សកម្មជន​បរិស្ថាន​ថា ការ​អំពាវ​នាវ​របស់​លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ការពារ​ព្រៃ​ឈើ គ្មានប្រសិទ្ធិភាព​ទេ

ប៉ូលីសប្រដាប់អាវុធតាមដានសង្កេតមើលអ្នកចូលរួមពិធីសូត្រមន្តនៅព្រៃការពារព្រៃឡង់ ឆ្នាំ២០១៩។ (លីកាដូ)

សកម្មជនបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស លើកឡើងថា ការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យពលរដ្ឋចូ​ល​​រួ​មការពារធ​នធានព្រៃឈើ គឺធ្វើឡើងដោយខុសគោលដៅ និងគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ធនធា​ន​ព្រៃឈើ​នៅកម្ពុជា ដែលពួកគេ​ថា កំពុងបន្តបា​ត់បង់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវតាមទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​លោកនៅថ្ងៃម្សិលមិញ ឱ្យពលរដ្ឋចូលរួមថែរក្សាការពារធនធានព្រៃឈើក្នុងប្រទេសឱ្យបានគង់វង្សគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សហគមន៍របស់ពួកគេ និងជីវិតស​ត្វ​​ព្រៃគ្រប់ប្រភេទ។

សកម្មជនព្រៃឈើ លោក ហេង ស្រស់ បាន​ប្រាប់​ថា ការអំពាវនាវរបស់នាយករដ្ឋមន្រ្តីបានធ្វើឡើងច្រើនលើកមកហើយ ប៉ុន្តែ ធនធានព្រៃ​ឈើនៅតែបន្តបាត់បង់។ លោកថា ដើម្បីការពារព្រៃឈើនៅកម្ពុជា រដ្ឋាភិបាលគួរបញ្ឈប់ក្រុមហ៊ុននាំចេញឈើ និងចាប់ខ្លួនឈ្មួញឈើមា​នអំណាចមកផ្តន្ទាទោសតាមច្បាប់។

លោក ហេង ស្រស់ និយាយថា៖«គាត់[លោក ហ៊ុន សែន]បានលើកឡើងផ្ទាល់ដែរថា អ្នកដែលមានអំណាច អ្នកដែលមានទ្រ​ព្យសម្បត្តិស្តុកស្តម្ភហ្នឹង ទៅរកស៊ីខុសច្បាប់ហ្នឹង គាត់នឹងចាត់វិធានការ តែរហូតមកដល់ម៉ោងនេះ យើងនៅតែមិនឃើញគាត់ចា​ត់វិធានការ។ គាត់បានត្រឹមតែអំពាវនាវ ហាក់បីដូចជាសម្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ្នឹងនៅតែមិនមានប្រសិទ្ធភាពដដែល»

សកម្មជនព្រៃឈើមួយរូបទៀត គឺលោក អ៊ូច ឡេង ប្រាប់ វីអូឌី តាមប្រព័ន្ធ Telegram ថា រដ្ឋាភិបាលគួរបង្ហាញឆន្ទៈស្រ​លាញ់​ និ​ងចង់ថែ​​រក្សាធន​ធា​ន​ព្រៃឈើពិតប្រាកដ ដោយបិ​ទរោងចក្រអារឈើនៅទូទាំ​ង​ប្រទេស បិទអាជីវកម្មនាំឈើទៅទីផ្សារអន្តរជាតិ ពិសេ​សទៅវៀតណាម និងទៅ​ចិន ជាជា​ងអំពាវនាវដដែល​ៗ​។

លោក អ៊ូច ឡេង សរសេរបន្ថែមថា៖«រដ្ឋាភិបាលគួរជួយការពារ គាំទ្រ រក្សាសុវត្ថិភាពសកម្មជនព្រៃឈើ ជាជាងលាបពណ៌ ចោ​​​​ទប្រកាន់ ចាប់ខ្លួន គំរាមកំហែង ឬបាញ់សម្លាប់ ហើយអនុញ្ញាតឱ្យក្រុមសកម្មជនចូលរួមក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងការរត់ពន្ធឈើខុសច្បាប់»។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា ដើម្បីការពារគម្របព្រៃឈើនៅកម្ពុជាឱ្យបានឋិតថេរ រដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់លើក្រុមឈ្មួញរកស៊ីឈើធំៗ ដើម្បីកុំឱ្យទុកជាគំរូអាក្រក់ ហើយបើកឱ្យមានការចូលរួមចុះល្បាតពីសហគមន៍ការពារព្រៃឈើក្នុងតំបន់ឡើងវិញ។

លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា៖«ការងារយាមល្បាតរបស់សហគមន៍គឺជាចំណែកមួយសំខាន់ណាស់ក្នុងការការពារព្រៃឈើ។ ចឹង​ក្រ​សួង ឬមួយរដ្ឋាភិបាលគួរតែលើកទឹកចិត្តឱ្យសហគមន៍ដែលនៅក្បែរៗតំបន់ព្រៃឡង់ហ្នឹង លោកមានសេរីភាព មានលទ្ធភាពពេញលេញក្នុងការចុះល្បាតក្នុងតំបន់ព្រៃឡង់»។

កូនប្រុសអតីតសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់ គឺ លោក ឆឺយ ឧត្តមរស្មី មើលឃើញថា ​ព​លរដ្ឋកម្ពុជាចង់ការពារធនធានធម្មជាតិនៅតំបន់របស់ពួកគេ ប៉ុន្តែ​ ឆន្ទៈនេះត្រូវបានរារាំងដោយក្រសួងបរិស្ថានតាមសេ​ចក្តីព្រ​មានចេញកាលពីខែមេសា។

លោក ឧត្តមរស្មី និយាយថា៖«នេះគឺជាលេសមួយ ដែលក្រួសងបរិស្ថានបិទបាំងបទល្មើសក្នុងតំបន់របស់ខ្លួន។ ចឹងហើយខ្ញុំគិតថា ក្រសួងបរិស្ថានគួរតែមានចិត្តបើកទូលាយក្នុងការឱ្យប្រជាពលរដ្ឋចូលទៅការពារ និងធ្វើការពេញដៃពេញជើងក្នុងការស៊ើបមើលបទល្មើសព្រៃឈើនេះ»

តំណាងបណ្តាញសហគមន៍ព្រៃឡង់ខែត្តកំពង់ធំ​ លោក ហឿន សុភាព លើកឡើងថា បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត មិនអាចចុះល្បាតក្នុងតំបន់ព្រៃឡង់បានទៀតទេ ចាប់ពីក្រសួងបរិស្ថានចេញបំរាមមក។ លោកបារម្ភថា ការហាមឃាត់នេះនឹងបើកឱកាសដល់ជនខិលខូចចូលក្នុងតំបន់ការពារដើម្បីប្រព្រឹត្តបទល្មើសកាន់តែច្រើន។

លោក សុភាព ប្រាប់ថា៖ «រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានហ្នឹង គឺផ្តល់សិទ្ធិឱ្យបណ្តាញព្រៃឡង់ ឬក៏បណ្តាញសហគមន៍ផ្សេងៗចូលរួមនៅក្នុងសកម្មភាពថែរក្សាធនធានធម្មជាតិផ្សេងៗ ក៏ដូចជាសកម្មភាពល្បាតបន្តទៅទៀត ព្រោះដើម្បីងាយស្រួល។ ព្រោះប្រជាជន ឬក៏បណ្តាញសហគមន៍ហ្នឹងគឺជាផ្នែកមួយ ដែលគាត់ជាមនុស្សច្រើន មានគ្នាច្រើនក្នុងការចុះបង្រ្កាប ឬក៏ការឃ្លាំមើលផ្សេងៗ គឺយើងបានឃើញច្រើនមែនទែន»

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានទេនៅថ្ងៃនេះ ដោយទូរសព្ទរបស់លោកហៅចូលជាច្រើនដង តែ​គ្មានអ្នកទទួល និងផ្ញើសារតាមប្រព័ន្ធ Telegram គ្មានការឆ្លើយតប។

ក្នុងលិខិតចុះថ្ងៃទី២៤ខែមេសា ក្រសួងបរិស្ថានបានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ស​មា​គ​ម និងសហគមន៍ព្រៃឈើមួយចំនួន មិនឱ្យធ្វើសកម្មភាពចូលក្នុងតំបន់ការពារធម្មជាតិ ដោយចាត់ទុកថា ពួកគេធ្វើសកម្មភាពអ​នាធិបតេយ្យខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិការពារដោយច្បាប់។

របាយការណ៍​ស្រាវជ្រាវ​របស់សាកល​វិទ្យាល័យ​ខូ​ប៉ែន​ហា​ក (Copenhagen​) របស់​ប្រទេស​ដាណឺម៉ាក កាលពី​ថ្ងៃទី២៤ ខែមិថុនា ​ ​បង្ហា​ញថា គម្រប​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃ​ឡង់​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០១៩ បានបាត់បង់​ទំហំផ្ទៃ​ដី​ជាង ២,៥០០ហិ​កតា(២ ៥៦៥​)។

កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ដាក់​តំបន់​ព្រៃ​ឡង់ ជា​តំបន់​ដែនជម្រកសត្វព្រៃ​«ព្រៃ​ឡង់»លើ​ទំហំផ្ទៃ​ដី​ជាង ៤៣ម៉ឺន​ហិ​កតា គ្រប​ដណ្តប់​ទៅលើ​ខេត្ត​ចំនួន៤ រួមមាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ