វៀតណាមនឹង​ជួយ​សម្រួល​និស្សិតកម្ពុជាវិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សានៅប្រទេសខ្លួននាពេលឆាប់​ៗ​នះ

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា អ្នកស្រី អ៊ាត សោភា ជជែក​ជាមួយ​អគ្គ​រដ្ឋ​ទូត​វៀតណាម លោក វ៉ូ ក្វាងមិញ នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២០។ (ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា)

ភាគីវៀតណាមអះអាងថា ស្ថាប័នមួយចំនួនរបស់វៀតណាមកំពុងសម្រួលដល់ការ​វិល​ត្រឡប់​របស់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សានៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខនេះ។

ទំព័រហ្វេសប៊ុករបស់អគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានដកស្រង់សម្តីរបស់អគ្គរដ្ឋទូត វ៉ូ ក្វាង មិញ កាលពីម្សិលមិញថា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា វ៉ូ ក្វាង មិញ បានជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

នៅក្នុងជំនួបនោះ ភាគីវៀតណាមបានអះអាងថា  គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធរបស់វៀតណាម ជាពិសេសគឺខេត្តតៃនិញ ក្នុងការសម្រួលជូនដល់ការវិលត្រឡប់មកវៀតណាមដើម្បីបន្តការសិក្សារបស់និស្សិតកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ខ្លឹមសារលើហ្វេសប៊ុកឲ្យដឹងថា៖ «គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធរបស់វៀតណាមកំពុងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីសម្រួលដល់ការវិលត្រឡប់មកវៀតណាមវិញរបស់និស្សិតកម្ពុជាអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន»។

ប៉ុន្តែ រហូតមកដល់ពេលបច្ចុប្បន្ននេះ ភាគីវៀតណាមមិនទាន់ចេញសេចក្តីជូនដំណឹងជាផ្លូវការអំពីពេលវេលាជាក់ស្តែង​នៃការទទួលនិស្សិតកម្ពុជាវិលត្រឡប់ទៅ​រៀនមហាវិទ្យាល័យនៅ​វៀតណាមវិញ​នាពេលខ្លីខាងមុខនោះទេ។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាជាមួយគ្នា ដើម្បីស្វែងរកវិធានការនានាសំរាប់ជំរុញចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាមក្នុងបរិបទប្រទេសទាំងពីរកំពុងមានលទ្ធផលល្អក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ និងរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ និងកិច្ចប្រជុំបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមលើកទី១១ ដែលកំពុងមានការខកខានដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ