រដ្ឋបាលខេត្តសៀមរាប ទុកពេល១០ថ្ងៃឱ្យប្រជាពលរដ្ឋរុះរើជាបន្ទាន់នូវសំណង់ដែលសង់រំលោភដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារបច្ចេកទេសគណៈកម្មការអន្តរក្រសួងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២៣ ខែកញ្ញា និងបានផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ បានលើកឡើងថា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប នឹងត្រូវចាប់ផ្តើមស្ថាបនានិងកែលម្អនៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពីក្រុមការងារបច្ចេកទេសគណៈកម្មការអន្តរក្រសួងបានចុះសិក្សារួច។
ប៉ុន្តែរដ្ឋបាលខេត្តពិនិត្យឃើញថា មានសំណង់លំនៅដ្ឋាន តូបលក់ដូរ របង និងសំណង់ផ្សេងៗទៀត របស់ប្រជាពលរដ្ឋមួយចំនួនបានសាងសង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដែលរដ្ឋបាលខេត្តបានកំណត់និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចហើយ ចាំបាច់ត្រូវធ្វើការរុះរើជាបន្ទាន់ដើម្បីសម្រួលដល់ការងារស្ថាបនាផ្លូវស្របតាមផែនការបានគ្រោងទុក។
ករណីនេះ រដ្ឋបាលខេត្តជូនដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់សំណង់ទាំងនោះ ចូលរួមសហការរុះរើសំណង់របស់ខ្លួនដោយខ្លួនឯង ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត ដោយមន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនប្រជាពលរដ្ឋចាប់ពីពេលជូនដំណឹងនេះផងដែរ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា៖ «ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្តនឹងចាត់វិធានការរុះរើតាមនីតិវិធីនិងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ»។
តែយ៉ាងណា សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ពុំបានបញ្ជាក់ពីចំនួនសំណង់ដែលសង់រំលោភដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹងសៀមរាបនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែកញ្ញា ផ្លូវចំនួន៣៨ខ្សែនោះមានប្រវែងសរុប១០០គ.ម ត្រូវបានគណៈកម្មការអន្តរក្រសួង ធ្វើការសិក្សានិងអនុវត្ត ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋនិងអ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងនេះក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនានិងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធនិងលើគ្រប់ទិដ្ឋភាព មានជាអាទិ៍ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ»។
កាលពីថ្ងៃទី៤ ខែកញ្ញា រាជរដ្ឋាភិបាលបានប្រកាសបញ្ចេញកញ្ចប់ថវិកាប្រមាណ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍកសាងផ្លូវចំនួន៣៨ខ្សែនៅក្នុងទីរួមខេត្តសៀមរាប ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលក៏បានសម្រេចទម្លាក់ថវិកាជាតិប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុបជាង៨២គីឡូម៉ែត្រ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផងដែរ៕