ពីចុងខែធ្នូឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ២៣ឆ្នាំ។ ចំណែកប្រាក់អតីតភាពការងារដែលត្រូវទូទាត់ជូនអតីតបុគ្គលិក ១៥២នាក់នោះ សរុបចំនួន ៣២ម៉ឺនដុល្លារ៕