វិភាគ៖ បញ្ហា​​នៅ​​ព្រំដែន​​ជះ​ឥទ្ធិ​ពល​​លើ​​ជម្លោះ​​ខ្វែង​គំនិត​​គ្នា​​ក្នុង​​សង្គម​​ខ្មែរ​​

មន្រ្តីនគរបាលកម្ពុជាឈរយាមខណៈប្រជាជនវៀតណាមគ្រវីទង់ជាតិរបស់ពួកគេនៅព្រំដែនកម្ពុជា-វៀតណាមក្នុងដំណើរទស្សនកិច្ចដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។ (REUTERS/Samrang Pring)

សកម្មភាព​វៀតណាម​មិន​រាថយ​ទេក្នុង​ការរៀបចំ​ទីតាំង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​នៅ​តាម​តំបន់​ព្រំដែន​កន្លែង​ដែល​មិនទាន់​ឯកភាព​គ្នា បើ​ទោះជា​មានការ​ជំទាស់​ពី​កម្ពុជា​ជាបន្តបន្ទាប់​ក៏ដោយ។ សកម្មភាព​នេះ​នាំ​ឱ្យ​មាន​ទស្សនៈ​ខ្វែងគ្នា​ក្នុង​សង្គម​ខ្មែរលើ​បញ្ហា​ព្រំដែន​ដែល​ធ្លាប់​មាន​ពីមុន​មកហាក់​កើនឡើង​មួយ​កម្រិត​ទៀត។

កងទ័ព​វៀតណាម​បាន​បោះតង់​ចំនួន២៥៦កន្លែង​នៅ​ក្បែរ​ៗតំបន់​ព្រំដែន ទាំង​កន្លែង​ឯកភាព​គ្នានិង​កន្លែង​ដែល​មិនទាន់​ឯកភាព​គ្នា។ ភាគី​វៀតណាម​អះអាង​ថា ការបង្កើត​ទីតាំង​យោធា​នេះគឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩។

ប៉ុន្តែ​ហេតុផល​របស់​វៀតណាម ​កម្ពុជា​មិន​ទទួលយក​ទេ ហើយ​ទាមទារ​ឱ្យ​រុះរើ​តង់​ទាំងនោះ​ចេញ​វិញ។ រហូតដល់​ថ្ងៃទី១ ខែមិថុនា កម្ពុជា​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា សាកសួរ​រឿង​នេះ ហើយ​នៅតែ​ទាមទារ​ឱ្យ​វៀតណាម​រុះ​តង់​ទាំងនោះ​ចេញ​វិញ​ឱ្យ​បាន​ឆាប់​ ដើម្បី​រៀបចំ​ព្រំដែន​ឱ្យទៅ​ជា​កន្លែង​សន្តិភាព កិច្ច​សហប្រតិបត្តិ​ការ និង​អភិវឌ្ឍន៍។

ជា​លទ្ធផល​ វៀតណាម​មិន​ត្រឹមតែ​មិន​រុះរើ​តាម​ការ​ទាមទារ​របស់​កម្ពុជា​នោះ​ទេ គឺ​នៅ​ថ្ងៃទី២៥ ខែសីហា វៀតណាម​ចាប់ផ្តើម​ដូរ​ពី​ការ​បោះតង់​ទៅជា​សំណង់​រឹង​មាំថែមទៀត ស្ថិតនៅ​ភូមិ​ភូ​វី ឃុំ​កូ​ឡូក ស្រុក​ទិន​ចូវ ខេត្ត​អាងយ៉ាង ទល់នឹង​ភូមិ​-ឃុំ​ក្អម​សំណ ស្រុកលើ​កដែក ខេត្ត​កណ្ដាល។

ការរៀបចំ​ទីតាំង​របស់យោធា​វៀតណាម​នៅ​តាម​ព្រំដែន​នេះ ធ្វើឱ្យគំនិតខ្វែងគ្នានៅក្នុង​សង្គម​ខ្មែរលើ​ស្ថានភាព​ព្រំដែន​ហាក់​កើនឡើង​ថែម​មួយ​កម្រិត​ទៀត។

គំនិត​ពលរដ្ឋខ្មែរ​មួយ​ក្រុម​ទាំង​នៅក្នុងនិង​ក្រៅប្រទេស ចោទ​សកម្មភាព​វៀតណាម​នេះ​ថា ជា​ចេតនា​ឈ្លានពាននិង​ត្រៀមលក្ខណៈ​ឈ្លានពាន​បន្ត។ ក្រុម​នេះ​ទាមទារ​ឱ្យ​មានការ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិឬស្វែងរក​យន្តការ​ដោះស្រាយ​ជា​លក្ខណៈ​អន្តរជាតិ។

ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ចាត់ទុកថា វៀតណាម​កំពុង​ឈ្លានពាន​កម្ពុជា ហើយ​មាន​ផែនការ​យក​ប្រទេស​កម្ពុជា​ទាំងមូល។

លោក​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទទួលខុសត្រូវនិង​ដាក់​បញ្ហា​នេះ​ទៅ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ដោះស្រាយ។

លោក ទូច វិបុល៖ «ជា​លក្ខណៈ​ផ្លូវការ​ យើង​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់ពាក្យ​ជា​ផ្លូវការ​ទៅ​សមាគម​អាស៊ាន ក៏ដូចជា​ធ្វើ​កំណត់ហេតុ​ទៅ​អង្គការសហប្រជាជាតិ​ផង​ដែរ។ រឿង​ទាំងអស់​នេះ​មាន​សារៈសំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​នៅ​ជំហាន​បន្ត»។

ពាក់ព័ន្ធ​ជាមួយ​ករណី​ព្រំដែន ​គឺ​រដ្ឋាភិបាល​បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និងលោក សួង សុភ័​ណ្ឌ​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ទាក់ទង​ការ​អត្ថា​ធិប្បាយ​លើ​ករណី​ព្រំដែន​កម្ពុជា​វៀតណាម ​ត្រង់​ចំណុច​ខេត្ត​ត្បូងឃ្មុំ។ ក្រោយមក​ក៏​មានការ​ចាប់ខ្លួន​យុវជន​ជាបន្តបន្ទាប់​ទៀត​ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន។

ក្រុម​យុវជន​ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ក៏​ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាពទឹកដី​ ដោយ​មិន​មាន​វិធានការ​ច្បាស់លាស់​ករណី​វៀតណាម​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ជាដើម។

ក្រុម​យុវជន​ដែល​គាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ កំពុង​ជម្លៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ ក៏បាន​ថ្លែង​សារ​ថ្កោល​ទោសជាបន្តបន្ទាប់​លើ​ការ​ចាប់ខ្លួន​អ្នករិះគន់​លើ​បញ្ហា​ព្រំដែន និងករណី​វៀតណាម​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា។ យុវជន​ទាំងនោះ​ក៏​ប្រកាស​ពី​ផែនការ​វិល​ចូល​កម្ពុជា​វិញ​ដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ទាក់ទង​ការ​ចាប់ខ្លួន​អ្នករិះគន់​លើ​បញ្ហា​ព្រំដែន។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ក៏​មានការ​កាត់ត​រូបភាព​សកម្មភាព​ដែល​កងទ័ព​កម្ពុជា​កាន់​អាវុធ​ដើរ​បង្ហាញ​តាមផ្លូវ​សាធារណៈ​ជា​ក្បួន​មុន​ថ្លៃ​លោក​ សម រង្ស៊ី ប្រកាស​ចូល​ប្រទេស​វិញ​កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ​ឆ្នាំ២០១៩ និងករណី​កងកម្លាំង​កម្ពុជា​ទៅ​ចរចា​ជាមួយ​កងទ័ព​វៀតណាម​ដោយដៃទទេ ដើម្បី​ស្នើសុំ​ឱ្យ​រុះរើ​តង់។ ដោយ​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ទាំងនោះ​ចោទ​ថា កងកម្លាំង​ទាំងនេះខ្លាំង​បានតែ​ជាមួយ​ខ្មែរ​គ្នាឯងឬអ្នក​តវ៉ា​​ដោយសន្តិវិធី។

សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ថា បញ្ហា​ព្រំដែន​មិន​អាច​ចេះតែ​រិះគន់​ឬអត្ថា​ធិប្បាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ទៅជា​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង។ កាលពី​ថ្ងៃទី១៦ ខែសីហា​ លោក​ព្រមាន​ចាប់ខ្លួន​ទាំងអស់​ចំពោះ​អ្នក​ដែល​បន្ត​រិះគន់​លើ​បញ្ហា​ព្រំដែន។

លោក ហ៊ុន សែន៖ «សូម​ផ្ញើ​សារ​ ចេញ​ប៉ុន្មាន ​ចាប់​ប៉ុណ្ណឹង​! គឺ​ចាប់​ប៉ុណ្ណឹង រឿង​ទល់ដែន​គឺ​អត់​មាន​ឱ្យ​រញ៉េរញ៉ៃ​ទេ។ កុំ​ថារដ្ឋាភិបាល ​ហ៊ុន សែន ​ផ្តាច់​ការ​ នេះ​មិនមែន​ជា​ការ​តស៊ូ​មតិ​ទេ។ អ្នកខ្លះ​ថា នេះ​ជា​ការ​តស៊ូ​មតិ អត់​តស៊ូ​មតិ​ទេ! នេះ​ជា​រឿង​ផ្លូវច្បាប់​សុទ្ធ​សាធ»។

លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​កិច្ចការ​ព្រំដែន​ដោយមាន​អ្នកជំនាញ​ច្បាស់លាស់​ មិន​បណ្តោយ​ឱ្យ​ភាគី​កម្ពុជា​ខាតបង់​នោះ​ទេ។

ទោះជា​លោកនាយក​រដ្ឋមន្ត្រី​ព្រមាន​ចាប់ខ្លួនឬមានការ​បកស្រាយ​យ៉ាងណាក៏ដោយ ក៏​សកម្មភាព​នៃ​ការរិះគន់​លើ​បញ្ហា​ព្រំដែន​លើ​បណ្តាញ​សង្គម ​ទាំង​អ្នក​រស់នៅ​ក្នុង​ប្រទេសនិង រស់នៅ​ក្រៅប្រទេស​ នៅតែ​បន្ត​មាន។

ចំពោះ​ការ​អះអាង​របស់​ភាគី​វៀតណាម ​បញ្ជាក់​ថា ដើម្បី​ការពារ​ករណី​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩នោះ​ នៅ​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ដោយ​ចាប់តាំងពី​ការបោះតង់​ចំនួន២៥៦តង់រាប់​ខែ​មក​ហើយ​នោះ វៀតណាម​មិនបាន​បង្ហាញរបាយការណ៍​ករណី​ដែល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ១៩បាន​ប៉ុន្មាន​ករណី​នោះ​ទេ។

ចំពោះ​ការ​រុះរើ​វិញ​ ពេលណា​ច្បាស់លាស់ក៏​ខាង​វៀតណាម​មិនបាន​កំណត់​ដែរ ដោយ​ថា រង់ចាំ​ជំងឺ​កូ​វីដ១៩ឈប់​ឆ្លង​រាលដាល។ ចុះបើ​ការ​ឆ្លង​រាលដាល​នៅ​បន្ត​រាប់​ឆ្នាំ​ទៀត វៀតណាម​នៅតែ​បន្ត​រក្សា​ទីតាំង​យោធា​នេះ​ដដែល​ឬប្រែក្លាយ​ទៅជា​សំណង់​អ្វី​ផ្សេងទៀត​? ចំពោះ​ដំណើរការ​ស្វែងរក​ដំណោះស្រាយគឺ​រយៈពេល២ទៅ៣ខែ​ចុងក្រោយ​នេះ ភាគី​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត ក៏ដូចជាកោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​សាកសួរ​ផ្ទាល់ តែ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

បើ​ករណី​បញ្ហា​ព្រំដែន​​នៅតែ​អូស​បន្លាយ​យូរ​ទៅមុខ​ទៀត អាច​នឹង​នៅតែ​មាន​ឥទ្ធិពល​លើ​ជម្លោះ​ខ្វែងគំនិត​គ្នា​នៅក្នុង​សង្គម​ខ្មែរ កើនឡើង​ខ្លាំង​ដល់កម្រិត​ណាឬថយ​ចុះ​វិញ​នោះ ​មិនទាន់​មាន​អ្នក​អាច​សន្និដ្ឋាន​បាន​នៅឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ