បទយកការណ៍៖ ព្រះសង្ឃនិងយុវជនទៅទស្សនកិច្ចកម្ពុជាក្រោម ដើម្បីបង្ហាញពីឈាមជ័រខ្មែរតែមួយ

ព្រះសង្ឃ និងយុវជនដែលរស់នៅកម្ពុជាកណ្ដាល បានធ្វើទស្សនកិច្ចនៅទីតាំងដើមឈើទាលឧកញ៉ា ស៊ឺន គុយ ស្ថិតនៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ (សុត បាន)

«ជាក់ស្ដែង នៅពេលដែលយើងទៅទស្សនកិច្ចអ៊ីចឹងទៅ [ខ្មែរក្រោម] វាជាការឆ្លុះបញ្ចាំងមួយថា កម្ពុជាលើ កម្ពុជាកណ្ដាល កម្ពុជាក្រោម យើងមិនទុកគ្នាចោលបងប្អូនកម្ពុជាក្រោមទេ យើងឈាមជ័រខ្មែរតែមួយ យើងនៅតែមានការរាប់អានគ្នា នៅក្នុងស្ថានភាពណាក៏ដោយ យើងនៅតែផ្សារភ្ជាប់គ្នាដដែល»។

នេះជាថេរដីការបស់ព្រះតេជព្រះគុណ សាន់ ម៉េងលី ដែលបាននិមន្តទៅទស្សនកិច្ចនៅកម្ពុជាក្រោមផ្ទាល់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ មករា ឆ្នាំ២០២៣។ ព្រះអង្គ​បានរៀបរាប់ថា ដំណើរទស្សនកិច្ចទៅទឹកដីកម្ពុជាក្រោមនេះ គឺជាសកម្មភាពមួយបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជានៅតែនឹករលឹកចំពោះពលរដ្ឋខ្មែរក្រោមដែលមានឈាមដូនតាខ្មែរតែមួយ កំពុងរស់នៅក្នុងទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម។ ជាងនេះទៅទៀត ព្រះអង្គលើកឡើងថា ​ការធ្វើទស្សនកិច្ចនេះ គឺជាការបណ្ដុះស្មារតីយុវជនជំនាន់ក្រោយឈ្វេងយល់ពីប្រវត្តិកំណើតជាតិសាសន៍របស់ខ្លួន និងបញ្ចៀសការជាន់ដានប្រវត្តិសាស្រ្តជាលើកទីពីរ។

ព្រះអង្គមានថេរដីកាថា៖ «ជាពិសេសទាក់ទងទៅនឹងស្ថាប័នព្រះសង្ឃ មានការប្រឡងខាងធម្មវិន័យអីក្ដីជាដើមហ្នឹង គឺយើងសិក្សាមើលពីរបៀបរបបគ្នាទៅវិញទៅមក អ៊ីចឹងឆ្លុះបញ្ចាំងឃើញថា កម្ពុជាក្រោម និងបងប្អូនកម្ពុជាយើង លើកនេះ មិនទុកគ្នាចោលទេ។ ថ្វីដ្បិតតែមានបងប្អូនកូនចៅខ្លះ គាត់មិនដឹង មិនស្គាល់ពិតមែន [ខ្មែរក្រោម] ជាក់ស្តែងនៅពេលយើងបានទៅលេងអ៊ីចឹងទៅ ក្មេងៗមួយចំនួនខ្លះ គាត់អត់ដឹងថានៅកម្ពុជាក្រោមនៅទីណាទេ ក៏មានដែរ! ប៉ុន្តែក៏មានបងប្អូនខ្មែរយើងជាច្រើនទៀត គាត់ចង់ទៅលេង ហើយបងប្អូននៅកម្ពុជាក្រោមនោះក៏ទទួលស្វាគមន៍ដោយរីករាយជាទីបំផុត»។

ព្រះសង្ឃនិមន្តមកពីខេត្តកំពង់ចាម មានវ័យ២៤វស្សាអង្គនេះ បានបង្ហាញអារម្មណ៍ស្រណោះទឹកដីកម្ពុជាក្រោមដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក្នុងពេលបច្ចុប្បន្ន​។ ព្រះអង្គបន្តថា ពលរដ្ឋខ្មែរក្រោមនៅតែខិតខំថែរក្សាប្រពៃណីវប្បធម៌ដែលជាអត្តសញ្ញាណ បញ្ជាក់ថាពួកគេជាជនជាតិខ្មែរ ទោះបីរងការរឹតត្បិតពីអាជ្ញាធរវៀតណាមនាពេលកន្លងមកក៏ដោយ។

ព្រះអង្គបន្តថា៖ «បើទាក់ទងនឹងអារម្មណ៍នេះ វាកប់ក្នុងអារម្មណ៍របស់យើង ក្នុងនាមយើងជាកូនខ្មែរ ទាំងខ្មែរលើ ខ្មែរក្រោមហ្នឹង យើងមានអារម្មណ៍ថា ពេលខ្លះទៅ អាណិតពួកគាត់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់គេ ប៉ុន្តែព្យាយាមថែរក្សាគ្រប់ទម្រង់ខ្មែរ។ ជាក់ស្តែង យើងអាណិត ហើយក៏មិនទាន់ដឹងថាត្រូវធ្វើម៉េចអីច្រើនដែរ! គ្រាន់តែបានសួរសុខទុក្ខនិងសិក្សាបន្ថែមទៀតអ៊ីចឹងទៅ»។

ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន មានទំហំ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបាន​បារាំង​ចុះហត្ថលេខាប្រគល់​ទៅ​ឱ្យ​ប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រា​ដែនដីឥណ្ឌូចិន។

កញ្ញា នៅ ស៊ូទាង ក្នុងឱកាសដែលបានទៅទស្សនកិច្ចនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
កញ្ញា នៅ ស៊ូទាង ក្នុងឱកាសដែលបានទៅទស្សនកិច្ចនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ស្រដៀងគ្នានេះដែរ កញ្ញា នៅ ស៊ូទាង ប្រាប់់វីអូឌីថា កញ្ញារំភើបដែលបានស្គាល់បងប្អូនខ្មែរក្រោម ដោយថា នេះជាលើកទីមួយដែលកញ្ញាបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយពួកគាត់។ ប្រភពដដែលបន្តថា ខណៈដែលកញ្ញាបានជួបខ្មែរក្រោមបែបនេះ កញ្ញាហាក់ទទួលមានអារម្មណ៍ឈឺចាប់ខ្លាំងដែលបានបែកបងប្អូនដែលធ្លាប់ជាជាតិសាសន៍តែមួយ ប៉ុន្តែបច្ចុប្បន្នត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេងកាន់កាប់ទៅវិញ។

កញ្ញា នៅ ស៊ូទាង និយាយថា៖ «មានអារម្មណ៍ថា សប្បាយនៅពេលបានជួបបងប្អូនកម្ពុជាក្រោម ឱ្យតែនឹកឡើងមានអារម្មណ៍ថាឈឺចាប់ ដែលយើងបាត់បង់ទឹកដីខ្លួនឯង ហើយបាត់បង់ប្រជាជនខ្មែរដែលមានចិត្តល្អ មានឆន្ទៈមោះមុតក្នុងការស្នេហាស្រឡាញ់ប្រទេសជាតិ វប្បធម៌ខ្លួនឯង ទៅឆ្ងាយពីពួកយើង។ ហើយចំណែកឯប្រជាជនយើងនៅខាងកណ្ដាលនេះហាក់បីដូចភ្លើតភ្លើនជាមួយនឹងអ្វីដែលកំពុងតែមានបច្ចុប្បន្ន អាចថាពេលខ្លះគាត់ភ្លេចខ្លួន អាចនឹងជាការបាត់បង់ជាដើម»។

យុវតីវ័យ២៤ឆ្នាំរូបនេះ បន្ថែមថា៖ «ស្តាយនោះហួសពីស្តាយ ដោយសារទឹកដីយើងត្រូវបាន ហើយប្រជាជនខ្មែរយើងនៅកម្ពុជាក្រោម គាត់រស់នៅដោយក្រោមការដឹកនាំរបស់គេ។ ទោះបីយ៉ាងម៉េច ក៏វាមិនដូចពុកម៉ែខ្លួនឯងដែរ។ ហើយមានអារម្មណ៍ថាស្តាយ ដែលយើងនៅឃ្លាតឆ្ងាយពីពួកគាត់។ ហើយពួកគាត់ប្រជាជនខ្មែរដែរ ប៉ុន្តែយើងមើលឃើញថាគាត់រងាគាត់ក្តៅ ក៏យើងនៅពីចម្ងាយ យើងពិបាកក្នុងការជួយគាត់ដែរ»

យុវជន ជាន ភឿន មកពីភូមិជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឱកាសដែលបានទៅទស្សនកិច្ចនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
យុវជន ជាន ភឿន មកពីភូមិជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងឱកាសដែលបានទៅទស្សនកិច្ចនៅខេត្តព្រះត្រពាំង កម្ពុជាក្រោម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

មិនខុសគ្នានេះដែរ យុវជន ជាន ភឿន មកពីភូមិជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱ្យដឹងដែរថា ពេលដែលលោកបានចួបខ្មែរក្រោមភ្លាម ហាក់មាននិស្ស័យនិងស្និទ្ធស្នាលខ្លាំង ហាក់បីដូចជាបងប្អូនបង្កើតដែលបានបែកគ្នាយូរហើយ និងបានជួបគ្នាម្តងទៀតអ៊ីចឹង។ លោកបន្តថា បងប្អូនខ្មែរក្រោមមានភាពរួសរាយរាក់ទាក់ខ្លាំង និងបានសួរនាំពីសុខទុក្ខយើងថា «ប្អូនមកពីណា? មកពីស្រុកអី? ម៉េចដែរបងប្អូនខ្មែរយើងសុខទុក្ខយ៉ាងណាដែរ? ជាដើម»

លោក ជាន  ភឿន និយាយថា៖ «គ្រាន់តែជួបពួកគាត់ [ខ្មែរក្រោម] មានអារម្មណ៍ភាពស្និទ្ធស្នាលតែម្តងបង មិនចាំបាច់ថាអូស្គាល់តាំងពីមុន មិនស្គាល់តាំងពីមុនទេ​ ចួបពួកគាត់ គឺមានអារម្មណ៍ថាស្និទ្ធស្នាល សួរសុខទុក្ខគាត់អំពីការរស់នៅ ហើយគាត់ក៏សួរពួកយើងមកពីខ្មែរលើ ខ្មែរកណ្តាល​ ឬគាត់តែងតែសួរយើងថាអ្នកមកពីភ្នំពេញ គឺមានអារម្មណ៍ថាស្និទ្ធស្នាល ដូចក្នុងនាមយើងជាបងប្អូនតែមួយ។ ជាធម្មតា យើងបងប្អូនតែមួយ អ៊ីចឹងគ្រាន់តែចួបគ្នា ស្និទ្ធស្នាលស្រាប់ទៅហើយ»។

យុវជនវ័យ៣០ឆ្នាំរូបនេះ ស្នើសុំឱ្យបងប្អូនខ្មែរកណ្ដាល គួរតែមានពេលវេលា ឬឆ្លៀតពេលវេលាខ្លះទៅទស្សនកិច្ច ឬសួរសុខទុក្ខពលរដ្ឋខ្មែរក្រោម ឱ្យបានកាន់តែច្រើន​ ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា និងរាប់អានគ្នាក្នុងនាមខ្មែរតែមួយ។

យុវជន ជាន ភឿន សំណូមពរថា៖ «ជាចុងក្រោយរបស់ខ្ញុំ ខ្ញុំសំណូមពរថា បងប្អូនយើង[ខ្មែរទាំងពីរ] គួរតែទៅលេងគ្នាឱ្យបានញឹកញាប់ ខ្មែរកណ្តាល ខ្មែរលើហ្នឹង គួរតែមកលេងបងប្អូនខ្មែរក្រោម ហើយបងប្អូនមានឆ្លៀតឱកាសបានទៅលេងអង្គរវត្ត ទៅលេងភ្នំពេញ។ ជាចុងក្រោយមួយទៀត ជូនពរបងប្អូនខ្មែរយើងចួបតែសេចក្តីសុខ សេចក្តីចម្រើន ទាំងអស់គ្នា»។

អគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានចាត់ទុកសម្មភាពនៃដំណើរទស្សនកិច្ចរបស់ព្រះសង្ឃនិងយុវជននេះ ពិតជាបានរួមចំណែកទំនាក់ទំនងសាច់ឈាមខ្មែរតែមួយ ដែលជារូបភាពមួយបង្ហាញថា ពលរដ្ឋនៅកម្ពុជាមិនទុកឱ្យខ្មែរក្រោមនៅឯកោឡើយ។

ទោះជាយ៉ាងណា លោកថា ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅដោយមិនមានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋវៀតណាមឡើយ។ លោកថា ពួកគេកំពុងប្រឈមបញ្ហាមួយចំនួន ដូចជា ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ការហាមប្រាមមិនឱ្យសិក្សាប្រវត្តិសាស្រ្តខ្មែរ និងអាជ្ញាធរវៀតណាមបានបិទសិទ្ធិក្នុងការទទួលបានព័ត៌មានពិត ជាដើម។

លោកថា៖ «បើយើងនិយាយជារួមទៅ បច្ចុប្បន្ននេះ ទាក់ទងទៅនឹងការសង្កេតរបស់យើង ដែលយើងធ្វើការវិស័យសិទ្ធិមនុស្សខ្មែរក្រោមហ្នឹង បើពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស គឺមានបញ្ហាប្រឈមច្រើន! ក្នុងហ្នឹងពាក់ព័ន្ធសិទ្ធិសេរីភាពក្នុងការជួបជុំគ្នា ការប្រមូលផ្តុំគ្នា សិទ្ធិក្នុងការបញ្ចេញមតិ ជាដើម គឺបញ្ហាទាំងអស់ហ្នឹងនៅ ជាការងនូវការប្រឈមនៅឡើយ»

ជាមួយគ្នានេះ លោក សឺន ជុំជួន សង្កេតឃើញថា ពលរដ្ឋវៀតណាមនៅកម្ពុជារស់នៅមានវាសនាល្អជាងខ្មែរកម្ពុជាក្រោមក្នុងទឹកដីវៀតណាម។ លោកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាមានកិច្ចសហការទៅរដ្ឋាភិបាលវៀតណាម ដើម្បីបើកសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋខ្មែរក្រោមទទួលបានសិទ្ធិរស់នៅជាប្រជាពលរដ្ឋពេញលេញដូចជនជាតិវៀតណាមដែរ។

លោកថា៖ «សុំឱ្យរដ្ឋាភិបាលហ្នឹងមានការផ្តាំផ្ញើទៅដល់អាជ្ញាធរវៀតណាម រដ្ឋាភិបាលវៀតណាម ជាពិសេសបញ្ហាប្រឈម សិទ្ធិនានាដែលកំពុងប្រឈម មើលទៅគម្លាតខុសគ្នារវាងការរស់នៅរបស់ខ្មែរយើងដែលនៅកម្ពុជាក្រោម នឹងគម្លាតនៃការរស់នៅរបស់វៀតណាមដែលនៅកម្ពុជា ឃើញថាគម្លាតហ្នឹងខុសគ្នាឆ្ងាយ។ ដូច្នេះ សុំឱ្យរដ្ឋាភិបាលហ្នឹងទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលវៀតណាម»

បើតាមលោក សឺន ជុំជួន បានឱ្យដឹងថា ក្នុងឆ្នាំ១៩៩៩ មានពលរដ្ឋខ្មែរក្រោមប្រមាណជាង៨លាននាក់កំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូឌីនៅថ្ងៃអង្គារថា លោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញដំណើរទស្សនកិច្ចជាឯកជនរបស់ប្រជាពលរដ្ឋនោះទេ។

យ៉ាងណាក្ដី ចំពោះការលើកឡើងស្តីពីការរឹតត្បិតសេរីភាពចំពោះប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីក្រោមការគ្រប់គ្រងរបស់វៀតណាមនោះ លោក ផៃ ស៊ីផាន បានឆ្លើយតបថា ពលរដ្ឋខ្មែរក្រោម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ដូច្នេះ លោកថា កម្ពុជាមិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសវៀតណាមបាននោះឡើយ។

លោក ផៃ ស៊ីផាន បន្តថា៖ «ពីព្រោះអ្វីៗយើងធ្វើ យើងគោរព ទី១ ច្បាប់អន្តរជាតិ គឺការគោរពដែនអធិបតេយ្យភាពរបស់ប្រទេសវៀតណាម ហើយផលសង្ឃឹមរបស់ពួកយើងទុកឱ្យវៀតណាមគោរពអធិបតេយ្យភាពរបស់កម្ពុជាដែរ។ យើងគោរពគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសជិតខាងល្អ។ គោលនយោបាយប្រទេសជិតខាងល្អ គេបានសរសេរហើយនៅក្នុងចំណុចហ្នឹង។ ហើយចំណុចទី២ យើងមិនអាចបោះសន្ទូចរំលងភ្នំបានទេ មានតែការអនុវត្តទៅតាមអ្វីដែលជាច្បាប់អន្តរជាតិនោះ [ដែលបានចែងក្នុង] អង្គការសហប្រជាជាតិ»។

លោកបន្ថែមថា៖ «ហើយអង្គការសហប្រជាជាតិ មានការិយាល័យគេនៅខាងវៀតណាមហ្នឹងដែរតើ! ហើយប្រជាពលរដ្ឋកម្ពុជាជាប្រជាពលរដ្ឋរបស់វៀតណាម មិនមែនជាប្រជាពលរដ្ឋរបស់ខ្មែរទេ គ្រាន់តែជាជនជាតិដើមរបស់ខ្មែរ ព្រោះស្ថិតនៅលើអ្វីទៅដែលជាភូមិសាស្រ្តជាក់ស្តែង។ បច្ចុប្បន្នដែលយើងកំពុងកសាង ហើយបន្សល់មកពីប្រវត្តិសាស្រ្ត យើងមិនអាចលូកដៃជ្រៀតជ្រែកបញ្ហានយោបាយនៅក្នុងប្រទេសគេនោះទេ គឺអត់អាចធ្វើទៅបានទេ»

បើតាមរបាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឱ្យដឹងថា ក្នុងឆ្នាំ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន៨ ៧៥០អង្គ ក្នុងនោះ ខេត្ត​ព្រះ​ត្រពាំង មាន ៣ ៦១៦ អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន៤៦១វត្ត ក្នុងនោះ ខេត្តព្រះត្រពាំងមាន ១៤៣វត្ត។ វត្តដែលមានវ័យចំណាស់ជាងគេ គឺវត្ត សំបួររង្សី កសាងនៅ គ.ស. ៣៧៣ ស្ថិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង។ 

អតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្តម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ដូច្នេះ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ