ក្រុម​យុវជន​ព្រមាន​​ហែក្បួន​ទៅ​ស្ថាប័ន​រដ្ឋ​បើ​គ្មាន​ការ​ឆ្លើយ​តប​​សំណើ​​​សុំ​លុប​ចោល​​គម្រោង​​បង្កើត​​ដេប៉ាតឺម៉ង់​​​ភាសា​វៀតណាម​​​​

សកម្មភាពយុវជន និងពលរដ្ឋជាច្រើននាំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដោយលើកបដាភ្ជាប់ជាមួយពាក្យស្នើសុំបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ដ្រៃយ៍ និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម។ (ហ៊ាន រង្សី)

តំណាងក្រុមយុវជនមកពីបណ្តារាជធានី-ខេត្តមួយចំនួន បានព្រមានថា បើរដ្ឋាភិបាលគ្មានការឆ្លើយតបចំពោះសំណើសុំបញ្ឈប់ការចេញបណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍​ដល់ជន​អន្តោប្រវេសន៍ខុសច្បាប់​​ និងលុបចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញទេ នោះពួកគេ​នឹងដើរហែក្បួនទៅកាន់ស្ថាប័នរដ្ឋ ដើម្បីបន្តការ​ទាមទារនេះបន្ថែមទៀត។  ​

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រុមយុវជនជាច្រើននាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅថ្ងៃអាទិត្យ ដែលជាថ្ងៃទីពីរនៃការតវ៉ានេះ។ តំណាងយុវជនដែលដឹកនាំការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ លោក អ៊ុំ ឈុម  បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូនេះ ពួកគេប្រមាណ​៤០នាក់ បានជួបជុំគ្នាសម្តែងមតិ​ ដើម្បីទាមទារទៅរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍​ដល់ជនបរទេស​​ និងលុបចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។   ប៉ុន្តែរហូតមកដល់ពេលនេះលោកថា មិនទាន់ឃើញមានអាជ្ញាធរចេញមកដោះស្រាយឬឆ្លើយតបតាមការស្នើសុំរបស់ពួកគេនៅឡើយ។

ករណីនេះ លោកព្រមានថា បើអាជ្ញាធរនៅតែមិនចេញមកដោះស្រាយទេ  នោះពួកគាត់នឹងនាំគ្នាដើរហែក្បួនទៅ​សាកលវិទ្យា      ល័យ​ភូមិន្ទ​ភ្នំពេញ ក្រសួងអប់រំ និងក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យស្ថាប័នរដ្ឋទាំងនោះ ជួយឆ្លើយតបនិងដោះស្រាយតាមសំណើ​របស់ពួកគេនាពេលឆាប់ៗខាងមុខនេះ ។

លោកលើកឡើងថា៖ «បើសិនជាមិនទាន់មានដំណោះស្រាយទេ ការងារដែលយើងត្រូវធ្វើថ្ងៃក្រោយ គឺយើងចង់ធ្វើបែបជាដង្ហែជាក្បួនសុំដើរទៅផ្លូវណាៗ ឬក៏អាចយើងដង្ហែក្បួនខ្លះទៅកាន់ក្រសួងមហាផ្ទៃ ឬក្រសួងអប់រំតែម្តង។  នេះជាការព្រាងទុករបស់យើង គឺយើងអត់ចង់ធ្វើនៅទីលានប្រជាធិបតេយ្យបន្តទៀតទេ គឺយើងចង់ធ្វើការដង្ហែជាក្បួនវិញ តែធ្វើថ្ងៃណា យើងមិនទាន់ច្បាស់ទេ ចាំយើងពិភាក្សាគ្នាសិន»។

វីអូឌីមិនអាចសុំការបំភ្លឺពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

ចំណែក អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សុវាចា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងបានដែរនៅរសៀលថ្ងៃដដែលនេះ។

កាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យក្រុមយុវជន​ធ្វើបាតុកម្មនៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច ដោយដាក់កំហិតឱ្យអ្នកចូលរួមក្រោម២០០នាក់តែប៉ុណ្ណោះ។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជន​ទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា   ​​​វៀត​​​ណាម​​​​នៅ​​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ខណៈក្រសួង​មហាផ្ទៃ​បានក្រើនរំឭក​ដល់​​​មន្ត្រី​ក្រោម​ឱវាទ និង​វិស័យ​ឯកជនទទួល​ស្គាល់​បណ្ណ​​​​​ស្នាក់​នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត​សម្រាប់​បម្រើ​ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​របស់ជនបរទេសអន្តោប្រវេសន្តទាំងនោះ។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ ប្រធាន​រដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ ​ បានស្នើឱ្យកម្ពុជា​ឱ្យបង្កលក្ខណៈងាយស្រួលទាក់ទងនឹងការផ្តល់ឯកសារ​​ស្របច្បាប់​​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ ដែលតាំងទីលំនៅ​​​លើទឹកដីកម្ពុជា ខណៈអ្នកឃ្លាំមើលនិយាយថា ការស្នើដដែលៗនេះ ជារឿងអាក្រក់នៃនយោបាយការទូតរបស់វៀតណាមមកលើកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ